ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​រកឃើញ​ថា​ពលរដ្ឋ​ក្រីក្រ​នៅទីក្រុង​កាន់តែ​កើន​ឡើង​ខ្លាំង


ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួន​​ទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាង​​ក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)
ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួន​​ទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាង​​ក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

ស្ថានភាព​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​កាន់តែ​មាន​គម្លាត​គ្នា​ធំឡើងៗ​រវាង​អ្នក​ដែល​មាន​កម្មសិទ្ធិ​ផ្ទះ​សម្បែង និង​អ្នក​ដែល​រស់នៅ​ក្នុង​លំនៅដ្ឋាន​មិន​សមរម្យ ​ហើយ​និន្នាការ​នេះ​នឹង​បន្ត​រីក​កាន់​តែ​ធំ​ឡើង​ នៅក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មាន​ពលរដ្ឋ​ទីក្រុង​ម្នាក់​ក្នុង​ចំណោម​បីនាក់​រស់នៅ​ក្នុង​ទីលំនៅ​ដែល​មិន​សមរម្យ គ្មាន​សុវត្ថិភាព ​និង​មិនមាន​តម្លៃ​សមស្រប​ ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ទទួល​បាន​សេវា​ជា​មូលដ្ឋាន ​ដូចជា​អគ្គិសនី ទឹកម៉ាស៊ីន និង​អនាម័យ។ នេះ​បើតាម​ការ​ស្រាវជ្រាវ​ថ្មីមួយ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ។

​លោកស្រី ​រ៉ូប៊ីន ឃីង (Robin King) ​អ្នក​សរសេរ​របាយការណ៍​ស្រាវជ្រាវ​នេះ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ហើយ​នៅ​ពេល​ដែល​យើង​មើល​ឃើញ​តួលេខ​ទាំងនេះ គឺ​គួរ​ឱ្យ​ខ្លាចណាស់។ យើង​ឃើញ​ថា​ ពលរដ្ឋ​រស់នៅ​ក្នុង​ផ្ទះ​ចំនួន​៣៣០លានខ្នង​ ក្នុង​ទីក្រុង​ជុំវិញ​ពិភពលោក ​ដែល​មាន​ចំនួន​ប្រហែល​១.២០០លាននាក់​នាពេលបច្ចុប្បន្ន​នេះ ​មិន​ទទួល​បាន​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ សមស្រប​នឹង​ការ​រស់នៅ​ និង​មានសុវត្ថិភាព​ទេ។ ហើយ​យើង​ដឹង​ថា​ គម្លាត​ផ្ទះ​សម្បែង​នេះ​នឹង​កើនឡើង​ប្រហែល​៣០ភាគរយ​ រហូត​ដល់​មាន​ពលរដ្ឋ​ចំនួន​១.៦០០​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥។ ហើយ​យើង​ដឹង​ថា​ បញ្ហា​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​បណ្តា​ប្រទេស​នៅអាហ្វ្រិក​ និង​អាស៊ី​ដែល​ការ​រីកចម្រើន​ក្នុង​ទីក្រុង​នឹង​មាន​កាន់តែ​ច្រើន‍​ឡើង»។

របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ​បាន​រកឃើញ​បញ្ហា​ប្រឈម​ចំនួន​៣ ដែល​នាំ​ឱ្យ​មាន​គម្លាត​គ្នា​ក្នុង​ចំណោម​ពលរដ្ឋ​នេះ។ ក្នុង​នោះ​មាន៖ ការ​កើនឡើ​ង​នៃ​លំនៅដ្ឋាន​ក្រោម​ស្តង់ដា និង​មិន​ផ្លូវការ ការ​ផ្តោត​ខ្លាំង​លើ​កម្មសិទ្ធិ​ផ្ទះសម្បែង និង​គោលនយោបាយ​ ឬ​ច្បាប់​ដែល​មិន​សមស្រប​ដែល​ឈាន​ដល់​ការ​រុញច្រាន​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​ទីក្រុង។​

រូបឯកសារ៖ អគារខ្ពស់ៗនៅទីក្រុងសៀងហៃ ប្រទេសចិន។
រូបឯកសារ៖ អគារខ្ពស់ៗនៅទីក្រុងសៀងហៃ ប្រទេសចិន។

របាយការណ៍​ផ្តល់​ជា​ដំណោះស្រាយ​ គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ហ្នឹង​កន្លែង​នូវ​លំនៅដ្ឋាន​មិន​ផ្លូវការ គាំទ្រ​ការ​ជួល​លំនៅដ្ឋាន​ស្នាក់នៅ​ និង​យក​ដីក្នុង​ទីក្រុង​ដែល​មិន​បាន​ប្រើ​ប្រាស់​ទៅ​សាងសង់​ជា​លំនៅដ្ឋាន ​ដែល​មាន​តម្លៃ​សមស្រប ​ដែល​ពលរដ្ឋ​អាច​ទិញ​ស្នាក់​នៅបាន។

លោកស្រី រ៉ូប៊ីន ឃីង ​បាន​បន្ត​ថា៖

«ដូច្នេះ​យើង​គិត​ថា​ ដំណោះស្រាយ​ទាំងបី​នេះ​ពិតជា​នឹង​ផ្តល់​ឱ្យ​អាជ្ញាធរ​ក្រុង​នូវ​គន្លឹះ​ដោះស្រាយ​បញ្ហា​ដ៏​អស្ចារ្យមួយ​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង​នេះ។ យើង​គិតថា ​សិទ្ធិ​ទទួល​បាន​ផ្ទះសម្បែង​សមរម្យ សមស្រប​និង​មាន​សុវត្ថិភាព​ដោយ​ស្មើៗ​គ្នា​ នឹង​ធ្វើ​ឱ្យ​ប្រសើរឡើង​ដល់​ជីវភាព​រស់នៅ​ក្នុង​ទីក្រុង​ដែល​នឹង​ធ្វើ​ឱ្យ​វាកាន់តែ​ប្រសើរ​ឡើង​សម្រាប់​ពលរដ្ឋ​ បរិស្ថាន និង​សេដ្ឋកិច្ច‍»។​

លោកស្រី ​រ៉ូប៊ីន ឃីង​ បាន​បន្ថែម​ថា​ពលរដ្ឋ​ខ្លះ​រស់នៅ​ក្នុង​តំបន់​ក្រីក្រ​អស់​មួយ​ជីវិត​ហើយ​មរតក​នេះ​បន្ត​រហូតដល់​កូនចៅ​របស់​ពួកគេ​ទៀតផង។

«ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​មាន​លក្ខណៈ​បន្ទាន់​ខ្លាំងណាស់។ ខ្ញុំ​គិត​ថា​ ប្រសិនបើ​យើង​មិន​ដោះស្រាយ​បញ្ហា​នេះ​នៅពេល​ឥឡូវនេះ​ទេ​ យើង​នឹង​បង្កើត​អចីរភាព​ដែល​នឹង​ចាក់ឫស​កាន់តែ​ពិបាក​ដោះស្រាយ​ក្នុងពេល​អនាគត ​ហើយ​បើ​សិនជា​យើង​ដោះស្រាយ​បញ្ហា​នេះ​កាន់តែ​ឆាប់​ គឺ​កាន់​តែ​ល្អ​ ជាជាង​យើង​ត្រូវ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ដែល​នឹង​ពិបាក​ខាងផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ​និង​នយោបាយ‍»។

ប្រទេស​កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ទីក្រុង​នេះ​ដែរ ដោយ​ក្នុង​ពេល​កន្លង​មក​មាន​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពីទីក្រុង​ ដើម្បី​យក​កន្លែង​សម្រាប់​អភិវឌ្ឍន៍​អគារ​ទំនើបៗ​ ហើយ​ឈាន​ទៅ​ដល់​ការតវ៉ា ​និង​ត្រូវ​បង្ក្រាប​ដោយ​ហិង្សា​ក៏មាន ប៉ុន្តែ​ក៏​មាន​សហគមន៍​ខ្លះ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​អភិវឌ្ឍ​នៅហ្នឹង​កន្លែង​ផង​ដែរ។

