ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​បី​ជា​មាន​ការ​សន្យា​​របស់​លោក​ Buhari អំពើ​ហិង្សា​របស់​ក្រុម​ Boko Haram ​នៅ​តែ​បន្ត


កាល​ពី​នៅ​ជា​បេក្ខភាព​ប្រធានាធិបតី លោក​ Muhammadu Buhari ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​លើ​ការ​បញ្ចប់​ការ​លុកលុយ​ដោយ​ក្រុម Boko Haram។ ក៏ប៉ុន្តែ​ នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចាប់​តាំង​ពី​ពេល​លោក​ចូល​កាន់​តំណែង អំពើ​ហិង្សា​របស់​ក្រុម​សកម្មប្រយុទ្ធ​នោះ​មិនបាន​បង្ហាញ​សញ្ញា​ថមថយ​នៅ​ឡើយ។
កាល​ពី​នៅ​ជា​បេក្ខភាព​ប្រធានាធិបតី លោក​ Muhammadu Buhari ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​លើ​ការ​បញ្ចប់​ការ​លុកលុយ​ដោយ​ក្រុម Boko Haram។ ក៏ប៉ុន្តែ​ នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចាប់​តាំង​ពី​ពេល​លោក​ចូល​កាន់​តំណែង អំពើ​ហិង្សា​របស់​ក្រុម​សកម្មប្រយុទ្ធ​នោះ​មិនបាន​បង្ហាញ​សញ្ញា​ថមថយ​នៅ​ឡើយ។

នៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ ក្រុម​សកម្មប្រយុទ្ធ​ Boko Haram បាន​សម្លាប់​បុរស​នៅ​តាម​ភូមិ​នានា និង​បាន​បំផ្ទុះ​គ្រាប់បែក​ទៅលើ​វិហារ​គ្រិស្ត​សាសនា​ និង​វិហារ​ឥស្លាម​នៅ​ពាសពេញ​តំបន់​ភាគ​ខាង​ជើង​នៃប្រទេស​នីហ្សេរីយ៉ា ទោះ​បី​ជា​មាន​ការ​សន្យា​ពី​សំណាក់​ប្រធានាធិបតី​ថ្មី​ថា​នឹង​កម្ទេច​ចោល​មូលដ្ឋាន​គ្រឹះ​របស់​ក្រុមបះបោរ​នេះ​ ដែល​មាន​អាយុកាល​ប្រាំ​មួយ​ឆ្នាំ​មក​ហើយ​ក្តី។

កាល​ពី​នៅ​ជា​បេក្ខភាព​ប្រធានាធិបតី លោក​ Muhammadu Buhari ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​លើ​ការ​បញ្ចប់​ការ​លុកលុយ​ដោយ​ក្រុម Boko Haram។ ក៏ប៉ុន្តែ​ នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចាប់​តាំង​ពី​ពេល​លោក​ចូល​កាន់​តំណែង អំពើ​ហិង្សា​របស់​ក្រុម​សកម្មប្រយុទ្ធ​នោះ​មិនបាន​បង្ហាញ​សញ្ញា​ថមថយ​នៅ​ឡើយ។ នៅ​ក្នុង​អំពើ​ហិង្សា​កាល​ពី​សប្តាហ៍​មុន​ គេ​បាន​ឃើញ​ក្រុម​សកម្មប្រយុទ្ធ​នោះ​ធ្វើ​ការ​ហ៊ុំព័ទ្ធ​ ភូមិ​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ Maiduguri រដ្ឋ​ Borno ដោយ​បាន​សម្លាប់​មនុស្ស​ជាង​១៤៥​នាក់​ នៅ​តាម​ភូមិ​នានា​នៅ​ក្នុង​រដ្ឋ​នោះ ហើយ​បាន​ដាក់​បំផ្ទុះ​គ្រាប់​បែក​ទៅ​លើ​ក្រុម​អ្នក​បួងសួង​នៅ​ឯ​វិហារ​គ្រិស្ត​មួយ​នៅ​ក្រុង ​Potiskum ​រដ្ឋ​ Yobe ​ដែល​នៅ​ជិតខាង។

លោក Bashir Abdullahi គឺ​ជា​ប្រជាជន​មួយ​រូប​រស់នៅ​ក្រុង Jos នៅ​ភាគ​កណ្តាល​ឈៀង​ខាង​ជើង​នៃ​ប្រទេស​នេះ​ ជាទី​ដែល​ពួក​ Boko Haram ជាប់​សង្ស័យ​ថា​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​ បាន​ចាត់​ទី​ដៅ​វាយប្រហារ​ទៅ​លើ​វិហារ​អ៊ីស្លាម និង​ភោជនីយដ្ឋាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤៤​នាក់។ លោក​ Abdullahi បាន​និយាយ​ថា លោក​មាន​ការពេញចិត្ត​ទៅ​លើ​វិធានការ​របស់​លោក​ប្រធានាធិបតី Buhari ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​នោះ។

«ខ្ញុំ​ពិត​ជា​មាន​ជំនឿ​ថា លោក​ (Buhari) មាន​សមត្ថភាព​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នេះ​ ហើយ​លោក​អាច​ដោះស្រាយ​ជាមួយ​នឹង​ពួកនោះ​បាន»។

លោក Buhari បាន​កំណត់​ការ​រំពឹងទុក​ខ្ពស់​ពី​បែបផែន​ដែល​លោក​នឹង​ដោះស្រាយ​ចំពោះ​ក្រុម​សកម្មប្រយុទ្ធ​នេះ។ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​កាលពី​ខែ​មីនា គណបក្ស​ «សមាជ​ចម្រើន​ទៅ​មុខ» (Progressives Congress) របស់​លោក​ បាន​ដាក់​នូវ​ផ្ទាំង​បដា​នៅ​ជុំវិញ​ប្រទេស​ដែល​អាន​ថា «​យើង​នឹង​យក​ជ័យជម្នះ​លើ​ក្រុម​ Boko Haram»។ លោក​ Abubakar Kari ​សាស្រ្តាចារ្យ​មហាវិទ្យាល័យ​ Abuja ​បាន​និយាយ​ថា ​ប្រសិន​បើ​លោក​ប្រធានាធិបតី​ Buhari មិន​បាន​ជម្នះ​ក្រុម​ Boko Haram នោះ​ទេ​ លោក​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាជន​នីហ្សេរីយ៉ា។

«ប្រជាជន​នីហ្សេរីយ៉ា​ភាគ​ច្រើន​ បាន​រំពឹង​ទុក​ថា ​នឹង​ឃើញ​មាន​អ្វី​មួយ​ដែល​មាន​មូលដ្ឋាន​ខ្លាំងក្លា​ ​ភា្លមៗ​ និង​ជាក់លាក់។ ពួកគេ​មិន​បាន​រំពឹង​ពី​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក​ជា​ខ្សែស្រឡាយ​ពាស​ពេញ​ប្រទេស​បែប​នេះ​ទេ។ ពួកគេ​យល់​ថា មក​ទល់​នឹង​ពេល​នេះ​ ក្រុម​ Boko Haram គួរ​តែជា​រឿងដែល​កើត​មាន​ពីអតីត​កាល​តែ​ប៉ុណ្ណោះ។ ​ ពួកគេ​ហាក់​ដូច​ជា​មិនស្ងើច​សរសើរ​ចំពោះ​ការ​ដោះស្រាយ​ស្ថានភាព​នេះ​ឡើយ​ រហូត​មក​ដល់​ពេលនេះ»។

អ្នកស្រី​ Femi Adesina ​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​ Buhari និយាយ​ថា លោក​ប្រធានាធិបតី​កំពុង​តែ​ធ្វើ​ការ​លើ​គម្រោង​មួយ​ដែល​នឹង​មាន​ការ​រួមបញ្ចូល​កងទ័ព​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្រុម Boko Haram។

«រចនាសម្ព័ន្ធ​គម្រោង​ និង​យន្តការ​ត្រូវ​បាន​កំណត់​ឡើង​ជា​លំដាប់​សម្រាប់​កម្ទេច​ឲ្យ​ដល់​ទី​បញ្ចប់​មួយ​ប្រឆាំង​នឹង​ក្រុម​ Boko Haram ហើយ​រឿង​នេះនឹង​កើត​មាន​ឡើង»។

លោក​ប្រធានាធិបតី ​Buhari ​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ក្រៅ​ប្រទេស​ ហើយ​លោក​ប្រហែល​ជា​អាច​នឹង​ទទួល​បាន​ជំនួយ​នោះ។ លោក​ប្រធានាធិបតី​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេតវិមាន​នា​ចុង​ខែ​នេះ ហើយ​ដូចគ្នា​នេះ​ដែរ លោក Antony Blinken ​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កំពុងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នីហ្សេរីយ៉ា​ និង​នីហ្សេ​ នៅ​សប្តាហ៍​នេះ។ គេ​រំពឹង​ថា​ ក្រុម​ Boko Haram នឹងស្ថិត​នៅ​លើ​របៀបវារៈ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចទាំង​ពីរ​នេះ៕

ប្រែ​សម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG