សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះប្រកាសផ្តន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន២១នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៥ទៅ១០ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យបះបោរនិងរួមគំនិតក្បត់»។
លោក សំ សុគង់ មេធាវី ដែលការពារក្តីឱ្យថ្នាក់ដឹកនាំនិងសកម្មជននយោបាយជំទាស់មួយចំនួនខាងលើប្រាប់ VOA ថានៅព្រឹកនេះ លោក រស់ ពិសិដ្ឋ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំចំនួន៧រូបដែលកំពុងស្ថិតនៅក្រៅប្រទេស ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ និងចេញដីកាតាមចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងញុះញង់ឱ្យយោធាមិនស្តាប់បញ្ជា»។
បើតាមលោក សំ សុគង់ ការកាត់ទោសកូនក្តីរបស់លោកដោយយោងលើវោហាសព្ទនយោបាយ គឺជារឿងអយុត្តិធម៌។ លោកនិយាយថា៖ «រឿងនេះវាពាក់ព័ន្ធសំណុំរឿងនយោបាយ។ ហើយការផ្តន្ទាទោសដោយយោងទៅលើវោហាសាសន៍នយោបាយ ឬក៏សកម្មភាពនយោបាយដែលពួកគាត់បានធ្វើនៅក្រៅប្រទេសនេះខ្ញុំគិតថា ក្នុងប្រទេសប្រជាធិបតេយ្យវាតែងមានក្រុមប្រឆាំង និងក្រុមស្រប អ៊ីចឹងមតិយោបល់ ក៏ដូចជាសកម្មភាពដែលធ្វើឡើងបែបស្ថាបនាមិនមែនជាបទល្មើសទេ។ អ៊ីចឹងការដែលផ្តន្ទាទោសនេះខ្ញុំយល់ថាមិនទាន់ទទួលយកបានទេ»។
ថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសទាំង៧រូប រួមមានលោក សម រង្ស៊ី ភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាងលោក ហូរ វ៉ាន់ លោក តុ វ៉ាន់ចាន់ និងលោក នុត រំដួល ដែលកំពុងភៀសខ្លួននៅប្រទេស។
ចំណែកសកម្មជន១៣នាក់ទៀតដែលកំពុងជាប់ឃុំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ដោយក្នុងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ សល់ពីនោះត្រូវព្យួរ ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ចំពោះសកម្មជនម្នាក់ទៀត គឺលោក ហ៊ិន ឆាន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំដូចគ្នាប៉ុន្តែត្រូវស្ថិតនៅក្រៅឃុំ។
សកម្មជនទាំង ១៣នាក់នោះរួមមានលោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោកកែវ ថៃ លោក ស៊ុន ធន់ លោកឡុង ផារី លោក ពៀត ម៉ាប់លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹប លោកញ៉ែម វ៉ាន លោក ថៃ គន្ធានិងលោក ងិន ឃាន។
ខណៈពេលតុលាការកំពុងប្រកាសសាលក្រម ក្រុមអ្នកតវ៉ាជាស្ត្រីប្រមាណជាជាង១០នាក់បានកាន់បដាស្រែកទាមទារតុលាការឱ្យដោះលែងស្វាមីនិងឪពុករបស់ពួកគេ។ក្រោយតុលាការប្រកាសសាលក្រមបានបន្តិចនោះក្រុមភរិយារបស់សកម្មជនបក្សប្រឆាំងដែលតវ៉ានៅខាងក្រៅតុលាការត្រូវបានក្រុមសន្តិសុខចាស់អូសរុញច្រាន បណ្តាលឱ្យរងរបួសស្រាល។
អ្នកស្រី អ៊ុក ចន្ធី ភរិយារបស់លោក យឹម សារ៉េត ដែលជាសកម្មជនមួយរូបទើបត្រូវបានតុលាការកាត់ទោសនិយាយទាំងបាតដៃឆ្វេងមានហូរឈាមដោយសារការចាប់អូសរបស់ក្រុមសន្តិសុខថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។