ពលរដ្ឋ​ក្រីក្រ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​១០ភាគរយ​នៃ​ពលរដ្ឋ​ទីក្រុង​ដែល​មាន​ចំនួន​ជាង​២លាន​នាក់។ នេះ​បើ​តាមការ​វាយតម្លៃ​របស់​ក្រុមសិទ្ធិ​លំនៅដ្ឋាន។

លោក ​សៀ ភារម្យ​ នាយក​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅដ្ឋាន បាន​បញ្ជាក់​ថា៖

«ជាទូទៅ​គឺ​ថា រដ្ឋាភិបាល​បាន​គិត​គូ​ និង​យក​ចិត្ត​ទុកដាក់​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​មិន​រៀបរយ ​ឬក៏​សហគមន៍​ក្រីក្រ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ឬក៏​នៅក្នុង​គោលនយោបាយ​លំនៅដ្ឋានជាតិ​ គឺ​ថា​ គិត​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​យើង​ឃើញ​ថា​ ការ​អនុវត្ត​ជាក់​ស្តែង​ ហើយ​លទ្ធផល​ជាក់​ស្តែង​របស់​រដ្ឋាភិបាល​យើង​ឃើញ​ថា​ នៅ​មាន​ឧបសគ្គ​ដោយសារ​តែ​បច្ចុប្បន្ន​យើង​មាន​តែ​អ្នក​អភិវឌ្ឍ​តែ​ផ្ទះល្វែង​ដែល​មាន​តម្លៃ​ថ្លៃៗ​ចាប់ពី ៣ម៉ឺនដុល្លារ​ជាង​ទៅ​៥ម៉ឺនដុល្លារ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ក្រីក្រ​ គាត់​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​បុរី​ហ្នឹង​ទេ‍»។

រូបឯកសារ៖ លោក​សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មានអំពី​ស្ថានភាព​អភិវឌ្ឍលំនៅ​ឋាន​នៅកម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ២០១៧​។ (ខាន់​ សុគុំមនោ/VOA)
រូបឯកសារ៖ លោក​សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មានអំពី​ស្ថានភាព​អភិវឌ្ឍលំនៅ​ឋាន​នៅកម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ២០១៧​។ (ខាន់​ សុគុំមនោ/VOA)

លោក​បាន​លើក​សរសើរ​ដល់​ក្រុមហ៊ុន​ជប៉ុន​មួយ ​ដែល​កំពុង​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​អគារ​ប៊ូឌិញសរ​ថា ​ជាគំរូ​ដែល​អាច​ឱ្យ​អ្នក​មាន​ទ្រព្យធន​ និង​អ្នក​ក្រីក្រ​រស់នៅ​ជាមួយ​គ្នា​បាន។ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​ពលរដ្ឋ​មិន​ទទួល​យក​វិធី​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង។

«យើង​បាន​ឃើញ​ក្រុមហ៊ុន​ជប៉ុន​មួយ ដែល​គាត់​មក​អភិវឌ្ឍន៍​អគារ​ប៊ូឌិញ​នេះ​គឺជា​រឿង​មួយ​ល្អ​មែនទែន​ ដែល​គាត់​ជួយ​សម្រេច​នូវ​គោលដៅ​នៃ​គោល​នយោបាយ​លំនៅដ្ឋាន​ជាតិ​ គឺ​ថា​គាត់​ចង់​អភិវឌ្ឍន៍​នៅហ្នឹង​កន្លែង ​ក៏ប៉ុន្តែ​ដោយ​សារ​ប្រជាពលរដ្ឋ​មិន​មាន​ការ​ជឿជាក់​ចំពោះ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ​ដោយ​សារ​បទ​ពិសោធ​កន្លង​មក​ហ្នឹង​ធ្វើ​ឱ្យ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ជប៉ុន​ហ្នឹង ​គឺ​មិន​បាន​សម្រេច​ទេ។ ក្រុមហ៊ុន​ជប៉ុន​គាត់​ចង់​ឱ្យ​អ្នកមាន​អ្នកក្រ​នៅ​អគារប៊ូឌិញ​អាច​រស់នៅ​ជាមួយ​គ្នា​ ដើម្បី​បង្កើត​វប្បធម៌​អ្នក​មាន​អ្នកក្រ​ហ្នឹង ​ចេះ​ជួយ​គ្នា ​ចេះ​រស់នៅ​ជាមួយ​គ្នា​បាននៅក្នុង​ទីក្រុង​ហ្នឹង‍»។​

​លោក សៀ ភារម្យ ​មើលឃើញ​ថា​ ដី​នៅ​ទីក្រុង​ភ្នំពេញ​នៅតែ​មាន​លទ្ធភាព​សម្រាប់​រដ្ឋាភិបាល​សាងសង់​ជា​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្នាក់នៅ​ ប៉ុន្តែ​ដោយ​សារតែ​អាជីវកម្ម​ដីធ្លី​ដែល​អ្នកមាន​ធនធាន​ខ្លះ​ទិញ​ទុក​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ មើល​ឃើញ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​រដ្ឋាភិបាល​បាន​យក​គោល​នយោបាយ​អភិវឌ្ឍន៍​នៅហ្នឹង​កន្លែង​មក​អនុវត្ត​គឺជា​ការ​ល្អ៖

«យើង​គិតថា​ នេះ​ជា​ជម្រើស​ល្អ។ ដូច​ក្នុង​របាយការណ៍​ដែល​លើក​ឡើង គឺ​ថា​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​នៅហ្នឹង​កន្លែង ​គឺ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ ​ហើយ​កាត់​បន្ថយ​នូវ​បញ្ហា​សង្គម​ជាច្រើន​ ដោយសារ​យើង​សង្កេត​មើល​នៅ​តំបន់​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​តំបន់​ផ្សេងៗ​ហ្នឹង​ នៅពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​ទីលំនៅ​ គឺ​ប្រជាពលរដ្ឋ​ប្រឈម​បញ្ហា​ច្រើន​ណាស់​ដោយសារ​គាត់​ត្រូវ​ធ្វើការ​កសាង​ជីវិត​ថ្មី​ហើយ​នៅតំបន់​ថ្មី​ គឺ​ប្រឈម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ សេវាកម្ម​ក៏​ដូច​ជា​មុខ​របរ​ជាដើម‍»។​

រដ្ឋាភិបាល​កម្ពុជា​កំពុង​សាងសង់​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​និង​ចំណូល​ទាប ​និង​ជន​ងាយ​រងគ្រោះ។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់ ​បាន​បញ្ជាក់​ថា ​ជំហាន​ដំបូង​នេះ​គឺ​សាងសង់​ចំនួន​៥.៣៤០ល្វែង។

យ៉ាងណា​ក៏ដោយ​ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅតែ​ទាក់ទាញ​អ្នក​វិនិយោគទុន​ក្រៅ​ប្រទេស​ឱ្យ​វិនិយោគ​លើ​អគារ​លំនៅដ្ឋាន​ខុនដូ​ ដែល​មាន​តម្លៃ​ថ្លៃៗ​នៅពេល​ដែល​ច្បាប់​ប្រទេស​នេះ​បើក​ឱ្យ​ជន​បរទេស​មាន​សហកម្ម​សិទ្ធិ​បាន។

ចាប់តាំង​ពីឆ្នាំ​២០០០​ដល់​ខែ​មេសា ឆ្នាំ​២០១៧​ ការ​បោះទុន​វិនិយោគ​របស់​វិស័យ​ឯកជន​មក​ពី​បរទេស​មាន​ចំនួន​១៨ប្រទេស​ លើ​គម្រោង​សាងសង់​ចំនួន​៣០៤ ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាងសង់​ចំនួន ៤.៥៣៩លានដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​បើតាម​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG