ក្រុមមន្រ្តីប្រទេសយេម៉ែននិយាយថា កងទ័ពដែលស្មោះត្រង់នឹងប្រធានាធិបតីដែលគេបណ្តេញចេញពីតំណែង បានកាន់កាប់ចំណតអាកាសយានអន្តរជាតិនៅក្នុងទីក្រុង Adenប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីយេម៉ែននៅពេលបច្ចុប្បន្ននេះបានរត់គេចខ្លួនពីគេហដ្ឋានរបស់លោកនៅក្នុងទីក្រុងនោះ។
ការបាត់បង់ចំណតអាកាសយានទីក្រុង Aden ដែលបានផ្អាកកិច្ចប្រតិបត្តិការកាលពីថ្ងៃពុធរួចទៅហើយនោះ កើតមានឡើងនៅពេលដែលក្រុមឧទ្ទាម Houthi និកាយស៊ីអ៊ីដដែលគាំទ្រដោយកងយោធាបានបន្តវាយប្រហារឆ្ពោះទៅកាន់ទីក្រុងក្នុងក្តីសង្ឃឹមថានឹងកាន់កាប់ទីក្រុងនោះ។
កាលពីព្រឹកថ្ងៃពុធ យន្តហោះចំបាំងយេម៉ែនមកពីមូលដ្ឋានទ័ពដែលត្រួតត្រាដោយក្រុមឧទ្ទាម Houthi និងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយប្រហារគេហដ្ឋានប្រធានាធិបតីនៅក្នុងទីក្រុង Aden។ ក្រុមមន្រ្តីនិយាយថា ប្រធានាធិបតី Abdrabbu Mansour Hadi មានសុវត្ថិភាពនៅទីកន្លែងមួយដែលមិនប្រាប់ឲ្យដឹង។ មានសេចក្តីរាយការណ៍ប្រទាញប្រទង់គ្នាអំពីទីកន្លែងលាក់ខ្លួនរបស់លោកប្រធានាធិបតី។
លោក Mohamed Meram អ្នកជំនួយការរបស់ប្រធានាធិបតី Hadi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកប្រធានាធិបតីមានសុខភាពល្អហើយកំពុងបញ្ជាការទប់ទល់នៅតំបន់ភាគខាងត្បូងនិងប្រជាពលរដ្ឋដើម្បីរារាំងការរុលចូលរបស់កងកម្លាំងកងជីវពលនៅក្នុងទីក្រុង Aden។
នៅក្នុងលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ លោក Hadi បានសុំឲ្យបើកកិច្ចប្រជុំជាបន្ទាន់ហើយនិងអនុម័តសេចក្តីសម្រេចចិត្តមួយដើម្បីអនុញ្ញតិឲ្យមានអន្តរាគមន៍ខាងយោធាដើម្បីកំញើញការគគ្លើនរបស់ក្រុមកងជីវពល Houthi៕