ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ថា តំបន់​អាស៊ី​ខាង​ត្បូង​អាច​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​អាក្រក់​បំផុត​ក្នុង​ពេល ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ


ប្រជាជន​ឥណ្ឌា​នាំ​គ្នា​ឈរ​តម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​ដើម្បី​ចាំ​ដក​ប្រាក់​ជំនួយ​មនុស្សធម៌ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ​ ក្នុង​អំឡុងពេល​អនុវត្ត​វិធានការ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។
ប្រជាជន​ឥណ្ឌា​នាំ​គ្នា​ឈរ​តម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​ដើម្បី​ចាំ​ដក​ប្រាក់​ជំនួយ​មនុស្សធម៌ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ​ ក្នុង​អំឡុងពេល​អនុវត្ត​វិធានការ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​អាច​ប្រឈម​នឹង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​យឺតយ៉ាវ​បំផុត​នៅ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ការ​ដាក់​កំហិត​ការ​ដើរហើរ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីឌ ១៩ បាន​ធ្វើ​ឲ្យ​ផ្នែក​ភាគ​ច្រើន​នៃ​សេដ្ឋកិច្ច​ជាប់​គាំង​ក្នុង​ប្រទេស​នានា​នៃ​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។

របាយការណ៍​ស្ដី​ពី​ការ​ផ្ដោត​លើ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ខាង​ត្បូង​បាន​ប៉ាន់​ប្រមាណ​ថា ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ទំនង​ជា​ធ្លាក់ចុះ​រហូត​ដល់​ចន្លោះ ១,៨% និង ២,៨% នៅ​ក្នុង​ឆ្នាំ ២០២០ នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​មួយ​ពី​ការ​ទស្សន៍ទាយ​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ចំនួន ៦,៣% នៃ​តំបន់​នេះ​កាល​ពី ៦ ខែ​មុន។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «តំបន់​អាស៊ី​ខាង​ត្បូង​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ។ វិស័យ​ទេសចរណ៍​បាន​ជាប់​គាំង ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ត្រូវ​បាន​បង្អាក់ តម្រូវការ​សម្រាប់​វិស័យ​កាត់ដេរ​បាន​ដួល​រលំ ចំណាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ និង​អ្នក​វិនិយោគ​បាន​ធ្លាក់​ចុះ មូលធន​អន្តរជាតិ​កំពុង​ត្រូវ​បាន​ដក​ចេញ ហើយ​លំហូរ​នៃ​ប្រាក់​ដែល​អ្នក​ធ្វើការ​ផ្ញើ​ពី​បរទេស​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​រាំង​ស្ទះ»។

បណ្ដា​ប្រទេស​អាស៊ី​ខាង​ត្បូង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីឌ ១៩ នេះ​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ភាគ​ច្រើន​នៅ​លើ​ពិភពលោក ដោយ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ទាំង​មូល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ប្រហែល ១ ម៉ឺន ៤ ពាន់ ៥ រយ​ករណី​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​នេះ​មាន​ករណី​ឆ្លង​ជាង ៨ ពាន់​ករណី។

ប៉ុន្តែ បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​បាន​ដាក់​កំហិត​ការ​ដើរហើរ ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា តំបន់​ក្រីក្រ​តោក​យ៉ាក​ដែល​មាន​មនុស្ស​រស់នៅ​តែនណាន់​តាន់តាប់​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ដូចជា​ទីក្រុង​មុំបៃ និង​ទីក្រុង​ដាកា​ជា​ដើម និង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​អន់ខ្សោយ អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ​ពិបាក​នៅ​ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា ប្រសិនបើ​ការ​ឆ្លង​ជំងឺ​នេះ​រីក​រាលដាល​នៅ​ក្នុង​តំបន់​ទាំង​នោះ។ គេ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ការ​ធ្វើ​តេស្ត​កម្រិត​ទាប​មិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​រូបភាព​ត្រឹមត្រូវ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ទេ។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា៖ «ស្ថានភាព​ជាក់​ស្ដែង​នៃ​វិសមភាព​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​គឺ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ច្រើន​ជាង​គេ ដោយសារតែ​ការ​រក្សា​គម្លាត​ពី​គ្នា​គឺ​ពិបាក​នឹង​ធ្វើ​បាន​ណាស់​សម្រាប់​ពួកគេ»។

រូបឯកសារ៖ កម្មករ​ឥណ្ឌា​សាងសង់​ជញ្ជាំង​នៅ​ខាង​មុខ​សំណង់​អនាធិបតេយ្យ​មួយ។
រូបឯកសារ៖ កម្មករ​ឥណ្ឌា​សាងសង់​ជញ្ជាំង​នៅ​ខាង​មុខ​សំណង់​អនាធិបតេយ្យ​មួយ។

ធនាគារ​ពិភពលោក​បាន​បន្ថែម​ថា ប្រជាពលដ្ឋ​ក្រីក្រ​ទាំង​នោះ​នឹង​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​ផង​ដែរ​ចំពោះ​ការ​បាត់បង់​ការងារ​ធ្វើ និង​ការ​កើន​ឡើង​នូវ​ថ្លៃ​ម្ហូប​អាហារ។

តំបន់​អាស៊ី​ខាង​ត្បូង​មាន​ប្រជាជន​ប្រហែល ១ ភាគ ៤ នៃ​ប្រជាជន​ទាំង​អស់​នៅ​លើ​ពិភពលោក។ តំបន់​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រួច​ផុត​ពី​ភាព​ក្រីក្រ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ថ្មីៗ​នេះ ប៉ុន្តែ បញ្ហា​សេដ្ឋកិច្ច​ដែល​តំបន់​នេះ​កំពុង​ប្រឈម​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ។

ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា ស្រីលង្ការ នេប៉ាល់ ប៊ូតង់ និង​បង់ក្លាដេស នឹង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ច ប្រទេស​ប៉ាគីស្ថាន អាហ្វហ្គនីស្ថាន និង​ម៉ាល់ឌីវ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។

ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អាច​ងើប​ឡើង​វិញ​ពី​ដំណើរ​ចុះ​ថយ​នៃ​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ ដែល​បណ្ដាល​ឲ្យ​បិទ​ប្រទេស​ទាំង​មូល​នេះ។ ការ​បិទ​នេះ​ត្រូវ​គេ​រំពឺង​ថា​នឹង​ពន្យារ​បន្ត​បន្ថែម​ទៀត​រហូត​ដល់​ចុង​ខែ​មេសា​នេះ ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​ឧស្សាហកម្ម​មួយ​ចំនួន​បើក​ដំណើរការ​ឡើង​វិញ​នៅ​តាម​តំបន់​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​មាន​សុវត្ថិភាព​ក៏​ដោយ។

ប៉ុន្តែ វា​អាច​ត្រូវការ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​អាច​ត្រឡប់​មក​ដូច​ដើម​វិញ ទោះបីជា​បន្ទាប់ពី​ការ​បិទ​នេះ​ត្រូវ​បាន​ដក​ចេញ​ក៏​ដោយ។

លោក Arun Kumar ដែល​ជា​សេដ្ឋវិទូ​នៅ​ទីក្រុង New Delhi បាន​និយាយ​ថា៖ «រោងចក្រ​នឹង​មិន​ដំណើរការ​ពេលលេញ​ឆាប់ៗ​នេះ​ទេ។ ផលិតកម្ម​នឹង​មិន​ដំណើរការ​ឡើង​វិញ​ភ្លាមៗ ហើយ​តម្រូវការ​ក៏​ដូចគ្នា​នេះ​ដែរ។ វា​មិន​មែន​មាន​ន័យ​ថា មនុស្ស​នឹង​ចេញ​ទៅ​ទិញ​ទំនិញ​ភ្លាមៗ​នោះ​ទេ។ ដូច្នេះ​នឹង​មាន​ការ​បាត់បង់​ការងារ​ធ្វើ និង​មាន​ភាព​ក្រីក្រ​ជា​ច្រើន»។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស ដែល​សេដ្ឋកិច្ច​រីក​ចម្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អាស្រ័យ​លើ​ឧស្សាហកម្ម​កាត់ដេរ​នោះ គេ​ឃើញ​ថា រោងចក្រ​ភាគ​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ នៅ​ពេល​ដែល​អាជ្ញាធរ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​ពន្យារ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មេសា​ខាង​មុខ។

ប្រទេស​បង់ក្លាដេស​ស្ថិត​ពី​ក្រោយ​ប្រទេស​ចិន ក្នុង​នាម​ជា​ប្រទេស​ដែល​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​បស្ចិម​ប្រទេស ប៉ុន្តែ​កម្មករ​រាប់​ម៉ឺន​នាក់​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​ការងារ ដោយសារតែ​ការ​បញ្ជាទិញ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​លុប​ចោល ឬ​ក៏​ផ្អាក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាគម​រោងចក្រ​ផលិតកម្ម និង​ក្រុមហ៊ុន​នាំ​ចេញ​សម្លៀកបំពាក់​បង់ក្លាដេស។ វិស័យ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស​ផ្ដល់​ការងារ​ធ្វើ​ដល់​កម្មករ ៤ លាន​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី។

ធនាគារ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ចាត់​វិធានការ​ដើម្បី​ជួយ​ដល់​កម្មករ​ដែល​គ្មាន​ការងារ​ធ្វើ ក៏​ដូចជា​ជួយ​ដល់​ក្រុមហ៊ុន និង​កន្លែង​អាជីវកម្ម​ផ្សេងៗ​ផង​ដែរ។

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​កញ្ចប់​ថវិកា​ចំនួន ២៣ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សេដ្ឋកិច្ច​ក្នុង​ទម្រង់​ជា​ការ​ផ្ដល់​ម្ហូប​អាហារ និង​ថវិកា​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​សេដ្ឋវិទូ​នានា​បាន​ព្រមាន​ថា ការ​ធ្វើ​ដូច្នេះ​គឺ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​កាត់​បន្ថយ​ទុក្ខ​កង្វល់​ដែល​បណ្ដាល​មក​ពី​ភាព​អត់​ការងារ​ធ្វើ​ដ៏​ច្រើន​គ្រប់​កន្លែង​បាន​ទេ។

លោក Santosh Mehrotra សេដ្ឋវិទូ​នៃ​សាកល​វិទ្យាល័យ Jawaharlal Nehru ក្នុង​ទីក្រុង New Delhi បាន​និយាយ​ថា៖ «នេះ​គឺ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ទៅ​ទៀត»។ លោក​បាន​បន្ថែម​ថា៖ «វិបត្តិ​ជំងឺ​កូវីឌ ១៩ នេះ នឹង​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ធ្លាក់​ចុះ​ដល់​ប្រហែល​ជា​សូន្យ ឬ​ក៏​ក្រោម​សូន្យ»៕

ប្រែ​សម្រួល​ដោយលោក ភី សុភាដា

XS
SM
MD
LG