ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​សហការ​ជាមួយ​កម្ពុជា​ពិនិត្យ​មើល​ករណី​ជន​រង​គ្រោះ​រាយការណ៍​អំពី​ការ​បង្ខាំង​ជន​ជាតិ​ថៃ​នៅ​កម្ពុជា


រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញពី​មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)
រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញពី​មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)

មន្រ្តី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​កម្ពុជា​បាន​សហការ​ជាមួយ​នគរបាល​ថៃ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ចុះ​ពិនិត្យ​មើល​កន្លែង​មួយ​ចំនួន​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​ ឃុំ​ឃាំង​ជន​ជាតិ​ថៃ​នៅ​ក្នុង​អគារ​ ដែល​រក​ស៊ី​តាម​អនឡាញ។​

មន្រ្តី​កម្ពុជា​អះអាង​ថា ​ជន​ជាតិ​ថៃ​ជាង​៦០​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​សាកសួរ​ ហើយ​រក​ឃើញ​ថា​ ពួក​គេ​មក​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​រាជធានី​ភ្នំពេញ។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​នគរបាល​ជាតិ​កម្ពុជា​ លោក​ ឆាយ គឹមខឿន។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ជនជាតិ​ថៃ​ប្រមាណ​ជាង ​៦០​នាក់​នោះ​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់ ​ហើយ​ចាញ់​បោក​មេ​ខ្យល់ ​រហូត​ប្រកាស​ស្វែង​រក​ជំនួយ​ពី​អាជ្ញាធរ​ថៃ។ លោក​បន្ថែម​ថា​ ការ​ចុះ​ត្រួត​ពិនិត្យ​អគារ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយសារ​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ថៃ ​ដែល​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ជនជាតិ​ខ្លួន​ធ្វើ​ការ​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «យើង​បាន​រក​ឃើញ​ពួក​គាត់ ​និង​បាន​រៀបចំ​បែបបទ​សហការ​ព្រោះ​ថៃ​គាត់​មាន​បញ្ជី​ឈ្មោះ​របស់​គាត់។​គាត់​សុំ​សហការ។ ​ យើង​ក៏​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ពួក​គាត់​សុទ្ធ​តែ​ឆ្លៀត​ចូល​មក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់។​យើង​ចាប់​ឃាត់​ពួក​គាត់ អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍ ​ហើយ​យើង​បញ្ជូន​ចេញ​ទៅ​ថៃ​វិញ»។​

បើ​តាម​លោក​ ឆាយ គឹមខឿន ​ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ​ អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​ ៦៦​នាក់​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ហើយ​ក្នុង​នោះ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ចំនួន​៣១​នាក់។​

រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញពី មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)
រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញពី មេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។ (Thai Police/ Handout via REUTERS)

មន្រ្តី​នគរបាល​ជាន់​ខ្ពស់​រូប​នេះ​បន្ថែម​ថា​ភាគ​ច្រើន​នៃ​ជន​ជាតិ​ថៃ​នោះ​មក​ធ្វើ​ការ​នៅ​កាស៊ីណូ ​និង​ក្រុមហ៊ុន​ដែល​មាន​ប្រតិបត្តិ​ការ​តាម​ប្រព័ន្ធ​អនឡាញ ​និង​បាន​ស្នើ​សុំ​អន្តរាគមន៍​ នៅ​ពេល​ដឹង​ថា​ខ្លួន​ចាញ់​បោក​មេ​ខ្យល់ ​ បើ​ទោះ​បី​ជា​ពួកគេ​បាន​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​កាល​ពី​ដំបូង​ឡើយ​ក៏ដោយ។​

លោក​បន្ថែម​ថា៖ ​«គាត់​មក​ខុស​ច្បាប់​ហើយ​ គាត់​ថា​ គេ​ចាប់​ជំរិត​គាត់។​វា​ជា​រឿង​កំហុស​របស់​គាត់​ទេ។​ហើយ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ភាគី​ថៃ​ថា​ពិត។ ​ អ្នក​ខ្លះ​ចាញ់​បោក​គេ ​ ដោយ​សារ​ការ​លួង​លោម ​ប្រាក់​ខែ​ ប្រាក់​អី​អ៊ីចឹង។ ​ តែ​មួយ​ចំនួន​ទៀត​គាត់​ដឹង​ថា​គាត់​មក​ខុស​ច្បាប់​តែ​គាត់​នៅ​តែ​ប្រព្រឹត្ត​ដើម្បី​ចង់​បាន​ប្រាក់​ខែ​ខ្ពស់​អី​អ៊ីចឹង។​តែ​បែរ​ជា​ខុស​បំណង ហើយ​រក​អ្នកណា​ជួយ​មិន​បាន​គាត់​បាន​ប្តឹង​ទៅ​ទូត​ហើយ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថ​កិច្ច​ថៃ​ថា គេ​ចាប់​គាត់​មក​ស្រុក​ខ្មែរ។​រឿង​វា​អញ្ចេះ»។​

