បន្ទាប់ពីការស៊ើបអង្កេតអស់ពេល២២ខែ កាលពីថ្ងៃព្រហស្សតិ៍នេះ សាធារណជន និងសភាអាមេរិក នៅទីបំផុត បានឃើញរបាយការណ៍របស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការលូកលាន់របស់រុស្ស៊ីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦។
របាយការណ៍នេះមិនបានរកឃើញភស្តុតាងណាមួយទាក់ទងនឹងការឃុបឃិតគ្នារវាងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ និងប្រទេសរុស្ស៊ីទេ ក៏ប៉ុន្តែលោក Mueller និងក្រុមការងាររបស់លោក មិនអាចសម្រេចថាតើលោកប្រធានាធិបតី បានព្យាយាមរារាំងដំណើរការស្វែងរកយុត្តិធម៌ ឬទេនោះ។ សមាជិកនៃគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនោះ បានឆក់យកការបង្ហាញក្នុងរបាយការណ៍ អំពីបញ្ហារារាំងនេះដើម្បីរុញច្រានឲ្យមានការស៊ើបអង្កេតក្នុងសភាបន្ថែមទៀត។
នៅឯសេតវិមាន លោកប្រធានាធិបតី ត្រាំ សប្បាយចិត្តក្រោយពីការបញ្ចេញរបាយការណ៍របស់លោក Mueller ដោយលោកថ្លែងថា៖ «ខ្ញុំក៏សប្បាយរីករាយដែរនៅថ្ងៃនេះ។ របាយការណ៍នេះសន្មត់ថាគ្មានការឃុបឃិត គ្មានការរារាំង។ និយាយអញ្ចឹង គឺមិនដែលមានសោះ ហើយនឹងគ្មានទាល់តែសោះ»។
ប៉ុន្តែរបាយការណ៍របស់លោក Mueller បានរៀបរាប់ផ្សេងពីនេះ ទាក់ទងនឹងសំណួរថាតើមានការរារាំងដល់ការស្វែងរកយុត្តិធម៌ ដោយបានរៀបរាប់លម្អិតអំពីព្រឹត្តិការណ៍ជាច្រើនដែលលោកប្រធានាធិបតី បានព្យាយាមជះឥទ្ធិពលលើការស៊ើបអង្កេត។
មានគ្រាមួយនោះ លោក ត្រាំ បានបញ្ជាឲ្យអតីតមេធាវីសេតវិមាន លោក Don McGahn បណ្តេញលោករដ្ឋអាជ្ញាពិសេស Robert Mueller។ នេះបើតាមសម្តីរបស់លោក Chad Day នៃទីភ្នាក់ងារព័ត៌មាន Associated Press។
លោកថ្លែងថា៖ «ហើយលោក McGahn បានប្រកែកមិនព្រមធ្វើតាម ប៉ុន្តែរឿងនេះបង្ហាញនូវវិធីដែលលោកប្រធានាធិបតីយល់ឃើញថា ការស៊ើបអង្កេតនោះអាចបញ្ចប់តំណែងប្រធានាធិបតីរបស់លោក និងជារឿងដែលអាចគំរាមកំហែងដល់អំណាចរបស់លោក។ ហើយរបាយការណ៍បានដកស្រង់សម្តីរបស់លោកអំពីរឿងនេះដែរ។
របាយការណ៍នេះពិពណ៌នាការទាក់ទងគ្នាជាច្រើនលើកច្រើនសាររវាងក្រុមយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ និងពួករុស្ស៊ីក្នុងឆ្នាំ២០១៦ ប៉ុន្តែបានសន្មត់ថា ខ្វះភស្តុតាងដែលបង្ហាញអំពីការឃុបឃិតដោយខុសច្បាប់ រវាងយុទ្ធនាការរកសំឡេងឆ្នោត និងរុស្ស៊ី។
ប៉ុន្តែលោក Mueller មិនបានសម្រេចថាតើលោកប្រធានាធិបតីបានព្យាយាមរារាំងដល់ការស្វែងរកយុត្តិធម៌ទេ។ របាយការណ៍នោះមិនបានសន្មត់ថា លោក ត្រាំ បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទេ ប៉ុន្តែក៏មិនបាននិយាយថាលោករួចខ្លួនដែរ។
នៅទីបញ្ចប់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ជាអ្នកសម្រេចថា ភស្តុតាងទាក់ទងនឹងការរារាំងដំណើរការស៊ើបអង្កេតមិនមានគ្រប់គ្រាន់ដើម្បីអនុញាតឲ្យមានវិធានការណ៍តាមផ្លូវច្បាប់ជាបន្តទេ។
លោកថ្លែងថា៖ «ក្រៅពីថាតើសកម្មភាពទាំងនោះជាការរារាំងឬអត់នោះ ភស្តុតាងអំពីគោលបំណងល្អ មានច្រើនជាងការចោទប្រកាន់ថាលោកប្រធានាធិបតីមានគោលបំណងអាក្រក់ ដើម្បីរារាំងដល់ការស៊ើបអង្កេត»។
សមាជិកគណបក្សប្រជាធិបតេយ្យខ្វល់ខ្វាយអំពីការរៀបរាប់យ៉ាងលម្អិត អំពីលទ្ធភាពនៃការរារាំងរបស់ប្រធានាធិបតី ហើយបានប្តេជ្ញាយ៉ាងឆាប់រហ័សថា នឹងធ្វើការស៊ើបអង្កេតថែមទៀត។
ប្រធានគណៈកម្មាធិការរដ្ឋសភា ទទួលបន្ទុកកិច្ចការក្រសួងយុត្តិធម៌ បានថ្លែងថា៖ «លោករដ្ឋអាជ្ញាពិសេសបានបញ្ជាក់យ៉ាងច្បាស់លាស់ថា លោកមិននិយាយថាលោកត្រាំរួចខ្លួនទេ ហើយថាការទទួលបន្ទុកអំពីរឿងនេះ ឥឡូវធ្លាក់ក្នុងដៃរបស់សភា ដើម្បីធ្វើឲ្យលោកប្រធានាធិបតីទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក។ សភាចាំបាច់ទទួលបានរបាយការណ៍ទាំងស្រុងដែលគ្មានការលុបចោល ព្រមទាំងភស្តុតាងទាំងឡាយដែលលោក Mueller បានរកឃើញ»។
សំណួរដែលនៅមានជាបន្តទាក់ទងនឹងការរារាំងរបស់លោកប្រធានាធិបតី អាចធ្វើឲ្យមានការបាត់បង់ជំនឿលើសេតវិមានក្រោមការដឹកនាំរបស់លោក ត្រាំ។ នេះបើតាមការយល់ឃើញរបស់អ្នកវិភាគច្បាប់ លោក David Abraham។
លោកថ្លែងថា៖ «ខ្ញុំមិនច្បាស់ថាការរកឃើញទាំងប៉ុន្មានជាជោគជ័យមួយសម្រាប់លោកប្រធានាធិបតីនោះទេ។ ប៉ុន្តែការអះអាងទាំងនោះ ផ្ទុយពីការរកឃើញពាក់ព័ន្ធនឹងប្រសិទ្ធិភាពរបស់ការជ្រៀតជ្រែករបស់រុស្ស៊ី និងអំពីជម្រៅនៃកិច្ចប្រឹងប្រែងរារាំងរបស់សេតវិមាន រាប់តាំងពីលោកប្រធានាធិបតី និងពួកអ្នកនៅក្រោមលោក។
រឿងចម្រូងចម្រាសដែលនៅមានជាបន្តលើរបាយការណ៍របស់លោក Mueller ប្រហែលជាអាចនាំឲ្យមានការជជែកដេញដោលគ្នាខាងផ្លូវច្បាប់និងផ្លូវនយោបាយ អំពីសកម្មភាពរបស់លោក ត្រាំ អូសបន្លាយជាបន្តគ្មានថ្ងៃបញ្ចប់។ នេះបើតាមការយល់ឃើញរបស់អ្នកជំនាញនយោបាយលោក Bill Sweeney។
លោកថ្លែងថា៖ «បើសិនជារឿងនេះអូសបន្លាយរាប់សប្តាហ៍ និងរាប់ខែនោះ វានឹងជាបញ្ហាបែកបាក់មួយទៀតក្នុងប្រទេសមួយ ដែលមានការបែកបាក់យ៉ាងខ្លាំងជាស្រេចរួចទៅហើយនោះ»។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ត្រូវបានសភាអញ្ជើញឲ្យមកធ្វើសក្ខីកម្មនៅចំពោះមុខសភា នៅខែក្រោយ ហើយសមាជិកគណបក្សប្រជាធិបតេយ្យក៏ចង់ស្តាប់លោករដ្ឋអាជ្ញាពិសេស Mueller នៅពេលឆាប់ៗខាងមុខនេះផងដែរ៕
ប្រែសម្រួលដោយ ប៉ូច រាសី