និយាយទាំងកំពុងស្រែកយំនៅផ្លូវម្ខាងខាងមុខសាលាដំបូង អ្នកស្រី អ៊ុក ចន្ធី លើកឡើងថា៖«គេកាត់ទោសគាត់ដោយអត់មានភ័ស្តុតាងអ្វីទាំងស់ គឺគេបង្ហាញភ័ស្តុតាងមកគ្រាន់តែនិយាយទូរសព្ទសោះ និយាយទូរសព្ទជាមួយគ្នា និយាយទូរសព្ទរឿងកូវីដបែរជាចោទប្រកាន់គាត់ថាគាត់រួមគំនិតក្បត់ កាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ។កាត់ទោសគាត់៥ឆ្នាំ ឱ្យគាត់អនុវត្តទោស៣ឆ្នាំ ៨ខែ ទាំងដែលគាត់មិនបានខុសអ្វីទាល់តែសោះ គាត់អត់មានកំហុសអីទេ ក្រុមគ្រួសារពួកខ្ញុំអត់មានកំហុសអីទេ»។
អ្នកស្រី អ៊ុក ចន្ធី បន្ថែមថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២០មក ក្រុមគ្រួសារអ្នកស្រីប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង រហូតដល់កូនៗរបស់អ្នកស្រីខ្លះត្រូវបង្ខំចិត្តឈប់រៀន។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលើកឡើងថាការប្រកាសសាលក្រមដាក់ទោសពួកគេនៅពេលនេះ នឹងមិនអាចអនុញ្ញាតឱ្យសកម្មជនទាំង១៣នាក់ធ្វើសកម្មភាពនយោបាយឬចូលរួមការបោះឆ្នោតបានឡើយ។ លោកថា សំណុំរឿងរបស់ពួកគេគឺទាល់តែមានការចរចាផ្នែកនយោបាយទើបអាចមានការផ្តល់សេរីភាពពួកគេឡើងវិញ។
«បើសិនជាមិនមានការដោះស្រាយបញ្ហាផ្នែកនយោបាយឱ្យមានភាធូរស្រាលទេ អាហ្នឹងពួកគាត់នៅតែបន្តការជាប់ទៅមុខទៀតហើយពួកគាត់មិនអាចចូលរួមការក្នុងបោះឆ្នោតឆ្នាំ២០២២ ក្នុងការបោះឆ្នោតឃុំសង្កាត់ក៏ដូចជាការបោះឆ្នោតជាតិ២០២៣នោះបានដែរបាទ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការកាត់ទោសអ្នកនយោបាយនិងសកម្មជនទាំងនោះថាធ្វើឡើងដោយអយុត្តិធម៌និងមិនមានភ័ស្តុតាងគួរឱ្យទុកចិត្តបាន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះធ្វើការអត្ថាធិប្បាយជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «សវនាការនេះទំនងជាមានគោលបំណងរារាំងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច»។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាការលើកឡើងរបស់អង្គការសង្គមស៊ីវិលទាំងនោះ ជាការអះអាងដោយមិនមានមូលដ្ឋាន។
«គេមានភ័ស្តុតាង សក្ខីកម្ម មានមូលដ្ឋានអង្គហេតុ អង្គច្បាប់រឹងមាំ បានឈានដល់ការចោទប្រកាន់ រហូតដល់ការផ្តន្ទាទោស។ ហើយចំណែកក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្រសកម្មជន ទាំងអស់ហ្នឹងទេដែលមិនមានភ័ស្តុតាងដោះបន្ទុកក្រៅតែពីចោទប្រកាន់ថាតុលាការមិនឯករាជ្យតុលាការគ្មានភ័ស្តុតាង»។
ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងការហាមឃាត់មន្រ្តីជាន់ខ្ពស់គណបក្សនេះជាង១០០នាក់មិនឱ្យធ្វើនយោបាយគេឃើញថា សកម្មជន និងមន្រ្តីគណបក្សនេះជាច្រើននាក់ត្រូវបានចាប់ខ្លួន និងដាក់ឃុំក្នុងពន្ធនាគារជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ន៕