ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​​​ខ្លះ​រីករាយ​នឹង​​​តំបន់​​អង្គរ​​ស្ងប់ស្ងាត់​ដែល​អស់​​ក្រុម​ទេសចរ​បរទេស


រូបឯកសារ៖ ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីដែល​បង្ក​ជំងឺ​កូវីដ១៩ មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ប្រាង្គប្រាសាទ​អង្គរវត្ត​ ដែល​ជា​តំបន់​ទេសចរណ៍ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ពិភពលោក។​

នៅ​ទី​នេះ ឥឡូវ​គេ​កម្រ​ឃើញ​មាន​អ្នក​ទេសចរ​បរទេស ដំរី​ដែល​ធ្លាប់​ដឹក​ភ្ញៀវ​ត្រូវ​គេ​យក​ទៅ​ថែទាំ​នៅ​កន្លែង​ផ្សេង ហើយ​អាជីវកម្ម​ក្នុង​តំបន់​នេះ​បាន​បិទ​ក្ស័យ​ធន។ ប៉ុន្តែ​សម្រាប់​ជនជាតិ​ខ្មែរ ទិដ្ឋភាព​ថ្មីនេះ​ជា​ឱកាស​សម្រាប់​ពួកគេ​អាចដណ្តើម​បាន​មក​វិញ​នូវ​កេរមរតក​ដូនតា​របស់​ពួក​គេ​។

អាជ្ញាធរ​និយាយ​ថា អ្នក​ទេសចរ​បរទេសមក​ទស្សនា​ប្រាសាទ​នេះ​ក្នុង​មួយ​ថ្ងៃ​មាន​ត្រឹម​រាប់​សិប​នាក់​ប៉ុណ្ណោះ ហើយ​សុទ្ធ​សឹង​អ្នក​ដែលបន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ក្រោយ​ពី​វីរុសដែល​បង្ក​ជំងឺ​កូវីដ១៩ ចាប់​ផ្តើម​ឆ្លង​ដែន​កាល​ពី​ចុង​ខែ​មករា ដោយ​បាន​បង្ខំ​ឲ្យ​មាន​វិធានការ​បិទ​សកម្មភាព​សង្គម​នៅ​ជុំវិញ​ពិភពលោក និង​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​អន្តរជាតិ។

ចំនួន​ទេសចរ​ពេល​នេះ​គឺ​ផ្ទុយ​ស្រឡះ​នឹង​ចំនួន​អ្នក​ទេសចរ​២,២​លាន​នាក់​កាល​ពីឆ្នាំ​មុន​ដែល​បាន​ទិញ​សំបុត្រដែល​មាន​តម្លៃ​សរុប​ជិត​១០០​លាន​ដុល្លារ​ ដើម្បី​ចូល​ទស្សនា​បរិវេណ​ប្រាង្គប្រាសាទអង្គរ​វត្ត​ពី​សតវត្សរ៍​ទី​១២ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​២០៨​ហិកតា។

នាង​ Sreynath Sarum ជា​អ្នក​បម្រើ​ការ​ខាង​វិស័យ​បដិសណ្ឋារកិច្ច​ម្នាក់​ពី​ក្រុង​ភ្នំពេញ ថ្លែង​ថា៖ «ទិដ្ឋភាព​មិន​មាន​អ្នក​ទេសចរ​នៅ​ទី​នេះ​ពេល​នេះ​គួរឲ្យ​ចាប់​អារម្មណ៍ ព្រោះពី​មុន​មាន​អ្នក​ទេសចរ​(បរទេស)​ច្រើន​ណាស់​ហើយ​ពេល​យើង​មក​ទស្សនា យើង​ក៏​ដូច​ជា​អ្នក​ទេសចរ​ម្នាក់​ដែរ និង​មិន​គិត​ថា​យើង​ជា​ម្ចាស់​ស្រុក​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ​ល្អ​ណាស់។»

វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​១០​ទៅ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រាសាទ​អង្គរវត្ត​និង​ប្រាសាទ​បុរាណ​ដទៃ​ទៀត​នៅ​តំបន់​ជុំវិញ​នេះ តែង​ជាប់​ចំណាត់​ថ្នាក់​ជ័យលាភី​តំបន់​ទេសចរណ៍​អន្តរជាតិ​ជា​ច្រើន ហើយ​ទី​ក្រុង​សៀមរាប​ដែល​នៅ​ក្បែរ​នោះ​ត្រូវ​បាន​អាជ្ញាធរ​អភិវឌ្ឍឡើង​វិញ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍។​

