ឯកអគ្គរាជទូតប្រទេសអារ៉ាប៊ី សាអូឌីតប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា យុទ្ធនាការវាយប្រហារតាមអាកាសដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ី សាអូឌីតប្រឆាំងនឹងក្រុមឧទ្ទាម Houthi និកាយស៊ីអ៊ីដនៅក្នុងប្រទេសយេម៉ែនគឺជាសង្គ្រាមចាំបាច់ មិនមែនជាសង្គ្រាមដោយប្រយោលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទេ។ ថ្វីបើសម្ព័ន្ធអារ៉ាប់បានសម្រេចបង្កើតកងកម្លាំងអន្តរាគមន៍រួមគ្នា ក៏ប៉ុន្តែសម្ព័ន្ធភាពនេះគ្មានផែនការភ្លាមៗដើម្បីដាក់កងទ័ពថ្មើរជើងនៅក្នុងប្រទេសយេម៉ែនទេ។
លោក Adel al-Jubeir ឯកអគ្គរាជទូតអារ៉ាប៊ី សាអូឌីត និយាយថា គោលបំណងនៃយុទ្ធនាការវាយប្រហារតាមអាកាសគឺដើម្បីការពារប្រជាពលរដ្ឋហើយនិងរដ្ឋាភិបាលយេម៉ែនប្រឆាំងនឹងក្រុម Houthis ដែលលោកពណ៌នាថា ជាអង្គការប្រកាន់គោលនយោបាយជ្រុលនិយមដែលមានចំណងទាក់ទងជាមួយប្រទេសអ៊ីរ៉ង់និងក្រុម Hezbollah។ លោកក៏និយាយដែរថា យុទ្ធនាការរបស់អារ៉ាប៊ី សាអូឌីតបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ទៅតាមបញ្ជារដ្ឋាភិបាលប្រទេសយេម៉ែនស្របច្បាប់របស់លោកប្រធានាធិបតី Abd Rabbou Mansur Hadi ហើយនិងមានគោលបំណងធ្វើឲ្យមានសន្តិភាពនិងស្ថេរភាពឡើងវិញដល់ប្រទេសជិតខាងនៅផ្នែកខាងត្បូងប្រទេសអារ៉ាប៊ី សាអូឌីត។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ដែលបាននិយាយកាលពីថ្ងៃសុក្រជាមួយព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ី សាអូឌីត បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រសកម្មភាពធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងរីយ៉ាដ (Riyadh) ហើយនិងដៃគូនានារបស់រដ្ឋាភិបាលនោះនៅក្នុងប្រទេសយេម៉ែន ដោយនិយាយថា លោកទាំង២បានព្រមព្រៀងគ្នាលើគោលដៅមួយគឺធ្វើឲ្យមានស្ថេរភាពដ៏ស្ថិតស្ថេរដល់ប្រទេសយេម៉ែនតាមរយៈដំណោះស្រាយខាងនយោបាយដោយការចរចាគ្នា។
ឯកអគ្គរាជទូតអារ៉ាប៊ី សាអូឌីត ដែលបង្ហាញខ្លួននៅតាមបណ្តាញទូរទស្សន៍ CBS ក្នុងកម្មវិធី Face the Nation បាននិយាយថា ការវាយប្រហារតាមអាកាសទាក់ទិនប្រទេសជាង១០នេះនឹងបន្តរហូតដល់សម្រេចគោលដៅ។ លោកបានហៅការវាយប្រហារនេះថា ជាសង្គ្រាមដ៏ចាំបាច់ គឺមិនមែនជាសង្គ្រាមប្រយោលរវាងអារ៉ាប៊ី សាអូឌីតដែលកាន់សាសនាអ៊ីស្លាមនិកាយស៊ុននី និងអ៊ីរ៉ង់កាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីដនោះទេ។
