ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កាកបាទក្រហម៖ ​ការហោះហើរ​ទីមួយ​ដឹក​ក្រុម​បុគ្គលិក​ពេទ្យ​​បាន​មក​ដល់​រដ្ឋធានី​នៃ​ប្រទេស​យេម៉ែន


ក្មេងៗ​ជិះ​លើ​ឡាន pick-up ដែល​មាន​រួម​ទាំង​អីវ៉ាន់​​ផង នៅ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រត់ភៀសខ្លួន​ចេញពី​ទីក្រុង​សាណាអា​ ដែល​កំពុង​តែ​ទទួល​រង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​កម្លាំ​ជម្រុះ​ដឹក​នាំ​ដោយប្រទេស​អារ៉ាប៊ីសាអូឌីត​ កាលពីថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០១៥។

គណៈកម្មាធិការ​អន្តរជាតិកាកបាទ​ក្រហម​និយាយ​ថា​ យន្តហោះ​ទី​មួយ​របស់​ខ្លួន​ដែល​ដឹក​ក្រុម​បុគ្គលិក​ពេទ្យ​ទៅ​កាន់​ប្រទេស​យេម៉ែន (Yemen)​ បាន​ទៅ​ដល់​រដ្ឋធានី​សាណាអា (Sana'a)​ ហើយ។​

លោក​ Dominik Stillhart ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​កាកបាទ​ក្រហម​បាន​កត់​សម្គាល់​ការ​ទៅ​ដល់​នៃ​យន្តហោះ​នេះ​តាមទ្វិទធ័រ (Twitter) កាល​ពី​ថ្ងៃ​អង្គារ​ហើយ​បាន​និយាយ​ថា ​ឱសថ​និង​បរិក្ខារ​ពេទ្យ​ដែល​មាន​សេចក្តី​ត្រូវការ​ជាបន្ទាន់នឹង​ទៅ​ដល់​តាម​យន្តហោះ​និង​កប៉ាល់​នៅ​ពេល​ណា​មាន​ការអនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​យេម៉ែន។

កាល​ពី​ថ្ងៃចន្ទ​ អង្គការ​កាកបាទ​ក្រហម​បាននិយាយ​ថា​ ខ្លួន​មិន​អាច​ប្រគល់​ឱសថ​និង​បរិក្ខារ​ពេទ្យ​រាប់​តោន​ឱ្យ​ប្រទេសយេម៉ែន​បាន​ទេ។ អង្គការ​នេះ​បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​ការ​យល់​ព្រម​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ហើយ​ ក៏​ប៉ុន្តែ​ កង្វល់​ខាង​ការ​ហោះ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​បាន​ពន្យា​ពេល​ដំណើរការ​នេះ។

ក្រុម​អ្នក​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ព្រមាន​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នេះ​ដែល​នៅ​ទីនោះ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ចម្រុះ​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ជិត​ពីរ​សប្តាហ៍​មក​ហើយ​ក្នុង​សេ​ចក្តី​សង្ឃឹម​ថា​នឹង​បញ្ឈប់​ការ​ជំរុល​ទៅ​មុខនៃ​ពួក​ឧទ្ទាម ​Shi'ite Houthi ​ដែល​បាន​វាយ​យក​បាន​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​យេម៉ែន។

នៅ​លើដី​ ពួក​ឧទ្ទាម​បាន​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក​ប្រធានាធិបតី​ Abd-Rabbu Mansour Hadi ប្រធានាធិបតី​នៃ​ប្រទេសយេម៉ែន ដែល​បាន​ទទួល​ការគាំ​ពី​ទ្រ​អន្តរជាតិ៕

XS
SM
MD
LG