ប៉ុន្តែ​វិស័យ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​នេះ​ក៏​បាន​នាំមក​នូវ​បញ្ហា​ជាច្រើន​ណាស់​ដែរ។

ទិដ្ឋភាពរួម​នៅ​ប្រាសាទ​អង្គរវត្ត​នៅ​មុន​វិបត្តិ​កូវីដ១៩ មាន​ដូច​ជា​ការ​តម្រង់​ជួរ​ដ៏​វែង​នៅ​ច្រក​ចូល​ប្រាសាទ រថយន្ត​ក្រុង​ដឹក​អ្នក​ទេសចរ​ចត​ពាសពេញ​ក្បែរ​បរិវេណ ហ្វូង​ទេសចរ​ជនជាតិចិន​ដែល​កាន់​ selfie stick សម្រាប់​ថតរូប និង​ក្រុម​ទេសចរ​បរទេស​លោក​ខាង​លិចដែល​ពាក់​អាវ​ពណ៌​បែប​ហាវ៉ៃ ស្លៀក​ខោ​ខ្លី​ រួម​ទាំង​អ្នក​រត់​ហាត់​កីឡា​ផង ដែល​បាន​ប្រែក្លាយ​ទី​សក្ការៈ​សម្រាប់​ពុទ្ធសាសនា​និង​សាសនា​ហិណ្ឌូ​នេះ ឲ្យ​ទៅ​ដូចជា​ឧទ្យាន​កម្សាន្តអធឹកអធមមួយ​កន្លែង។​

ប៉ុន្តែ​ទិដ្ឋភាព​បែប​នេះមិន​មែនធ្វើ​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ជា​រឿយៗ​ពេញ​ចិត្ត​នោះ​ទេ។ ជនជាតិ​ខ្មែរលើក​តម្កើង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ថា​ជា​គ្រឹះ​នៃ​សង្គម​និង​វប្បធម៌​ខ្មែរ ជានិមិត្តសញ្ញា​ដែល​រំឭក​ពួកគេ​ថា ​ប្រទេស​ជាតិ​នេះ​ធ្លាប់​ជា​មហាអំណាច​ក្នុង​តំបន់[អាស៊ី​អាគ្នេយ៍] ហើយ​អង្គរវត្ត​ក៏​ជា​និមិត្តរូប​នៃ​ការ​រស់រានឡើង​វិញ​នៃ​ប្រជាជាតិ​ខ្មែរ​នៅ​ក្រោយ​សង្គ្រាម​ស៊ីវិល​ដ៏​ប្រល័យ​អស់​៣​ទសវត្សរ៍។

លោក Nick Ray អ្នក​និពន្ធ​និង​អ្នក​ផលិត​ភាពយន្ត​ឲ្យ​សៀវភៅ​មគ្គុទេសក៍​ទេសចរណ៍ Lonely Planet បានបញ្ជាក់ថា​ ប្រសិន​បើ​វិបត្តិ​ជំងឺ​រាតត្បាតកូវីដ១៩​អាច​មាន​ផល​វិជ្ជមាន​ណា​មួយ នោះ​គឺ​ការណ៍​ដែល​ជនជាតិ​ខ្មែរ​អាច​ផ្សាភ្ជាប់​ខ្លួន​ឡើង​វិញ​ទៅ​នឹង​ដួង​ព្រលឹង​ជាតិ​របស់​ពួក​គេ។​

លោក Nick Ray បញ្ជាក់ក្នុង​សម្តី​ដើម​ថា៖ «បើ​គិត​ពី​ទស្សនៈ​សេដ្ឋកិច្ច​វិញ ការ​បាត់​បង់​អ្នក​ទេសចរ​ជា​មហន្តរាយ​មួយ។ យើង​ដឹង​ច្បាស់​ថាតើ​ការណ៍​នេះ​ប៉ះពាល់​យ៉ាង​ណា​ដល់​សេដ្ឋកិច្ច​ និង​អាជីវកម្ម​ដូច​ជា​សណ្ឋាគារ ផ្ទះ​សំណាក់​ ហាង​កាហ្វេ បារ។ ទី​នេះប្រៀប​ដូច​ជា​ក្រុង​ខ្មោច​អញ្ចឹង​ឥឡូវ​នេះ»។

