ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់​ញាតិ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​​ទទូចសុំ​ឱ្យ​​តុលាការ​សាលា​ឧទ្ធរណ៍ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​«មាន​ជាប់​ហេតុ​ផល​នយោបាយ»


រូបឯកសារ៖ អ្នកទោសត្រូវបានដឹកតាមរថយន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។ អ្នក​ទាំង​នោះ ដែល​​រួម​មាន​ទាំង​​ថ្នាក់ដឹកនាំ​​គណបក្ស​សង្គ្រោះជាតិដែល​និរទេស​ខ្លួន​ផង ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល ១០ ឆ្នាំ ចំពោះ​បទចោទ​ក្បត់ជាតិ​ និង​បទចោទ​ផ្សេងទៀត។
រូបឯកសារ៖ អ្នកទោសត្រូវបានដឹកតាមរថយន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។ អ្នក​ទាំង​នោះ ដែល​​រួម​មាន​ទាំង​​ថ្នាក់ដឹកនាំ​​គណបក្ស​សង្គ្រោះជាតិដែល​និរទេស​ខ្លួន​ផង ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល ១០ ឆ្នាំ ចំពោះ​បទចោទ​ក្បត់ជាតិ​ និង​បទចោទ​ផ្សេងទៀត។

​ក្រុម​គ្រួសារ​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ ​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សាច់​ញាតិ​របស់​ផង​ខ្លួន​ចំនួន​យ៉ាង​ហោច​ណាស់​១៣​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ និង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព។

ការ​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ កើត​មាន​ឡើង​ មុន​ពេល​ដែល​សាច់​ញាតិ​របស់​ពួកគេ​នឹង​ត្រូវ​ចូល​រួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​ ទី​១៦​ ខែ​សីហា​នេះ។​

កូន​ប្រុស​ច្បង​របស់​អតីត​សមាជិក​ក្រុម​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ​លោក ស៊ុន ធន់ ​គឺ​ លោក ធន់ ធានី ​អាយុ​៣០​ឆ្នាំ​ ចង់​ឃើញ​តុលាការ​នៅ​សាលាឧទ្ធរណ៍​ធ្វើ​ការ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ​និង​ឈរ​នៅ​កណ្តាលពេល​ជម្រះ​ក្តី​ ហើយ​លោក​សង្ឃឹម​ថា​ តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ឳពុក​ដែល​មាន​វ័យ​ចំណាស់ ​និង​មាន​ជំងឺ​ប្រចាំ​កាយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា​ តុលាការ​គួរតែ​មាន​ការ​យោគ​យល់​សន្តោស​ប្រណី​ពួក​គាត់​[អតីត​សកម្ម​ជន]​ខ្លះ​ផង​ ដោយ​សារតែ​ពួក​គាត់​មាន​វ័យចាស់ៗ​អស់​ហើយ​ ហើយ​គាត់​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេងៗ មិន​អាច​បន្ត​ការ​ឃុំ​ខ្លួន​ទៅ​លើ​ពួក​គាត់​ទាំង​អស់​នេះ​បាន​ទៀត​ទេ។ ​ ហើយ​ខ្ញុំសូម​ស្នើ​ឱ្យ​រដ្ឋាភិបាលគួរ​តែ​គិត​គូរ​មាន​ការ​ផ្លាស់​ប្តូរ​មន្ត្រី​បក្ស​ដោយ​[បម្រើ​តែ]​បក្ស​ទៅ​[ចំណែក]​មន្ត្រី​តុលាការ​ឱ្យ​គាត់​មាន​ភាព​ឯករាជ្យ​ មិនមែន​ជា​មនុស្ស​របស់​បក្ស​អ៊ី​ចឹង​ទៅ»។​ ​

លោក​បន្ថែម​ថា៖​«ព្រោះ​សូម​កុំ​ឱ្យ​មាន​ពាក្យ​ គេ​និយាយ​ថា​ មាន​ស្តង់ដារ​២​ [គឺ]​មន្ត្រី​ខ្សែ​ស្រឡាយ​បក្ស​ពួក​របស់​គេ​គឺ​មាន​ការ​នៅ​ក្រៅ​ឃុំ ​ដូច​អ្នក​ជំនួញ​ថ្នាំញៀន​ដែល​គេ​ចាប់​បាន​ហ្នឹង​ដេក​ពេទ្យ​ក្រៅ​បាន​អ៊ីចឹង​ទៅ។​ អា​ឯង​អ្នក​ទោស​នយោបាយ​ក្រុម​ប្រឆាំង​ហ្នឹង​គឺ​ត្រូវ​បាន​គេបិទ​សិទ្ធិ​សេរីភាព​ ទាល់​មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​គេ​បញ្ជូន​ចេញ​មក​ក្រៅ​ជា​ដើម»។​

អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​នាក់​ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​តែ​មួយ​ពី​បទ​ «ញុះញង់​ និង​រួម​គំនិត​ក្បត់»​ រួមមាន​ លោក ​ឆុន ប៊ុនឆាត​ លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ស៊ុន ធន់​ លោក​ ឡុង ផារី​ លោក​ ពៀត​ ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន។ ​ សំណុំរឿង​នេះ​ ​មាន​ជាប់​ទាក់ទង​នឹង​ផែន​ការ​មាតុ​ភូមិនិវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​សម​ រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩ ​និង​ចលនា​សង្គ្រោះ​ជាតិ។​

កូន​ប្រុស​របស់​អតីត​ប្រធាន​ប្រត្តិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​លោក ​កែវ ថៃ ​គឺ​លោក​ កែវ សួរ​យល់​ថា​ ឳពុក​គាត់​ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​ មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «និយាយ​រួម​ទៅ​ពួក​គាត់​អត់​មាន​កំហុស​អ្វី​ផង​ ហើយ​អត់​មាន​សកម្មភាព​[អ្វី]​ផង​ ទាក់ទង​តុលាការ​ចោទ​ប្រកាន់​គាត់។ ​វា​អត់​មាន​ភស្តុតាង​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ ​អ៊ីចឹង​តុលាការ​គួរតែ​ទម្លាក់​បទចោទ​ពួក​គាត់»។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក ​ជិន ម៉ាលីន​ ប្រាប់​វីអូអេ​ថា ​ការ​ប្រព្រឹត្ត​សកម្ម​ភាព​ល្មើស​ច្បាប់​គឺ​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ​ឬ​សកម្មភាព​នយោបាយ​នោះ​ទេ​ និង​ថា​ កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ ពោល​គឺ​មាន​តែ​សកម្ម​ជន​នយោបាយ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ព្រហ្ម​ទណ្ឌ។​

លោក​ថ្លែង​ថា៖ ​«ការ​ប្រើ​ពាក្យ​គឺ​ដើម្បី​លុប​លាង​ និង​បិទ​បាំង​នូវ​អំពើ​ល្មើស​របស់​ខ្លួន​ ដោយ​យក​ហេតុផល​ផ្នែក​នយោបាយ​ ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជាដើម...។​ ក៏​ប៉ុន្តែ​ទិដ្ឋ​ភាព​ច្បាប់ ​គឺ​ថាមិន​អាច​ទៅរួច​បាន​ទេ ​ដរាបណា​សកម្ម​ភាព​ហ្នឹង​ជា​សកម្ម​ភាព​ល្មើស​[ច្បាប់]​ អាហ្នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​[និង]​មិន​អាច​យក​ហេតុផល​សកម្ម​ភាព​នយោបាយ​ [និង​ថា]​ ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​អី​បាន​ទេ»។​

លោក ​សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​ មាន​សង្ឃឹម​តិច​តួច​ណាស់​ចំពោះ​សវនាការ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ ក្រោម​ហេតុផល​ថា​ រឿង​ក្តី​របស់​ជនជាប់​ខាង​លើ​ ជា​ក្តីក្តាំ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​បាន​សម្រេច​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​របស់​លោក សម រង្ស៊ី។​

លោក​ថ្លែង​ថា៖ ​«ការ​បាន​រួច​ផុត​ពី​បទ​ចោទ ​និង​ដោះលែង​ឱ្យ​មាន​សេរីភាព​នេះ​ យើង​មាន​សង្ឃឹម​តិច​ ដោយ​សារ​យើង​ជា​បទ​ពិសោធន៍ ​រឿង​នយោបាយ​កម្រ ​បាន​ជោគ​ជ័យ​ណាស់ ​គឺ​សាលាឧទ្ទរណ៍​តែង​តែ​តម្កល់​សាល​ក្រម​សាលាដំបូង​ទុក​ជា​បាន​ការ»។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ កត់​សម្គាល់​ថា ​កន្លង​មក​ ប្រព័ន្ធ​តុលាការ​ ​ធ្លាប់​រង​ការ​រិះគន់​ថា​ ​មាន​ស្តង់ដារ​ពីរ​ បើ​មើល​ទៅ​លើ​ការ​ចាត់ចែង​សំណុំ​រឿង​ឱ្យ​បាន​នៅ​ក្រៅឃុំ​ និង​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​ឈ្មួញ​ធំៗ​ដូច​ជា​ករណី​លោក ​ថោង សារ៉ាត់​ ​អតីត​ម្ចាស់​សំណង់​៩៩៩​ជាដើម។​

ដោយ​ឡែក​ទាក់ទង​ករណី ​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ​លោក​យល់​ថា​ តុលាការ​គួរ​តែ​ពិនិត្យ​ពិចារណា​ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ ដើម្បី​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ និង​បញ្ចៀស​ការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​នៅ​តែ​យល់​ថា​ ករណី​នេះ​តុលាការ​គួរ​តែ​ពិនិត្យ​ និង​ពិចារណា​ផង​ដែរ​ ចំពោះ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ ពី​ព្រោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្ពុជា​យើង​ទទួល​បាន​ការ​គាំទ្រ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ឬ​ក៏​សេរី​ភាព ​លម្ហ​សេរី​ភាព​រឿង​នយោបាយ​ ហើយ​បង្ក​ឱ្យ​បរិយាកាស​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​មាន​ភាព​ល្អ​ប្រសើរ​នោះ»។​

គួរ​រំឭក​ថា ​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​១៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ពី​បទ​ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ដោយ​ក្នុង​នោះ​ទោស​ត្រូវ​អនុវត្ត​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​៨​ខែ ​សល់​ពីនោះ​ត្រូវ​ព្យួរ។ ​ ចំពោះ​សកម្ម​ជន​ម្នាក់​ទៀត​ គឺ​លោក​ ហ៊ិន ឆាន ​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ដូចគ្នា​ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រៅ​ឃុំ៕

XS
SM
MD
LG