អង្គការកាកបាទក្រហមនិយាយថា សញ្ញាសម្គាល់អង្គការរបស់ខ្លួនកំពុងតែត្រូវបានគេប្រើប្រាស់ក្នុងផ្លូវខុសនៅក្នុងតំបន់កើតជម្លោះនៅភាគខាងជើងនៃប្រទេសកាមេរូន ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធ Boko Haram នៃប្រទេសនីហ្សេរីយ៉ាបានគ្រប់គ្រង ក៏ដូចជាត្រូវបានគេប្រើប្រាស់នៅព្រំដែនដែលមានជម្លោះស្ថិតនៅភាគខាងកើតជាប់នឹងប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
និមិត្តសញ្ញាសម្គាល់របស់កាកបាទក្រហមមានលក្ខណៈពិសេសមួយ។ វាមានសញ្ញាខ្វែងពណ៌ក្រហមដែលរំលេចដោយផ្ទៃពណ៌ស ហើយវាជាស្លាកសញ្ញាដើម ដែលត្រូវបានប្រកាសនៅក្នុងសន្និបាតទីក្រុងហ្សឺណេវ នៅឆ្នាំ១៨៦៤ ដើម្បីការពារបុគ្គល និងវត្ថុផ្សេងៗដែលផ្តល់ជំនួយមនុស្សធម៌នៅក្នុងភូមិភាគមានជម្លោះប្រដាប់អាវុធ។ ចាប់តាំងពីពេលនោះមក សញ្ញានេះបានក្លាយជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាមួយចំនួនទៀតរបស់ប្រទេសជាតិដែលមានចលនាកាកក្រហម និងអឌ្ឍចន្ទក្រហម។
ប៉ុន្តែ លោក Nicolas Mbako ដែលជានាយកផ្នែកប្រតិបត្តិការអភិវឌ្ឍន៍នៃអង្គការកាកបាទក្រហមកាមេរូនបានឲ្យដឹងថា មានភ្នាក់ងារមនុស្សធម៌មួយចំនួនដែលកំពុងដំណើរការនៅតំបន់ជម្លោះជាមួយពួក Boko Haram នៅភាគខាងជើងប្រទេសកាមេរូន និងព្រំដែនភូមិភាគខាងកើតកំពុងតែប្រើសញ្ញានេះដោយគ្មានការអនុញ្ញាតពីអង្គការកាកបាទក្រហម។
លោកនិយាយថា នៅក្នុងការប្រើខុសទាំងនោះរួមមានការក្លែងបន្លំ ការប្រើប្រាស់ដើម្បីបង្ខិតបង្ខំ និងអំពើទុច្ចរិតដែលប្រើប្រាស់និមិត្តសញ្ញាមួយនៅពេលសង្រ្គាមដើម្បីបំភាន់សត្រូវ។ លោកបន្តថា គ្រោះថ្នាក់ដែលកើតឡើងពីការប្រើប្រាស់ដោយខុសច្បាប់ទាំងនោះ គឺការធ្វើឲ្យធ្លាក់ចុះនូវតម្លៃក្នុងការការពារដែលនិមិត្តសញ្ញានេះមាន ហើយនាំឲ្យមានហានិភ័យដល់ជំនួយមនុស្សធម៌ទាំងអស់។
យោងតាមប្បញ្ញត្តិច្បាប់គ្រប់គ្រងអង្គការកាកបាទក្រហម សញ្ញាកាកបាទនេះត្រូវប្រើប្រាស់ក្នុងន័យដើម្បីបង្ហាញថា មនុស្សឬវត្ថុទាំងឡាយមានជាប់ទាក់ទងនឹងអង្គការអន្តរជាតិនេះ។ ចំពោះបុគ្គល និងសកម្មភាពទាំងឡាយដែលមិនជាប់ពាក់ព័ន្ធជាមួយអង្គការនេះ ប្បញ្ញត្តិនេះតម្រូវឲ្យមានការកំណត់ដោយឡែកមួយដែលអនុញ្ញាតដោយកាកបាទក្រហម ដើម្បីបញ្ជាក់ថា មនុស្សឬវត្ថុទាំងនោះមិនជាប់ពាក់ព័ន្ធនឹងបណ្តាញកាកបាទក្រហមទេ។
ប្រទេសកាមេរូនបានឲ្យដឹងថា ព្រំដែនខាងកើតរបស់ខ្លួនមានអ្នកជនភៀសខ្លួនមកពីអាហ្វ្រិកកណ្តាលរស់នៅប្រហែល២០០.០០០នាក់ ហើយនៅភាគខាងជើងប្រទេសកាមេរូនមានប្រជាជនប្រមាណ៨០.០០០នាក់ ដែលរត់ចេញពីក្រុម Boko Haram និងមានអ្នកផ្លាស់ទីកន្លែងនៅក្នុងប្រទេសនេះចំនួន១០០.០០០នាក់។ ភ្នាក់ងារជួយសង្រ្គោះ និងក្រុមមនុស្សធម៌បានពង្រាយសមាជិករបស់ខ្លួននៅតំបន់ទាំងនោះដើម្បីជួយសង្គ្រោះ។
លោក Emmerencia Moussa ភ្នាក់ងារនៃអង្គការ Cameroon Self Reliance ដែលជាភ្នាក់ងារសង្រ្គោះមួយជួយជនភៀសខ្លួនទាំងនោះ បានឲ្យដឹងថា ពួកគេបានបង្ហាញខ្លួនថា ជាអ្នកស្ម័គ្រចិត្តអង្គការកាកបាទក្រហម ដើម្បីចៀសវាងការវាយប្រហារដែលអាចកើតមានពីពួកសកម្មប្រយុទ្ធ ឬទាហានកាមេរូនដែលអាចច្រឡំថា ពួកគេជាអ្នកវាយប្រហារ។
«គ្មានអ្នកណាធ្លាប់បានប្រាប់យើងមិនឲ្យប្រើសញ្ញាកាកបាទក្រហមនោះទេ ហើយនៅពេលដែលយើងប្រើវា ក៏គ្មានអ្នកណារំខានយើងដែរ។ យើងដាក់សញ្ញាកាកបាទក្រហមនៅលើរថយន្តរបស់យើង យើងដាក់នៅក្នុងការិយាល័យរបស់យើង ហើយក៏គ្មានអ្នកណារំខានយើងដែរ»។
នាង Mireille Titi នៃអង្គការកាកបាទក្រហមកាមេរូន និយាយថា ការប្រើប្រាស់សញ្ញាកាកបាទក្រហមខុសច្បាប់ អាចនាំឲ្យកើតមានការមិនជឿជាក់លើស្លាកសញ្ញានោះ។
នាងបន្ថែមថា ប្រសិនបើការប្រើដោយបំពាននៅតែបន្ត នោះក្រុមអ្នកស្ម័គ្រចិត្តរបស់ភ្នាក់ងារទាំងនេះ អាចនឹងក្លាយជាគោលដៅរបស់ពួកឧទ្ទាម ក្រុមសកម្មប្រយុទ្ធ និងសូម្បីតែកងទ័ពសាមញ្ញនៅក្នុងតំបន់ជម្លោះនោះ នៅពេលពួកគេបាត់បង់ភាពជឿជាក់ និងទំនុកចិត្តចំពោះស្លាកសញ្ញាទាំងនោះ៕
ប្រែសម្រួលដោយ សើ សាយ្យាណា