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ លោក ​ជួន ណារិន្ទ ​ថ្លែង​នៅ​ថ្ងៃ​ពុធ​ថា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាជ្ញាធរ​កម្ពុជា ​និង​ថៃ​ ចុះ​ពិនិត្យ​អគារ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​មិន​ផ្តោត​លើ​ការ​បង្រ្កាប​បទ​ឧក្រិដ្ឋ​ឆបោក​ណា​មួយ​ដែល​កើត​ឡើង​លើ​ទឹកដី​កម្ពុជា​ឡើយ ​ ប៉ុន្តែ​មាន​គោល​បំណង​សម្រប​សម្រួល​ ដើម្បី​ឲ្យ​ជនជាតិ​ថៃ​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​ មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ​អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បាន។​

លោក​ថ្លែង​ថា៖ ​«មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​បង្រ្កាប​ជន​ឆបោក​ណា ​ទេ។ ​ ហើយ​ករណី​ដែល​យើង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជនជាតិ​ថៃ​ ដែល​គាត់​ចូល​មក​ធ្វើការ​ដោយ​ខុស​ច្បាប់ ​ ហើយ​គាត់​ថា​ មាន​ការ​ស្ម័គ្រ​ចិត្ត​ចង់​ទៅ​ វិល​ទៅ​ប្រទេស​វិញ​ គឺ​យើង​បាន​សហការ​ជាមួយ​នគរបាល​ថៃ​ដើម្បី​បញ្ជូន​ទៅ​ភ្នំពេញ ​ឬ​យក​ទៅ​ថៃ»។​

វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

ចំណែក​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​របស់​នគរបាល​ថៃ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា​មាន​ការ​សហការ​គ្នា​រវាង​នគរបាល​ថៃ​និង​កម្ពុជា​ ដើម្បី​ជួយ​ជនជាតិ​ថៃ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​មេ​ខ្យល់​បោក​បញ្ឆោត ​និង​បង្ខំ​ឲ្យ​ធ្វើការ​ឲ្យ​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​ទូរសព្ទ​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​ក្រុង​ភ្នំពេញ។ ព័ត៌មាន​ខាង​លើ​អះអាង​ថា​ក្នុង​ ប្រតិបត្តិ​ការ​ប៉ូលិសកាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​មេសា​ប៉ូលិស​ថៃ​បាន​ចុះ​ពិនិត្យ​អគារ​កម្ពស់​១០​ជាន់​មួយ​ ក្នុង​សង្កាត់​៤ ​ខេត្ត​ព្រះសីហនុ។ ​ ហើយ​របាយ​ការណ៍​ប៉ូលិស​ថៃ​បាន​លើក​ឡើង​ថា​ ជនជាតិ​ថៃ​ចំនួន​២៤​នាក់ ​ត្រូវ​បាន​ជួយ​សង្រ្គោះ​នៅ​ក្នុង​ប្រតិបត្តិការ​នោះ។​បើ​តាម​គេហ​ទំព័រ​នោះ​មាន​ករណី​ចុះ​ត្រួត​ពិនិត្យ​អគារ​ចំនួន​ពីរ​នៅ​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ​ផង​ដែរ​ ប៉ុន្តែ​ប៉ូលិស​បាន​អះអាង​ថា ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​ទូរសព្ទ​បាន​រត់​គេច​ខ្លួន​អស់​ មុន​ពេល​អាជ្ញាធរ​បាន​ទៅ​ដល់​ ដោយ​បន្សល់​ទុក​តុ ​កៅអី ​និង​ឯកសារ​មួយ​ចំនួន​ប៉ុណ្ណោះ។​

បើ​តាម​គេហ​ទំព័រ ​នោះ ​នគរបាល​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ជនជាតិ​ថៃ​ប្រមាណ​១.៥០០​នាក់ ​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​នានា​នៅ​កម្ពុជា ​ដែល​មាន​ប្រភព​នៅ​តាម​សណ្ឋាគារ ​អគារ​ស្នាក់​នៅ​ ឬ​អគារ​បោះ​បង់​ចោល​ផ្សេងៗ។​

គួរ​បញ្ជាក់​ថា ​ កាល​ពី​កន្លង​ទៅ​មាន​សេចក្តី​រាយ​ការណ៍​ថា​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោកបញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​គេហៅ​ថា ​Scam​ ដោយ​ប្រើប្រាស់​កម្លាំង​បរទេស​ ក្នុង​នោះ​មាន​ជនជាតិ​ថៃ ​និង​ចិន​ ធ្វើ​ការ​នៅ​តាម​អគារ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឲ្យ​មាន​សេរីភាព​ ការ​ធ្វើ​ទារុណ​កម្ម​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ប្រើ​ប្រាស់​ក្នុង​ការងារ​ដែល​ជា​ញឹក​ញាប់​ទាក់​ទង​នឹង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ដាក់​គោល​ដៅ​លើ​ជន​បរទេស​រស់​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា។ ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២២។ ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​ករណី​នេះ។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ បាន​និយាយ​ថា​ប្រសិន​បើ​មាន​ករណី​នាំ​ខ្លួន​ដោយ​មេ​ខ្យល់​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ពិត​មែន​នោះ នោះ​ការ​ឃាត់ខ្លួន​ជន​ជាតិ​ថៃ​ក្នុង​ករណី​ខាង​លើ ​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ជួញដូរ​មនុស្ស​ឆ្លង​ដែន។​ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ជន​ពាក់​ព័ន្ធ​ទាំង​អស់។​

លោក​ថ្លែង​ថា៖ ​«ករណី​នេះ​វា​អាច​ពាក់ព័ន្ធ​ជាមួយ​ជន​ជាតិ​ថៃ​ដូចជា​អ្នក​ពាក់ព័ន្ធ​ខ្លះ​ដែល​ជា​កម្ពុជា​យើង​... ​ជន​របស់​កម្ពុជា។​ អ៊ីចឹង​កិច្ច​សហការ​នេះ​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​តែ​បង្រ្កាប​ ឬ​ក៏​តាម​ចាប់​ ទៅ​ដល់​អ្នក​ដែល​ចរាចរ​មនុស្ស​ ឬ​ក៏​ធ្វើការ​ជួញដូរ​មនុស្ស​ហ្នឹង​ណា៎»។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​អ្នក​ស្រី ជូ ប៊ុនអេង ​និយាយ​ថា ​ បទ​ឧក្រិដ្ឋ​ជួញ​ដូរ​មនុស្ស​ក្រោម​សណ្ឋាន​ជា​ការ​នាំ​ជន​បរទេស​មក​ជួញដូរ​នៅ​កម្ពុជា​ គឺ​ជា​បញ្ហា​ចោទ​ថ្មី​មួយ​ គួប​ផ្សំ​លើ​ការ​ជួញដូរ​មនុស្ស​ក្រោម​រូបភាព​ដទៃ​ផ្សេង​ទៀត។​អ្នកស្រី​បន្ថែម​ថា​ ករណី​ចាប់​បង្ខាំង ​ឬ​បង្ខំ​ឲ្យ​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​នៅ​កម្ពុជា​ជា​រឿង​ស្មុគ​ស្មាញ​មួយ ​ពាក់ព័ន្ធ​នឹង​មេខ្យល់​ និង​ជន​រងគ្រោះ។​

អ្នកស្រី​ថ្លែង​ថា៖​ «នៅ​ក្នុង​ករណី​ចាប់​បង្ខាំង​ហ្នឹង​វា​ពិបាក​យល់​ដែរ​ព្រោះ​នៅ​ពេល​ខ្លះ​ យើង​រក​ឃើញ​ថា​មិន​មាន​ជា​ការ​ចាប់​បង្ខាំង​ដោយ​គាត់​គ្មាន​សេរីភាព​ចេញ​ទៅ​ណា​សោះ​ទេ។ ​ ប៉ុន្តែ​រឿង​សំខាន់​គឺ​ គាត់​មិន​បាន​ទទួល​លទ្ធផល​តាម​អ្វី​ដែល​គាត់​រំពឹង​ទុក។ ​ វា​មិន​ខុស​អ្វី​ពី​ជនជាតិ​កម្ពុជា​ដែល​ទៅ​ក្រៅ​ទេ ​គឺ​ដូចគ្នា។​មាន​ន័យ​ថា​នៅ​ពេល​មាន​បញ្ហា​ គឺ​ពួក​គាត់​នេះ​ ច្រើន​តែ​ជា​អ្នក​មិន​ទទួល​បាន​ផល​ប្រយោជន៍​ តាម​ការ​សន្យា​របស់​មេខ្យល់»។ ​

បើ​តាម​អ្នកស្រី​ ជូ ប៊ុនអេង ​ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​បាន​៣៥៩​ ករណី​នៅ​ឆ្នាំ​២០២១ ​ដែល​ជា​កំណើន​ជាង​ពីរ​ដង​ពី​ចំនួន​១៥៥​ករណី​នៅ​ឆ្នាំ​២០២០៕

XS
SM
MD
LG