អ្នក​និពន្ធ​សៀវភៅ​ទេសចរណ៍​រូប​នេះ​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​បើ​គិត​ពី​ទស្សនៈ​ខ្មែរ​វិញ ស្ថានភាព​នេះ​ប្រៀប​ដូច​ជា​ជនជាតិ​ខ្មែរ​បាន​ដណ្តើម​កាន់កាប់​ប្រាង្គប្រាសាទ​ទាំង​នេះ​វិញ​អញ្ចឹង។ ប្រាសាទ​ទាំង​នេះ​ជា​មរតក​និង​កេរដំណែលពី​ដូនតា​ខ្មែរ ប្រាសាទ​អង្គរវត្ត​មាន​នៅ​លើ​ទង់ជាតិ​កម្ពុជា។ អង្គរ​ជា​និមិត្តរូប​នៃ​ដួង​ព្រលឹង​ជាតិ​ ដែល​ជនជាតិ​ខ្មែរ​តម្កល់​ទុក​ក្នុង​បេះដូង»។​

ទិដ្ឋភាព​នៅ​ប្រាសាទ​អង្គរវត្ត​នៅ​ពេល​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ទិដ្ឋភាព​កាល​ពី​ពីរ​ទសវត្សរ៍​មុន នៅ​ពេល​តំបន់បុរាណវិទ្យា​នេះ​មាន​សភាព​ស្ងាត់​ជ្រងំ​នៅ​ឡើយ ​ក្រោយ​ពី​ក្រុម​ទាហាន​ខ្មែរ​ក្រហម​ត្រូវ​បាន​រំសាយ ប៉ុន្តែ​នៅមាន​ក្រុម​ចោរ​ព្រៃ​និង​ការ​ក្រុម​ជន​ឧក្រិដ្ឋ​លួច​វត្ថុ​បុរាណ​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​និង​លុប​បំបាត់​ចោល​សិន​មុន​នឹង​អាច​បើក​ទ្វារ​តំបន់​ប្រាសាទ​បុរាណ​នេះ​ដល់ទេសចរណ៍​អន្តរជាតិ។​

ក្នុង​រយៈ​ពេល​២០​ឆ្នាំ​នេះ ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក៏​បាន​ប្រសើរ​ឡើង​ដែរ។ នៅក្បែរ​ប្រាសាទ​ទាំង​នេះ មាន​កូន​ខ្មែរ​ដែល​ឥឡូវ​ជិះ​កង់​លេង​និង​លេងនឹង​ដី ខណៈ​ដែល​ ឪពុក​ម្តាយ​ពួក​គេ​បន់ស្រន់​នៅកន្លែង​បន់ស្រន់​បែប​ពុទ្ធសាសនា និង​ធ្វើ​ដំណើរ​ចេញ​ចូល​តំបន់​ព្រៃ​ក្រាស់​ជុំវិញ​ប្រាសាទ​នេះ។

អ្នកស្រី Marissa Carruthers អ្នក​និពន្ធ​សៀវភៅ​ដំណើរកម្សាន្ត​ម្នាក់​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ស្រមៃឃើញពេល​វេលា​មួយ​ដែល​ជនជាតិ​ខ្មែរ​អាច​មក​លេង​ប្រាសាទ​អង្គរវត្ត​និង​បួងសួង​ដោយ​ស្ងប់ស្ងៀម និង​មិន​មាន​ហ្វូង​អ្នក​ទេសចរនៅ​ជុំវិញ។ ឬ​ពួក​គេ​អាច​នាំ​ក្រុមគ្រួសារ​មក​លេង​កីឡា​វាយ​សី​ឬញ៉ាំ​អាហារ​ពិកនិក​ជុំ​គ្រួសារ​នៅ​ទី​នេះ​ទេ។ នេះ​ជា​ទិដ្ឋភាព​ថ្មី​ពិសេស​មួយ»។

អ្នកស្រី​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​កន្លង​មក​អញ្ចឹង ទិដ្ឋភាព​ដែល​ប្រាង្គ​ប្រាសាទ​អង្គរ​និង​ក្រុង​សៀមរាប​ត្រូវ​បិទ​សកម្មភាព​ទាំង​ស្រុង​នេះ គឺ​ជា​ស្ថានភាព​ដ៏​ធ្ងន់​ធ្ងរ​មួយ»។

ចំណូល​ដ៏​ច្រើន​ពី​ទេសចរណ៍​និង​ហ្វូង​អ្នក​មក​ទស្សនា​បាន​រសាយ​បាត់ទៅ​វិញ​ស្ទើរ​ភ្លាមៗ​ក្រោយ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​១៩​ចាប់​ផ្តើម​ផ្ទុះ​ឡើង។ ហើយ​ការ​ជំរុញវិស័យ​ទេសចរណ៍​ឲ្យ​ដំណើរការ​ឡើង​វិញ​ក្រោយ​ការ​បន្ធូរបន្ថយ​វិធានាការ​បិទ​សកម្មភាពក៏​ជា​ការ​លំបាក។​

រដ្ឋាភិបាល​កម្ពុជា​ទើប​បាន​ប្រកាស​ពី​វិធាន​ថ្មីៗ​មួយ​ចំនួន រួម​ទាំង​ការ​តម្រូវ​ឲ្យជន​បរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ត្រូវ​តេស្តរក​ជំងឺ​កូវីដ១៩ មាន​បណ្ណ​បញ្ជាក់​សុខភាព​ និង​ប្រភេទ​ទិដ្ឋាការ​ថ្មី​មួយ​សម្រាប់​អ្នក​ទេសចរ​បរទេស​ពេល​អនាគត។

ប្រសិន​បើ​មានអ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​តាម​ជើង​យន្តហោះ​ចូល​ប្រទេស​កម្ពុជា ចេញ​រោគ​សញ្ញា​និង​ធ្វើ​តេស្ត​ឃើញ​ជំងឺ​កូវីដ១៩ នោះ​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្តហោះ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យស្ថិត​នៅ​ដាច់​ពី​គេ​ឬ​ចត្តាឡីស័ក​រយៈ​ពេល​២​សប្តាហ៍។ ម្យ៉ាង​ទៀត រាល់​អ្នក​ដំណើរ​បរទេស​ដែល​មក​ដល់ប្រទេស​កម្ពុជា​ត្រូវ​តម្កល់​ប្រាក់​៣.០០០​ដុល្លារ​នៅ​ធនាគារ​ក្នុង​ស្រុក​មួយ​ដើម្បីជា​សោហ៊ុយ​ចំណាយ​ក្នុង​ករណី​ដែល​ពួក​គេ​កើត​ជំងឺ​កូវីដ១៩។

ចំនួន​ទឹក​ប្រាក់​តម្កល់ដែល​មិន​ត្រូវ​ចំណាយ​ត្រូវ​រំពឹង​ថា​នឹង​បង្វិល​ទៅ​ឲ្យ​ទៅ​អ្នក​ធ្វើ​ដំណើរ​បរទេស​វិញ។ ប៉ុន្តែ​វិធាន​ថ្មី​នេះធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​វិស័យ​ទេសចរណ៍​ដែល​ធ្លាក់​ចុះ​ស្រាប់ ថា​ជា​ឧបសគ្គ​ដែល​មិន​គួរ​មាន​ និង​ជា​កត្តា​ត្រូវ​គិតគូរ​មួយ​ទៀត​របស់​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​យ៉ាង​តិច​ពីរ​ដើម្បី​អាច​មក​ដល់​ប្រទេស​កម្ពុជា​បាន។

លោក Nick Ray ថ្លែង​អំពី​ប្រាក់​តម្កល់៣.០០០​ដុល្លារ​នេះ​ថា៖ «និយាយ​ត្រង់​ទៅ វាជា​កត្តា​មួយដែល​ធ្វើ​ឲ្យ​គេ​លែង​ចង់​មក​(លេង​ប្រទេស​កម្ពុជា)»។

លោក​បន្ថែម​ទៀត​ថា៖ «វា​ស្ទើរ​តែ​ដូច​ជា​និយាយ​ប្រាប់​គេ​ថា អាជីវកម្ម​របស់​យើង​បាន​បិទ​ហើយ»។

ពលរដ្ឋ​ខ្មែរ​ក៏​បាន​ដឹង​ពី​ផល​លំបាកធ្ងន់ធ្ងរដែល​បង្ក​ដោយ​ជំងឺ​កូវីដ១៩ និងស្ថានភាព​យ៉ាប់យ៉ឺន​នៃ​សេដ្ឋកិច្ច​ដែលជំងឺ​នេះ​បាន​បង្កើត​ឡើង។​

នាង​ Sreynath Sarum ជា​អ្នក​បម្រើ​ការ​ខាង​វិស័យ​បដិសណ្ឋារកិច្ច​ម្នាក់​ពី​ក្រុង​ភ្នំពេញ ថ្លែង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​ទេសចរ​ត្រឡប់​មក​វិញ ព្រោះ​ពលរដ្ឋ​នៅ​ទី​នេះ​កំពុង​រង​ទុក្ខ​វេទនា។ ប៉ុន្តែ​សូម​ឲ្យ​អ្នក​ទេសចរ​មក​វិញ​បន្តិច​ម្តងៗ មិន​មែន​មក​វិញ​ចំនួន​១​លាន​នាក់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ សឹង សុផាត​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG