ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​​ផ្តួចផ្តើម​សហគ្រិនភាព​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ


រូបឯកសារ៖ ស្ថានភាព​ចរាចរណ៍​ពី​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​នៅ​ពេល​ក្រុម​អាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ព្រឹកថ្ងៃច័ន្ទ ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដាក់របាំងសន្តិសុខរារាំងខណៈពេល​ដែល​ការ​ត្រៀម​ដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​ (ឡេង ឡែន/VOA)

​«អ្វី​ដែល​ជា​យុទ្ធសាស្រ្ត​មិន​ជោគជ័យ​សម្រាប់​ខ្ញុំ​ គឺ​ការ​ចេះ​តែ​បន្ត​សាងសង់​ស្ពាន​អាកាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។​ វា​ដូចជា ការ​គ្រាន់​តែ​បន្ធូរ​ខ្សែក្រវ៉ាត់ ដើម្បី​សម្រក​ទម្រន់។ ដំបូង​អ្នក​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​អ្នក​មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​ចំ​នោះ​ទេ»។

រាជធានី​ភ្នំពេញ​កំពុង​រង​សម្ពាធ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍ដោយ​បញ្ហា​មធ្យោបាយ​ដឹកជញ្ជូន ​និង​បញ្ហា​ចោទ​ផ្សេងៗ​បង្ក​ឡើង​ជា​ប្រចាំ​ថ្ងៃ។ ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» ​ត្រូវ​បាន​រៀប​ចំឡើង​ដើម្បី​ ​ជួយ​រក​ដំណោះស្រាយ​ប្រកប​ទៅ​ដោយ​ចីរភាព​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ ​ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​មុន​សម្រាប់​ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ។

កម្មវិធីផ្តួចផ្តើម​ដ៏ថ្មីស្រឡាង​នេះ​ត្រូវ​បានធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩⁠ ខែ​កញ្ញា ​នេះ​ក្រោម​ការ​រៀបចំ​របស់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សហគ្រិនភាព​ Impact Hub ⁠ក្នុង​រាជធានី​ភ្នំពេញ។​

នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ លោក ​Nick⁠ Beresford⁠ នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​⁠ (UNDP)⁠ ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​ជា​ដៃគូ​ក្នុង​ការ​ផ្តួចផ្តើម​កម្មវិធី បាន​ថ្លែង​ដូច្នេះ​ថា៖​

​«អ្វី​ដែល​ជា​យុទ្ធសាស្រ្ត​មិន​ជោគជ័យ​សម្រាប់​ខ្ញុំ​ គឺ​ការ​ចេះ​តែ​បន្ត​សាងសង់​ស្ពាន​អាកាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។​ វា​ដូចជា ការ​គ្រាន់​តែ​បន្ធូរ​ខ្សែក្រវ៉ាត់ ដើម្បី​សម្រក​ទម្រន់។ ដំបូង​អ្នក​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​អ្នក​មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​ចំ​នោះ​ទេ»។

យ៉ាង​ណា​ក្តី លោក​ ​Beresford ក៏​បាន​សម្តែង​ទស្សន​វិស័យ​វិជ្ជមាន​ទៅ​លើ​ការ​ធ្វើ​ទំនើប​កម្ម​លើ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ និង​ ដឹក​ជញ្ជូន​នៅ​រាជធានីភ្នំពេញ​ផង​ដែរ។​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​សុទិដ្ឋិ​និយម​បន្ថែម​ទៀត​នោះ គឺ​ការ​វិនិយោគនៅ​ក្នុងមធ្យោបាយ​ដឹកជញ្ជូន​ដូចជា⁠ ​ឡានក្រុង​ និង​ផ្លូវ​ដែក​ដែល​លោក​ចាត់​ទុក​ថា ជា​យុទ្ធសាស្រ្ត​ជោគជ័យ​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។​

លោក ​Nick⁠ Beresford⁠ នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​⁠ (UNDP)⁠ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក ​Nick⁠ Beresford⁠ នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​⁠ (UNDP)⁠ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ Beresford​ ​ក៏​បាន​លើកឡើង​ពី​បញ្ហា​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ​ផង​ដែរ​ ដោយ​លោក​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ពិភពលោក​ក្នុង​មួយ​ឆ្នាំ​ គឺ​មាន​ ១,២ លាន​នាក់។ ​តួលេខ​នេះ​គឺ ​មាន​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ត្រឹមតែ ១​លាន​នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោង​ទៅ​តាម​លោក​ Beresford។

លោក​ Beresford ​បាន​បន្ត​ទៀត​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​មាន​ពី​១ ពាន់​ ទៅ ៤ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ។ អាស្រ័យ​ហេតុ​នេះ លោក​គិត​ថា នេះ​ជា​បញ្ហា​ប្រឈម​ដែល​មិន​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ពេញ​លេញ​នៅ​ឡើយ ហើយ​លោក​សង្ឃឹម​ថា កម្មវិធីផ្តួចផ្តើម ​«Urban Mobility Incubator»⁠ នឹង​ដើរ​តួ​សំខាន់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។​

អ្នកស្រី កូយ សូដានី​ អនុរដ្ឋលេខាធិការ​⁠ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​និយាយ​ថា អ្នកស្រី​ចង់​ឃើញការ​រួម​ចំណែក​ពី​វិស័យ​ឯកជន​នៅ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍⁠ ជាមួយ​នឹង​កិច្ចការ​នា​ពេល​បច្ចុប្បន្ន​ ដែល​ក្រសួង​កំពុង​ធ្វើ។

អ្នកស្រី​បញ្ជាក់​ជា​ភាសាអង់គ្លេស⁠ និង​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖​

«យើង​កំពុង​ព្យាយាម​ស្នើ​សុំ​ការ​គាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន ដើម្បី​កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង និង​នៅ​ក្នុង​ប្រទេស​ទាំងមូល»។

ឆ្លើយ​តប​នឹង​បញ្ហា​ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ អ្នកស្រី​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា មាន​មតិ​រិះគន់​ជា​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់មធ្យោបាយ​ធ្វើ​ដំណើរ​ប្រភេទ​នេះ ទាក់ទិន​នឹង​សីលធម៌​និង​របៀបរបប​នៅ​ក្នុង​ការ​បើកបរ។ អ្នកស្រី​បាន​លើក​ឡើង​ថា ក្រសួង​កំពុង​ធ្វើ​ការពង្រឹង​ផ្នែក​អប់រំ​ចរាចរណ៍⁠ និង​អនុវត្ត​បន្ថែម​ដើម្បីធានា​ថា អ្នក​បើកបរ​រ៉ឺម៉ក​ ឬ​ម៉ូតូ​កង់​បី​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ។​

អ្នកស្រី កូយ សូដានី​ អនុរដ្ឋលេខាធិការ​⁠ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
អ្នកស្រី កូយ សូដានី​ អនុរដ្ឋលេខាធិការ​⁠ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី​កូយ សូដានី​បាន​ថ្លែង​ថា៖​

​«យើង​ទទួល​បាន​ការ​ត្អូញត្អែរ​ពី​អ្នក​ប្រើប្រាស់​សេវាកម្ម​រ៉ឺម៉ក​តុកតុក​ ដែល​ថា អ្នក​បើកបរ​មាន​សម្តី​មិន​ល្អ និង​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ច្បាប់​ចរាចរណ៍។ នេះ​ជា​បញ្ហា​ចោទ​មួយ​សម្រាប់​ក្រសួង​។ ហើយ​នា​ពេល​បច្ចុប្បន្ន​ យើង​កំពុង​តែ​ធ្វើការជាមួយ​សមាគម​រ៉ីម៉ក​តុក​តុក​ដើម្បី​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​ចរាចរណ៍ និង​ដោះស្រាយ​បញ្ហា​បណ្ណ​បើកបរ»។​

លោក​ Freddie Tinga​ ​ស្ថាបនិក​ក្រុមហ៊ុន Global Electric Transport និង​ជា​អតីត​ចៅហ្វាយ​ក្រុង​ Taguig ដែល​ជា​ទី​ក្រុង​កំពុង​រីកធំ​លឿន​ជាង​គេ​បង្អស់​មួយ​នៅ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា ការ​រួម​សហការ​គ្នា​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ គឺ​ជា​កត្តា​ល្អ​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ចរាចរណ៍​ ដែល​មាន​ជា​ទូទៅ។

លោក​បាន​មានប្រសាសន៍​ នៅ​ក្នុង​ន័យ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​ រដ្ឋបាល​ក្រុង វិស័យ​ឯកជន និងរដ្ឋាភិបាល​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា[ចរាចរណ៍]​ ដែល​មនុស្ស​មួយ​ចំនួន​គិត ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ»។

លោក​ Freddie Tinga​ ​ស្ថាបនិក​ក្រុមហ៊ុន Global Electric Transport និង​ជា​អតីត​ចៅហ្វាយ​ក្រុង​ Taguig ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ Freddie Tinga​ ​ស្ថាបនិក​ក្រុមហ៊ុន Global Electric Transport និង​ជា​អតីត​ចៅហ្វាយ​ក្រុង​ Taguig ថ្លែង​នៅ​ក្នុង​កម្មវិធីផ្ដួចផ្ដើម​សហគ្រិនភាព​មួយ​ ​ក្រោម​ឈ្មោះ⁠ថា «⁠⁠Urban⁠⁠⁠ Mobility Incubator» នៅក្រុងភ្នំពេញ កាល​ពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ដោយយល់ស្រប​ជាមួយ​នឹង​លោក⁠ Nick⁠ Beresford​ ​លោក​ Tinga​ ​បាន​និយាយ​ថា បញ្ហា​ចោទ​នៅ​ក្នុង​វិស័យ​មធ្យោបាយ​ធ្វើ​ដំណើរ​គឺ⁠ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ។ លោក​បន្ត​ថា ដំណោះស្រាយ​មាន​តែ​ម្យ៉ាង​ គឺ​ត្រូវ​កែច្នៃ​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ ​លោក​ Tinga បាន​ថ្លែង​ថា៖​

«ដំណោះ​ស្រាយ​ចម្បង​សម្រាប់​ទាំង​អ្នក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ និង​អ្នក​ដែល​មិនមែន​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​⁠គឺ​ ទាក់ទិន​នឹង​ហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ​ ជម្រើស​ក្នុង​ការ​ដោះស្រាយ​គឺ​ត្រូវ​កែច្នៃ​ឲ្យ​បាន​ប្រសើរ​ជាង​មុន»។​

ស្រប​ពេល​ដែល​ វិស័យ​ដឹកជញ្ជូនមាន​សារៈសំខាន់​នៅ​ក្នុងការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​⁠សង្គម⁠ និង​សេដ្ឋកិច្ច​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា ការចំណាយ​ប្រកបដោយប្រសិទ្ធភាព និង​តម្លាភាព​និង​ការ​ប្រើប្រាស់​ធនធាន​ឲ្យ​ត្រូវ​គោលដៅ​គឺ​ ត្រូវ​ការ​ជា​ចាំបាច់​ ដើម្បីលើក​ស្ទួយ​វិស័យ​ដឹកជញ្ជូន​ គួបផ្សំ​ជាមួយ​នឹង​គំនិតច្នៃប្រឌិត​⁠ ដែល​មាន​ស្រាប់៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG