ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាកបាទ​ក្រហម​អន្តរជាតិ៖ គ្រួសារ​យុទ្ធជន​បរទេស​នៅ​ស៊ីរី​គួរ​តែ​អាច​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​ខ្លួន​វិញ


រូបភាព​ឯកសារ៖ មនុស្សម្នា​ដើរ​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន al-Hol ក្នុង​ក្រុង Hasaka ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

កាកបាទក្រហម​អន្តរជាតិ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​យុទ្ធជន​បរទេស​ដែល​ជាប់​សង្ស័យ​ថា​ មាន​ជាប់ពាក់ព័ន្ធ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

មនុស្ស​ជាង​៧០.០០០នាក់​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ជំរំ​ភៀស​ខ្លួន Al Hol បន្ទាប់​ពី​ទាហាន​រដ្ឋាភិបាល​ស៊ីរី​វាយ​ដណ្តើម​កាន់កាប់ក្រុង Deirel-Zour ដែល​ជា​ទីតាំង​ឈរ​ជើង​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម។ ក្នុង​ចំណោមអ្នក​ទាំង​អស់​នោះ​រួម​មាន​សមាជិក​គ្រួសារ​ចំនួន​១១.០០០នាក់​របស់​ក្រុម​យុទ្ធជន​មក​ពី​ប្រទេស​មួយ​ចំនួន ដែល​ពួកគេ​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម។

ប្រធានកាកបាទក្រហម​អន្តរជាតិ​សម្រាប់​តំបន់​មជ្ឈិមបូព៌ា និង​ក្បែរ​អាស៊ី លោក​ Fabrizio Carboni និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ជំរំ Al Hol និង​តំបន់​ក្បែរ​នោះ​ កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ផ្លូវ​ច្បាប់​មិន​ប្រាកដ​ប្រជា នៅក្នុង​កន្លែង​មាន​ជម្លោះ និង​មាន​ស្ថានភាព​អស្ថិរភាព។

លោក​បាន​និយាយ​ថា៖

«សូម្បី​តែ​សម្រាប់​ប្រទេស​ជាតិ​មួយ វា​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ចំនួន​ប្រជាជន​នេះ​ដែរ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចំណាយ​ពេល​នៅ​ទីនោះ​រាប់​ខែ ឬ​អាច​រាប់​ឆ្នាំ ដោយ​ត្រូវ​រស់​នៅ​ជាមួយ​សំឡេងគ្រាប់​បែក ភាព​អត់​ឃ្លាន រង​របួស មាន​ជំងឺ និង​ការ​រន្ធត់​បាក់​ស្មារតី។ ខ្ញុំ​គិត​ថា វា​ជា​មហាវិនាស​កម្ម​មួយ»។

លោក Carboni និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​មាន​ឥទ្ធិពល​ ចាត់​ទុក​ជា​ជនរងគ្រោះ ឬ​ជា​ឧក្រិដ្ឋជន។ លោក​និយាយ​ថា សូម្បី​តែ​កូន​ក្មេង​ដែល​ភាគច្រើន​មាន​អាយុ​ក្រោម​១២ឆ្នាំ ដែល​មាន​ចំនួន​២ភាគ៣ នៃ​ចំនួន​មនុស្ស​នៅ​ជំរំ Al Hol ក៏​ត្រូវ​បាន​គេ​សង្ស័យ​ផង​ដែរ។ លោក​ហៅ​ការ​ចាត់ទុក​មនុស្ស​ជា​ក្រុម​ថា​ជា​ឧក្រិដ្ឋជន​នេះ ជា​ទម្រង់​មួយ​នៃ​ការ​ដាក់​ទោសទណ្ឌ​ជា​រួម។

លោក​យល់​ស្រប​ថា ការ​មិន​ព្រម​ធ្វើ​មាតុភូមិ​និវត្តន៍​យុទ្ធជន​រដ្ឋ​ឥស្លាម​គឺជា​នយោបាយ​ដ៏​អាក្រក់។ លោក​បាន​កត់សម្គាល់​ថា ប្រទេស​ជា​ច្រើន​រុញរា​មិន​ហ៊ាន​ទទួល​យក​ពលរដ្ឋ​ខ្លួន​វិញ​ទេ សូម្បី​តែកូន​ក្មេង​ក៏​ដោយ ដោយសារ​តែ​គេ​យល់​ថា ជន​ទាំង​នេះ​អាច​បង្ក​ហានិភ័យ​សន្តិសុខ។ ប៉ុន្តែ​ លោក​បាន​និយាយ​ថា វា​ជា​រឿង​ដ៏​អសលីធម៌​ណាស់​ដែល​គិត​ថា ក្មេងៗ​នៅ​កន្លែង​មាន​ជម្លោះ ជា​ឧក្រិដ្ឋជន​ ហើយ​បែរ​មិន​ចាត់​ទុក​ពួកគេ​ជា​ ជន​រងគ្រោះ។

លោក​បាន​និយាយ​ថា៖ «ប្រទេស​មួយ​ចំនួន​បាន​ការពារ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅ​ក្នុង​វេទិកា​អន្តជាតិ​ថា ក្មេងៗ​ទាំង​នោះ​ជា​ជនរងគ្រោះ និង​មិន​ត្រូវ​ចាត់​ទុក​ថា ជា​ឧក្រិដ្ឋជន​នោះ​ទេ។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ប្រទេស​ទាំង​នោះ​នៅ​តែ​រុញរា​ក្នុង​ការ​ទទួល​យក​ក្មេងៗ​ទាំង​នោះ​ទៅ​វិញ។ វា​អាក្រក់​មើល​ណាស់»។

លោក Carboni​ បាន​ព្រមាន​ថា ប្រទេស​ទាំង​នោះ​ នៅ​ថ្ងៃ​ណា​មួយ​ នឹង​ត្រូវ​ខាតបង់​ច្រើន ដោយសារ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ។ លោក​និយាយ​ថា ការ​អនុញ្ញាត​ឲ្យ​មនុស្សម្នា​ជាប់​ក្នុង​ស្ថានភាព​អាក្រក់​ ដោយ​គ្មាន​ដំណោះស្រាយ​នោះ ទំនង​នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​ កាន់​តែ​យ៉ាប់​ទៅៗ។ លោក​និយាយ​ថា ការ​ចាត់​ទុក​ក្រុម​មនុស្ស​ដ៏​ច្រើន​បែប​នេះ​ថា​ ជា​មនុស្ស​មិន​ល្អ មិន​មែន​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ផ្សះផ្សា និង​ធ្វើ​ឲ្យ​សហគមន៍​មាន​ស្ថិរភាព​នោះ​ទេ៕

ប្រែសម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG