ពួកជនសកម្មប្រយុទ្ធអាល់កៃដា (Al-Qaida) បានវាយយកបានមូលដ្ឋានយោធា យេម៉ែន (Yemen) សំខាន់មួយនៅក្នុងក្រុង Mukalla ក្នុងប៉ែកខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃក្រោយពីពួកគេបានឆ្មក់ចូលលុកក្នុងគុកមួយនៅទីនោះហើយបានរំដោះអ្នកទោស៣០០នាក់ដោយមានរួមបញ្ចូលទាំងមេអាល់កៃដាសំខាន់ម្នាក់ផងដែរ។
ក្រុមមន្ត្រីយោធាយេម៉ែន និយាយថា ពួកជនសកម្មប្រយុទ្ធប្រឈមមុខនឹងការទប់ទល់បន្តិចបន្តួចនៅពេលពួកគេវាយយកបានគុកនោះ។
នៅឯប៉ែកខាងលិចប្រទេស ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត(Saudi Arabia) ដែលខិតខំប្រឹងប្រែងបញ្ឈប់ការរុលទៅមុខនៃពួកឧទ្ទាម Houthi Shi'ite បានទម្លាក់អាវុធតាមឆត្រយោងទៅឱ្យពួកយុទ្ធជនដែលប្រយុទ្ធប្រឆាំងនឹងពួក Houthis នៅក្នុងក្រុងកំពង់ផែ Aden នាប៉ែកខាងត្បូងប្រទេស។
កាលពីថ្ងៃសុក្រ ការប្រយុទ្ធគ្នាតាមផ្លូវបានកើតឡើងខ្លាំងទ្បើងៗនៅក្នុងក្រុង Aden ដោយកងកម្លាំងស្មោះត្រង់ជាមួយលោកប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលមានការគាំទ្រពីអន្តរជាតិ ប្រឹងប្រែងទប់ទល់នឹងពួក Houthis កុំឱ្យពួកគេវាយយកបានក្រុងនេះដែលជាសំបុកនៅសេសសល់ចុងក្រោយបង្អស់របស់ពួកអ្នកគាំទ្រលោក Hadi។
កងយន្តហោះចម្បាំងរបស់ក្រុមចម្រុះបានធ្វើការវាយប្រហារតាមអាកាស។ ពួកមន្ត្រីនិយាយថា មានពួកឧទ្ទាមយ៉ាងតិចណាស់១០នាក់បានត្រូវសម្លាប់នៅក្នុងការប្រយុទ្ធគ្នា៕