ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​ចុះ​កិច្ច​ព្រម​ព្រៀង​ទប់​ស្កាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ខណៈ​ជន​ជាតិ​ថៃ​ក្លាយ​ជា​ជន​រង​គ្រោះ​នៅ​កម្ពុជា


រូបឯកសារ៖ ទូរសព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងត្រូវបានរឹបអូសពីជនសង្ស័យឆបោក នៅការិយាល័យអន្តោប្រវេសន៍ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ជាប់ព្រំដែនថៃ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៧។ (Cambodia Immigration Police of the Interior Ministry via AP)
រូបឯកសារ៖ ទូរសព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងត្រូវបានរឹបអូសពីជនសង្ស័យឆបោក នៅការិយាល័យអន្តោប្រវេសន៍ក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ជាប់ព្រំដែនថៃ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៧។ (Cambodia Immigration Police of the Interior Ministry via AP)

ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ បានចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ភាគីថៃ ក្នុង​ការ​រួមគ្នា​បង្រ្កាប​បទ​ល្មើស​បច្ចេក​វិទ្យា​ឆ្លង​ដែន និង​ទប់ស្កាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ស្រប​ពេល​ដែល​ជន​ជាតិ​ថៃ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ល្មើស​ទាំង​នេះ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២​នេះ លោក ​ជា វ៉ាន់ដេត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និ​ង​ទូរ​គមនា​គមន៍ បាន​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​រួមគ្នា​មួយ​ជាមួយ​លោក​ Chaiwut Thanakamanusorn រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​សង្គម​កិច្ច​ឌីជី​ថល​របស់​ប្រទេសថៃ លើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​បច្ចេក​វិទ្យា​ឆ្លង​ដែន និ​ងដោះ​ស្រាយ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​របស់​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍​កម្ពុជា។

កាល​ពី​ខែ​ចុង​ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​បាន​ព្រមព្រៀង​ជា​មួយ​ភាគី​ថៃក្នុង​ការ​សហការ​ទប់​ស្កាត់​និង​បង្ក្រាប​ការ​លេង​ល្បែង និង​ការ​ឆបោក​ប្រាក់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ដោយ​បាន​ឯក​ភាព​គ្នា​លើ​វិធាន​ការ​ចំនួន​បួន​ ​ដែល​រួម​មានការ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​គោល​សម្រាប់​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​តាម​ដាន​ជន​សង្ស័យ ការ​ចែក​រំលែក​ព័ត៌មាន​ពាក់​ព័ន្ធ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​តាម​បណ្តាញ​អ៊ីន​ធឺណិត​(VOIP)​ អាសយ​ដ្ឋាន​អ៊ីនធឺណិត(​IP) និង​កំណត់​ត្រា​ទំនាក់​ទំនង​របស់​ជន​សង្ស័យ ការ​បង្កើត​ក្រុម​បង្ក្រាប​ក្នុង​ប្រទេស​ទាំង​ពីរ និងការ​ដាក់​ចេញ​អនុស្សរណៈ​យោគ​យល់​គ្នា​(MoU)។ នេះ​បើ​តាម​សេចក្តី​រាយ​ការ​ណ៍​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​ចេញ​ផ្សាយ​កាល​ចុង​ខែ​មករា។ ចំណាត់​ការ​របស់​ភាគី​ថៃ​ធ្វើ​ឡើង ស្រប​ពេល​មាន​សេចក្តី​រាយ​ការណ៍​ថា​ប្រជាជន​ថៃ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទឹក​ដី​កម្ពុជា ក្នុង​ប្រព័ន្ធ​ឆបោក​តាម​បច្ចេកវិទ្យា។ ជន​រង​គ្រោះ​ជា​ជន​ជាតិ​ថៃ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​កម្ពុជា។

លោក Chaiwut ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​សង្គម​កិច្ច​ឌីជី​ថល​របស់​ប្រទេសថៃ ត្រូវ​បាន​សារព័ត៌មាន​បាង​កក​ប៉ុស្តិ៍​ដក​ស្រង់​សម្តីកាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២២​ថា៖ «ទីតាំង​ប្រតិបត្តិ​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​គេ​តាម​ដាន​ឃើញ​ថា​កើត​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះ​សីហនុ​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​កន្លែង​លាង​លុយ ដោយ​ផ្លាស់​ប្តូរ​ទៅ​ជា​រូបិយ​បណ្ណ​រូប​វន្ត និង​ឌីជីថល»។

លោក Chaiwut ​បាន​អះអាង​ថា​ជន​រងគ្រោះ​នៅ​ប្រទេស​ថៃ​បាន​ខាត​បង់​លុយ​រាប់​រយ​លាន​បាត​ក្នុង​ទម្រង់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ ការ​វិនិ​យោគ ​និង​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។

លោក ជា ពៅ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចុះ​អនុស្ស​រណៈ​រវាងក្រសួង​ប្រៃស​ណីយ៍​កម្ពុជា និងភាគីថៃ​នេះ គឺ​មិន​ទាន់​មាន​ភាគី​ណា​ទាក់​ទង​ប្រាប់នាយក​ដ្ឋាន​របស់​លោក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា​ការ​ចាញ់​បោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ក្នុង​ប្រទេស​កម្ពុជា គឺ​មានច្រើ​ន ព្រោះកម្ពុជា​មិន​មែន​ជា​អ្នក​បង្កើតអ៊ីន​ធឺណិត​ដោយ​ខ្លួន​ឯង​នោះ​ទេ។

លោក​បន្ថែម​ថា​ភាគ​ច្រើន​នៃ​អ្នក​ចាញ់​បោកតាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ គឺ​ដោយ​សារ​តែ​ការ​លោភ​លន់ ក្រោម​រូប​ភាព​ទិញ​អីវ៉ាន់ ការ​ចាយ​លុយ​តាម​ធនាគារ និង​ត្រូវ​រង្វាន់​ជា​ដើម។

លោក​ថ្លែង​ថា៖ «បទ​ល្មើស​ហ្នឹង​ច្រើន​ដែរ​ ភាគ​ច្រើន​អ្នក​ណា​ដែល​លោភ​លន់​ហ្នឹង​ត្រូវ​បាន​គេ​បោក​ហើយ»។ លោក​បន្ថែម​ថា៖ «​ឱ្យ​តែ​ប្រើ​អ៊ីន​ធឺ​ណិត​ អី្វ​ក៏​ឆ​បោក​ឆ្លង​ដែនឥឡូវ ព្រោះ​អ៊ីនធឺ​ណិត​ស្រុក​យើង​មិន​មែន​ជា​អ្នក​បង្កើត​ឯ​ណា យើង​ទិញ​ពី​គេ​ដែរ​ហ្នឹង។ អ៊ីចឹង​ ឆ្លង​ពី[​ប្រទេស​]​គេ​មក​បន្តិច គឺ​ឆ្លង​ដែន​ហើយ»។

លោក ឆាយ គឹម​ខឿន អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ស្នើ​ទៅ​សួរ​ខាង​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​វិញ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សូ វិ​សុទ្ធី រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និងទូរ​គមនា​គមន៍​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ វីអូអេ​ក៏មិន​ទាន់ទទួល​បាន​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីម៉ែល​បាន​ដែរ។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​កត់​សម្គាល់​ឃើញ​ថា បទ​ល្មើស​បច្ចេក​វិទ្យា​ឆ្លង​ដែន ​និ​ង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ក្នុង​ប្រទេសកម្ពុជា ​ច្រើន​កើត​ក្នុង​រូប​ភាព​ដូច​ជាការ​ចាប់​ជំរិត​ប្រាក់ បទ​ឧក្រិដ្ឋ​ធំ​ៗ ការ​រំលោភ​បំពាន និង​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ជា​ការ​ព្រួយ​បារម្ភ និង​ទាម​ទារ​ឱ្យ​មាន​ការ​ទប់​ស្កាត់ និង​អនុវត្ត​ច្បាប់ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បីកុំ​ឱ្យ​ប៉ះ​ពាល់​សន្តិ​សុខ​សង្គម​ជាតិ និងការ​បន្ត​កើន​ឡើង​នៃ​ជន​រង​គ្រោះ​ជា​បន្ត​ប​ន្ទាប់ទៀត។

លោក​ថ្លែង​ថា​៖ ​«វា​ទាល់​តែមាន​ការ​អនុវត្ត​រវាង​ភាគី​ទាំង​ពីរ​ឱ្យ​មាន​ប្រសិទ្ធភាព​ ហើយ​ក៏​ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​ដែរ។ ហើយ​ជា​ពិសេស​ជំរុញ​ក្នុង​កិច្ចការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ»។

លោក​ ប៉ិច​ ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា ប្រាប់​វីអូអេ​ថា​បទ​ល្មើស​បច្ចេក​វិទ្យា​ឆ្លង​ដែន ​និ​ង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ភាគច្រើន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ណា​ដែល​មា​នប្រព័ន្ធ​ច្បាប់ ​ឬ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោ​យ ដែល​អាច​ឱ្យ​ជន​ល្មើស​អាច​គេច​ខ្លួន​បា​ន​យ៉ាង​ស្រួល នៅ​ពេល​មាន​បញ្ហា។

លោក​បន្តថា​បទ​ល្មើស​ទាំង​អស់​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ប្រជា​ជន​កម្ពុជា​ និង​ប្រជាជន​រស់នៅ​ក្នុង​តំបន់អាស៊ាន​យ៉ាង​ខ្លាំង​ ព្រោះ​តែ​គម្រោង​ឆបោក​ជា​លក្ខណៈ​អន្តរ​ជាតិ ឬ​ការវិនិ​យោគ​មិន​មាន​ប្រភព​ និ​ង​មិន​មាន​យន្ត​ការ​ច្បាស់​លាស់​ក្នុង​ការ​គ្រប់​គ្រង។

លោក​ថ្លែង​ថា៖ «យើង​បាន​ឃើញ​ហើយ​បទ​ល្មើស​ឆបោក មាន​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា ហើយ​ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​អាស៊ាន​ ពី​សាមី​ប្រទេស​ដែល​ក្រុម​ទាំង​នោះ​ធ្វើ​ការ​ ឬ​ក៏​ប្រជា​ពល​រដ្ឋ​ខ្មែរ​តែ​ម្តង។ ការ​បាត់​បង់​ផ្នែក​សេដ្ឋ​កិច្ច គឺធំធេង​ណាស់។ ខ្ញុំ​ឃើញ​ប្រជា​ពល​រដ្ឋ​ខ្លះ​ជំពាក់​បំណុល​វ័ណ្ឌ​ក ហ្នឹង​គឺ​ដោយ​សារ​ការ​ចូល​រួម​ការ​វិនិ​យោគ​ឆបោក​ទាំង​នោះ»។

លោក​បន្ថែមថា​៖ ​«ហើយ​ផល​ប៉ះ​ពាល់​មួយ​ទៀត​ ជា​ធម្មតា ​គម្រោង​ឆបោក​ ច្រើន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​លាង​លុយ​ ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស​ គ្រឿង​ញៀន​ជាដើម។ អ៊ីចឹង​បទ​ល្មើស​ទាំង​នោះ ជួន​កាល​យើង​ឃើញ​តែ​មួយ​ទេ តែ​តាម​ពិត​ គឺ​ជា​ប្រព័ន្ធ​នៃ​ប្រតិបត្តិ​ការ​រក​ស៊ី​ខុស​ច្បាប់​ជា​ប្រព័ន្ធ​តែ​ម្តង»។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាលអនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាពក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ទាំង​នោះ​ ដើម្បី​អាច​បង្កើត​បរិយា​កាស​វិនិ​យោគ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរឡើង ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ស្អាត​ស្អំ​មក​ជំនួស​វិញ។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ​មាន​សេចក្តី​រាយ​ការណ៍​ថា​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​គេ​ហៅ​ថា ​Scam​ ដោយ​ប្រើប្រាស់​កម្លាំង​បរទេស​ ក្នុង​នោះ​មាន​ជនជាតិ​ថៃ ​និង​ចិន ធ្វើ​ការ​នៅ​តាម​អគារ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឲ្យ​មាន​សេរីភាព​ ការ​ធ្វើ​ទារុណកម្ម​និងការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ប្រើ​ប្រាស់​ក្នុង​ការងារ​ដែល​ជា​ញឹក​ញាប់​ទាក់​ទង​នឹង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ដែល​ដាក់​គោល​ដៅ​លើ​ជន​បរទេស​រស់​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២២។ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​ករណី​នេះ៕

XS
SM
MD
LG