ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង Raqqa ត្រូវ​បាន​កសាង​ឡើង​វិញ​បន្តិច​ម្ដងៗ ក្រោយ​ការ​រំដោះ​ពី​ក្រុម​រដ្ឋ​ឥស្លាម


Swings are seen at a park in central Raqqa that was recently restored, nearly two years after IS was removed from the city, in Raqqa, Syria, June 25, 2019. (Courtesy photo)
Swings are seen at a park in central Raqqa that was recently restored, nearly two years after IS was removed from the city, in Raqqa, Syria, June 25, 2019. (Courtesy photo)

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​កំពុង​បន្ត​ក្នុង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ទីក្រុង Raqqa ប្រទេស​ស៊ីរី ក្នុង​រយៈពេល​ជិត ២ ឆ្នាំ ក្រោយ​មក បន្ទាប់​ពី​ទីក្រុង​នេះ​ត្រូវ​បាន​វាយ​យក​បាន​មក​វិញ​ពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (IS)។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​សេវាកម្ម​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង។ ប៉ុន្តែ​ក្រុម​សកម្មជន​មួយ​ចំនួន​កំពុង​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ទៀត​ដោយ​ស្ដារ​ឡើង​វិញ​នូវ​សួន​ឧទ្យាន កន្លែង​ក្មេង​លេង និង​ទីលាន​សាធារណៈ​នានា។

កង​កម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​រំដោះ​ទីក្រុង Raqqa ពី​ពួក​រដ្ឋ​ឥស្លាម​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧។

ប៉ុន្តែ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល ៣ ខែ ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ភាគ​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីលាន​សាធារណៈ និង​ឧទ្យាន​នានា​ផង​ដែរ ដែល​ពី​មុន​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​ភេរវជន ដើម្បី​ធ្វើ​ជា​កន្លែង​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​ជា​សាធរណៈ។

ក្រុម​សកម្មជន​ដែល​ចូលរួម​ក្នុង​បេសកកម្ម​កសាង​ទីកន្លែង​ទាំង​នេះ​ឡើង​វិញ និយាយ​ថា​ពួក​គេ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចម្បង​ទៅ​លើ​គម្រោង​ទាំង​ឡាយ​ណា​ដែល​អាច​ប្ដូរ​មុខ​មាត់​នៃ​ទីក្រុង​នេះ​បាន បន្ទាប់​ពី​រស់នៅ​ក្នុង​ភាព​ភ័យ​តក់ស្លុត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក។

ប្រធាន​អង្គការ​មូលនិធី​ស៊ីរី​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព (Syrian Foundation for Sustainable Development) ដែល​ជា​អង្គការ​ក្នុង​ស្រុក​មួយ​ធ្វើ​ការ​ជាមួយ​គម្រោង​ស្ថាបនា​ឡើង​វិញ​ជា​ច្រើន​នៅ​ទីក្រុង Raqqa បាន​និយាយថា គំនិត​នៅ​ពី​ក្រោយ​ការ​គាំទ្រ​គម្រោង​ទាំង​នេះ​គឺ​ការ​ប្រែ​ក្លាយ​ទីក្រុង Raqqa ដែល​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ធ្លាប់​អះអាង​ថា​ជា​ដែនដី​ឥស្លាម​របស់​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ដ៏​ស្រស់​ថ្លា និង​មាន​ភាព​ចម្រុះ​ពណ៌។

លោក​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «កាល​ពី​ពេល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម មាន​តែ​ពណ៌​មួយ​គត់​ដែល​គេ​ឃើញ​មាន​ញឹក​ញាប់​ ហើយ​ជា​ពណ៌​ដែល​អនុញ្ញាត​ឲ្យ​ប្រើ ដែល​នោះ​គឺ​ពណ៌​ខ្មៅ។ ពណ៌​ដែល​យើង​ប្រើ​នា​ពេល​នេះ​នៅ​ខណៈ​ដែល​យើង​ជួស​ជុល​ឧទ្យាន​ទាំង​នេះ តំណាង​ឲ្យ​ភាព​ផ្សេងៗ​គ្នា និង​ការ​អត់​ធ្មត់»។

រូបឯកសារ៖ រូបថត​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន បង្ហាញ​ពី​ទិដ្ឋភាព​ទីក្រុង Raqqa កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ រូបថត​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន បង្ហាញ​ពី​ទិដ្ឋភាព​ទីក្រុង Raqqa កាល​ពី​ឆ្នាំ​២០១៧។

ការ​រីក​រាយ​នឹង​ជីវិត​ក្រោយ​ពេល​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​រដ្ឋ​ឥស្លាម

ក្នុង​ពេល​ដែល​ខ្លួន​បាន​គ្រប់​គ្រង​ទីក្រុង​នេះ ក្រុម​រដ្ឋ​ឥស្លាម​បាន​ដាក់​កម្រិត​សកម្មភាព​សង្គម​យ៉ាង​តឹង​រ៉ឹង​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​ទីក្រុង Raqqa និង​ទី​កន្លែង​ផ្សេង​ទៀត​នៃ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

ជា​ពិសេស​ស្ត្រី​ត្រូវ​តម្រូវ​ឲ្យ​ពាក់​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ដោយ​គ្រប់​ជិត​រាង​កាយ​ទាំង​មូល​រួម​ទាំង​មុខ​ផង​ដែរ។ អ្នក​ដែល​មិន​គោរព​បទ​បញ្ជា​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ ដែល​រួម​មាន​ការ​ដាក់​ពន្ធនាគារ និង​ការ​វាយ​នឹង​រំពាត់​ផង​ដែរ។

ក្រុម​រដ្ឋ​ឥស្លាម​ក៏​បាន​ប្រែ​ក្លាយ​ទីលាន al-Naeem ដែល​ធ្លាប់​ជា​ទី​មាន​ភាព​មមាញឹក​នៅ​ក្នុង​ទីក្រុង​ Raqqa ឲ្យ​ទៅ​ជា​កន្លែង​សម្រាប់​អនុវត្ត​ការ​ប្រហារ​ជីវិត​ជា​សាធារណៈ ដែល​ធ្វើ​ឲ្យ​សហគមន៍​ជា​ច្រើន​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង់​ដ៏​ព្រៃ​ផ្សៃ​របស់​ក្រុម​នេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ មាន​ការ​ភ័យ​ខ្លាច។

លោក al-Hendi និយាយ​ថា៖ «អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ការ​ប្រែ​ក្លាយ​តំបន់​ទាំង​នេះ​ដែល​ធ្លាប់​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្លាប់​ឲ្យ​ទៅ​ជា​កន្លែង​ដែល​អាច​រីករាយ​ជាមួយ​នឹង​ជីវិត​ពេញ​លេញ​បំផុត»។

លោក Aslan Mamo វិចិត្រករ​ល្បី​ម្នាក់​ដែល​បាន​ប្ដេជ្ញា​ធ្វើ​ការ​កែប្រែ​មុខ​មាត់​នៃ​ឧទ្យាន​ទាំង​ឡាយ​នៅ​ទីក្រុង Raqqa និយាយ​ថា គម្រោង​ទាំង​នេះ​នាំ​មក​នូវ​ក្ដី​សង្ឃឹម និង​ក្ដី​រីក​រាយ​សម្រាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង Raqqa។

លោក​និយាយ​ថា៖ «យើង​មិន​មែន​គ្រាន់តែ​សាង​សង់​ឧទ្យាន​នេះ​ឡើង​វិញ​ដើម្បី​ឲ្យ​តែ​រួច​ពី​ដៃ​នោះ​ទេ។ យើង​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​សាង​ឡើង​ពី​ពេល​នេះ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ពីព្រោះ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​បំផ្លាញ​ប្រជាជន​ពី​ខាង​ក្នុង ហើយ​ព្យាយាម​សម្លាប់​រស់​ជាតិ​នៃ​សម្រស់​របស់​ពួក​គេ»។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា ពួក​គេ​ក៏​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ​ផង​ដែរ​នៅ​ទីវាល​សម្រាប់​លេង​កីឡា សាលា​បឋម​សិក្សា និង​ទីកន្លែង​ផ្សែង​ទៀត​នៅ​ក្នុង​ទីក្រុង​នេះ។

នៅ​ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួក​គេ​វិញ​នៅ​ទីក្រុង Raqqa បន្ទាប់​ពី​ទីក្រុង​នេះ​ត្រូវ​បាន​រំដោះ​បាន​ពី​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​មក អ្នក​ជំនាញ​នានា​បាន​បញ្ជាក់​ថា ការ​សាង​សង់​ឡើង​វិញ​នូវ​អាគារ​ទំនើបៗ​នឹង​ទាក់​ទាញ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ពិចារណា​ត្រឡប់​មក​កាន់​ទីក្រុង​នេះ​វិញ​នា​ពេល​អនាគត។

លោក al-Abo វិស្វករ​សំណង់​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Raqqa ដែល​បាន​ជួយ​ក្នុង​ការ​កសាង​ឡើង​វិញ​នូវ​ឧទ្យាន​ជាច្រើន​នៅ​ក្នុង​ទីក្រុង Raqqa និយាយ​ដូច្នេះ​ថា៖ «ការ​ស្ដារ​សេវា​សាធារណៈ​ឡើង​វិញ​ដូចជា​ ឧទ្យាន និង​មជ្ឈមណ្ឌល​កម្សាន្ត​នានា គឺ​ជា​កត្តា​ចម្បង​នៃ​ការ​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ស្ថិរភាព​ឡើង​វិញ»។

លោក​បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA ថា ក្រុម​របស់​លោក​មាន​បំណង​សាង​សង់​ឡើង​វិញ​នូវ​គ្រប់​ឧទ្យាន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​នេះ ដែល​ជា​ទីក្រុង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ឬ​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ក្នុង «គោល​បំណង​អាក្រក់»។

រូបឯកសារ៖ មនុស្ស​នាំ​គ្នា​ហែល​ទឹក​នៅ​ទន្លេ Euphrates ក្នងុ​ពេល​អាកាស​ធាតុ​ក្ដៅ នៅ​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាល​ពី​ខែ​ឧសភា ២០១៩។
រូបឯកសារ៖ មនុស្ស​នាំ​គ្នា​ហែល​ទឹក​នៅ​ទន្លេ Euphrates ក្នងុ​ពេល​អាកាស​ធាតុ​ក្ដៅ នៅ​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាល​ពី​ខែ​ឧសភា ២០១៩។

ការ​រួម​ចំណែក​របស់​សហរដ្ឋ​អមេរិក

សកម្មជន​នានា​បាន​បញ្ជាក់​ថា គំនិត​ផ្ដួច​ផ្ដើម​នេះ​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ទាំង​ស្រុង​ដោយ​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ដែល​ហៅ​កាត់​ថា USAID។ ទីភ្នាក់ងារ USAID ជា​ស្ថាប័ន​រដ្ឋាភិបាល​សហព័ន្ធ ដែល​រ៉ាប់រង​ខាង​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​សហគមន៍​នានា​ដែល​ត្រូវ​ការ​ជំនួយ​នៅ​ជុំវិញ​ពិភពលោក។

សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​រួម​វិភាគទាន​ដ៏​ចម្បង​នៅ​ក្នុង​ការ​កសាង​ឡើង​វិញ​នូវ​ទីក្រុង Raqqa និង​ទីក្រុង​ដទៃ​ទៀត​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

កាល​ពី​ខែ​មិនា​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង ៣៩៧ លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ស៊ីរី ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់​ដែល​ទើបតែ​ត្រូវ​បាន​រំដោះ​ចេញ​ពី​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ទឹក​ប្រាក់​ទាំង​នេះ ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​សហរដ្ឋ​អាមេរិក​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នៅ​ស៊ីរី បាន​កើន​ឡើង​រហូត​ដល់​ជាង ៩ ពាន់ ៥ រយ​លាន​ដុល្លារ ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំ ២០១១ មក។

នៅ​ក្នុង​ទីក្រុង Raqqa ពលរដ្ឋ​រស់​នៅ​ទីក្រុង​នេះ​សង្ឃឹម​ថា គំនិត​ផ្ដួច​ផ្ដើម​បែប​នេះ​នឹង​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ​ផ្សេង​ទៀត​ឲ្យ​វិនិយោគ​បន្ថែម​លើ​ការ​កសាង​ទីក្រុង​របស់​ពួក​គេ​ឡើង​វិញ។

លោក Hamoud al-Salih អាយុ ៣៩ ឆ្នាំ ដែល​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង Raqqa និយាយ​ថា៖ «នៅ​ខណៈ​ដែល​មិន​ទាន់​មាន​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ជួយ​ផ្គត់​ផ្គង់​ថវិកា​ដោយ​ខ្លួន​ឯង​បាន​នា​ពេល​នេះ មាន​តែ​ជំនួយ​អន្តរជាតិ​ទេ​ដែល​អាច​នាំ​មក​នូវ​ភាព​ប្រក្រតី​ឡើង​វិញ​សម្រាប់​ទីក្រុង​នេះ»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG