សកម្មជននយោបាយគណបក្សប្រឆាំងជាង១០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ហៅការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា«សន្តិភាព»សំខាន់ជាងប្រជាធិបតេយ្យ គឺជា«លេស» ដែលពួកគេថា ដើម្បីធ្វើបាបអ្នកដែលមានមតិផ្ទុយពីរដ្ឋាភិបាល។
កាលពីចុងខែមីនា ក្នុងពេលប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ លោក ហ៊ុន សែន បានថ្លែងថា សន្តិភាពជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ ហើយបើគ្មានសន្តិភាពទេ កុំនិយាយដល់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។លោកបានលើកឧទាហរណ៍ទាក់ទិនសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការវាយប្រហារដោយកម្លាំងយោធារបស់រុស្ស៊ី។
លោកថ្លែងថា៖ «ឥឡូវអ្នកណាទៅនិយាយពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសអ៊ុយក្រែន? ឥឡូវម៉ោងនេះ ពេលនេះ គេនិយាយពីសន្តិភាព នៅអ៊ុយក្រែន... និយាយពីសន្តិភាពនៅអ៊ុយក្រែន។ អ៊ីចឹង សម្រាប់យើងកាលពីពេលមុន យើងទាមទាររកសន្តិភាព។ ក្រោយរកសន្តិភាពបានហើយ យើងខិតខំនិយាយធ្វើម៉េចការពារសន្តិភាពឱ្យបាន»។
ការថ្លែងរបស់ថ្នាក់ដឹកនាំប្រទេសនេះ នាំឲ្យមានប្រតិកម្មពីសកម្មជននយោបាយបក្សប្រឆាំងដែលត្រូវបានឃុំខ្លួន ក្នុងសំណុំរឿងដែលពួកគេថា ជារឿងនយោបាយ។ លិខិតរបស់សកម្មជននយោបាយថ្នាក់មូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ហើយវីអូអេទទួលបានពីក្រុមគ្រួសាររបស់ពួកគេ សរសេរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន«មិនយកចិត្តទុកដាក់ ចាប់អារម្មណ៍លើប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស» ហើយវាគឺជា«ការរំលោភដ៏ធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការរំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១»។
លិខិតដែលតំណាងឱ្យមតិសកម្មជននយោបាយចំនួន១៧នាក់ ក្នុងនោះមានលោកកែវ ថៃ លោក ស៊ុន ធន់ លោក ឡុង ផារី និងលោក ឃឹម ភាណា សរសេរក្នុងន័យដើមថា៖ «កម្ពុជាជារដ្ឋ ភាគីដែលបានទទួលយកការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកល និងកតិការសញ្ញា ព្រមទាំងអនុសញ្ញានានាស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធិនយោបាយ។ ក្នុងន័យនេះ យើងមិនអាចនិយាយពាក្យសន្តិភាពដោយគ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាគ្រឹះបានឡើយ»។
លិខិតដដែលបានបន្ថែមថា៖ «យើងខ្ញុំជាអ្នករងគ្រោះពីការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដ៏ធ្ងន់ធ្ងរ ចំពោះសេរីភាព បញ្ចេញមតិអំពីកិច្ចការសង្គម និងនយោបាយរហូតដល់មានការចាប់ឃុំខ្លួនដាក់ពន្ធនាគារព្រៃសអស់រយៈពេលជាងពីរឆ្នាំម្នាក់ៗដ៏អយុត្តិធម៌ ក្រោមលេសថា សន្តិភាព»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទថា សំណុំរឿងរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ ដូច្នេះមានតែការស្រុះស្រួលផ្នែកនយោបាយ ទើបពួកគេអាចទទួលបានសេរីភាពមកវិញ។លោកបន្ថែមថា សន្តិភាពពេញលេញអាចមានទៅបានក្នុងសង្គមប្រជាធិបតេយ្យ លុះត្រាតែមិនមានការគំរាមកំហែងប៉ះពាល់ដល់ផ្លូវចិត្ត។
លោកថ្លែងថា៖ «បញ្ហាសនិ្តភាពនេះ ជារឿងមួយហើយដែលប្រទេសដែលគ្មានសង្គ្រាម គ្មានបញ្ហាអីកើតឡើង។នៅក្នុងប្រទេសមិនមានការឈ្លានពាន មិនមានសង្គ្រាមស៊ីវិល មិនមានអី។ អាហ្នឹង ដូចកម្ពុជាយើងអ៊ីចឹង តាំងពីឆ្នាំ ....ចុងឆ្នាំ១៩៩៨ មកយើងទទួលបានសន្តិភាពផ្នែកសង្គ្រាមស៊ីវិល បានន័យថាចប់សង្គ្រាមស៊ីវិលអស់ហើយ។ អាហ្នឹងផ្តល់លទ្ធភាពសម្រាប់ប្រទេសជាតិក្នុងការកសាងប្រទេស»។
លោកបន្ថែមថា៖ «ប៉ុន្តែនិយមន័យសន្តិភាពពេញលេញជាសាកលហ្មង គេថាសន្តិភាពវាទាំងផ្លូវកាយ ផ្លូវចិត្ត»។
គួរបញ្ជាក់ថា សកម្មជននយោបាយរបស់អតីតបក្សជំទាស់ខាងលើកំពុងស្ថិតក្នុងពន្ធនាគារក្រោមបទចោទ ដែលពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលប្រទេសមិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងការធ្វើអត្ថាធិប្បាយលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងសេដ្ឋកិច្ចរបស់ប្រទេស។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា សកម្មជននយោបាយទាំងនោះមិនបានប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របតាមច្បាប់ទេ តែបានធ្វើសកម្មភាពនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចសង្ស័យ ទើបចាប់ខ្លួន។ លោកបន្ថែមថា សកម្មជននយោបាយដែលកំពុងជាប់ឃុំដដែលនោះ គួរខិតខំកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីបានក្លាយជាពលរដ្ឋល្អ ពេលចាកចេញពីពន្ធនាគារ ឬក៏ទទួលបានការអនុគ្រោះមួយចំនួនពេលកំពុងជាប់ឃុំនោះ៕