«យើងគ្មានជម្រើសទេ។ យើងបានព្យាយាមគ្រប់លទ្ធភាពដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសនេះ។ ប្រជាពលរដ្ឋយេម៉ែនបានព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ចៀសការវាយប្រហារនេះដែរ។ កិច្ចព្រមព្រៀងបានធ្វើហើយ ប៉ុន្តែគ្រប់កិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយក្រុម Houthis គឺកិច្ចព្រមព្រៀងចំនួន៦៧ ដែលក្រុម Houthis មិនបានយកចិត្តទុកដាក់។
ដូច្នេះ ពួកគេបន្តត្រួតត្រាប្រទេសនោះ ហើយពេលដែលពួកគេសឹងតែកាន់កាប់កំពង់ផែទីក្រុង Aden ដោយមានប្រធានាធិបតី Abd Rabbou Mansur Hadi នៅទីនោះ យើងត្រូវតែចូលពាក់ព័ន្ធនៅក្នុងការជួយរដ្ឋាភិបាលស្របច្បាប់នេះ»។
លោកឯកអគ្គរាជទូតមានប្រសាសន៍ទៀតថា គ្មានផែនការដើម្បីបញ្ជូនទ័ពថ្មើរជើងក្នុងប្រទេសយេម៉ែនទេ ក៏ប៉ុន្តែមន្រ្តីយោធាអារ៉ាប៊ី សាអូឌីតម្នាក់ និយាយថា ការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ខ្លះៗឆ្លងកាត់ព្រំដែន ទៅលើក្រុម Houthis ក្នុងតំបន់ខាងជើងនៃប្រទេសយេម៉ែន។
លោក Jubeir មានប្រសាសន៍ទៀតថា អ៊ីរ៉ង់បានទាក់ទិនយ៉ាងខ្លាំងនៅក្នុងការគាំទ្រក្រុម Houthis។
«ក្រុម Houthis ជាចលនាខាងមនោគមវិជ្ជាដែលមានការពាក់ព័ន្ធនឹងអ៊ីរ៉ង់។អ៊ីរ៉ង់បានផ្តល់អាវុធដល់ពួកគេ។ អ៊ីរ៉ង់បានផ្តល់ទីប្រឹក្សាដល់ពួកគេ ហើយអ៊ីរ៉ង់បានផ្តល់ប្រាក់ដល់ពួកគេ»។
អ៊ីរ៉ង់បានបដិសេធការថា ខ្លួនមិនបានផ្តល់អាវុធដល់ក្រុម Houthis ទេ។
សមាជិកព្រឹទ្ធសភា Richard Burr ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដដែលនោះថា អ៊ីរ៉ង់បានពាក់ព័ន្ធ ហើយក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ី សាអូឌីតមិនអាចអនុញ្ញាតឲ្យអ៊ីរ៉ង់ចូលទៅក្នុងប្រទេសយេម៉ែនទេ។
«យើងហៅពួកគេថា Houthis ក៏ប៉ុន្តែក្រុមនេះជាអ៊ីរ៉ង់។ អ៊ីរ៉ង់បានផ្តល់ហិរញ្ញវត្ថុដល់ពួកគេ។ ក្រុម Houthis បានពិគ្រោះយោបល់ជាមួយពួកគេ។ អ៊ីរ៉ង់បានបញ្ជូនអាវុធ ហើយតាមការណ៍ពិតគឺថា រដ្ឋនៅឈូងសមុទ្រគឺក្រុមចម្រុះនេះនឹងមិនឱបដៃឈរមើលនោះទេ»។
លោក Burr មានប្រសាសន៍ទៀតថា ដោយសារតែខ្វះវត្តមានសហរដ្ឋអាមេរិក ភេរវកម្មបានរីកលូតលាស់ក្នុងតំបន់មជ្ឈឹមបូព៌ា ហើយកំពុងរាលដាលទៅតំបន់អាហ្វ្រិកខាងជើងនិងអាស៊ីកណ្តាលទៀត។
នៅពេលបញ្ចប់សន្និសីទកំពូល២ថ្ងៃនៅតំបន់លំហែកាយ Sharm el-Sheikh នៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យនោះ លោក Nabil Elaraby អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានព្រមានថា យេម៉ែនហៀបធ្លាក់ចូលរណ្តៅដែលតម្រូវឲ្យមានចំណាត់ការប្រកបដោយប្រសិទ្ធិភាពរបស់អារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ចប់អ្វីដែលលោកបានហៅថា រដ្ឋប្រហាររបស់ Houthis ហើយនិងដើម្បីស្រោចស្រង់រដ្ឋាភិបាលស្របច្បាប់នោះឡើងវិញ។ លោក និយាយបន្តទៀតថា សម្ព័ន្ធអារ៉ាប់បានព្រមព្រៀងគ្នាជាគោលការណ៍ដើម្បីបង្កើតកងកម្លាំងអន្តរាគមន៍អារ៉ាប់រួមគ្នាដើម្បីប្រឈមមុខបញ្ហាក្នុងតំបន់ហើយនិងរក្សាអត្តសញ្ញាណជាតិអារ៉ាប់។
លោក Amin Saikal អ្នកវិភាគក្នុងតំបន់នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី ជឿជាក់ថា គេត្រូវចំណាយពេលរាប់សិបខែ ទើបប្រទេសចូលរួមក្នុងសម្ព័ន្ធអារ៉ាប់នេះអាចបង្កើតកងកម្លាំងបែបនេះបាន។
«ខ្ញុំគិតថា នេះជាអ្វីដែលប្រធានាធិបតី Abdel Fattah el-Sissi នៃប្រទេសអេហ្ស៊ីបចង់បានក្នុងឋានៈជាឧត្តមសេនីយ៍យោធាម្នាក់ ហើយឥឡូវនេះលោកមានកិច្ចព្រមព្រៀងរបស់សម្ព័ន្ធអារ៉ាប់ ក៏ប៉ុន្តែជាការណ៍ពិត គេមិនទាន់ប្រាកដនៅឡើយថា ប្រទេសអារ៉ាប់ទាំងអស់ចំនួន២៤នឹងចូលរួមនៅក្នុងការបង្កើតកងកម្លាំងនេះឬទេ»។
លោក Siakal និយាយបន្តទៀតថា ការខ្វះសាមគី្គភាពក្នុងចំណោមរដ្ឋជាសមាជិក បានធ្វើឲ្យមានការរកាំចិត្តនៅក្នុងការខំប្រឹងប្រែងកាលពីអតីតកាលដើម្បីបង្កើតកងកម្លាំងបែបនេះ។ លោកនិយាយបន្តទៀតថា គេមិនទាន់ច្បាស់នៅឡើយថា តើប្រទេសណានឹងផ្តល់ហិរញ្ញវត្ថុ សំភារៈ ឬផ្តល់កងទ័ពសម្រាប់កម្លាំងបែបនេះទេ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកក្នុងបណ្តាញទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press លោកឯកអគ្គរាជទូត Jubeir បានមានប្រសាសន៍ទៀតថា អារ៉ាប៊ី សាអូឌីតនិងអ៊ីរ៉ង់អាចរស់នៅដោយសន្តិភាពជាមួយគ្នាឬមិនអាចនោះ គឺអាស្រ័យលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ (Tehran)។ លោកមានប្រសាសន៍ទៀតថា ប្រទេសរបស់លោកបានក្លាយជាជនរងគ្រោះម្តងហើយម្តងទៀត ដោយសារភាពគឃ្លើនរបស់អ៊ីរ៉ង់ ហើយសំណើសន្តិភាពរបស់អារ៉ាប៊ី សាអូឌីតត្រូវគេច្រានចោល។
លោក Jubeir បានមានប្រសាសន៍ថា ព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត គាំទ្រកិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ប៉ុន្តែលោកនិយាយថា កិច្ចព្រមព្រៀងនោះត្រូវតែជាកិច្ចព្រមព្រៀងដ៏ប្រាកដប្រជា ដែលមិនឲ្យអ៊ីរ៉ង់មានលទ្ធភាពធ្វើអាវុធនុយក្លេអ៊ែបានទេ ហើយកិច្ចព្រមព្រៀងនោះត្រូវតែអាចផ្ទៀងផ្ទាត់បាន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន