ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ត្រូវ​រាយការណ៍​ថា​កំពុង​ត្រៀម​បាញ់​មីស៊ីល​ឬ​បង្ហោះ​យាន​អវកាស


រូបឯកសារ​៖ រូប​តាម​ទូរទស្សន៍​បង្ហាញពី​កន្លែង​សម្រាប់​បាញ់​សាក​ល្បង​ផ្កាយរណ Sohae របស់​កូរ៉េ​ខាង​ជើង កាល​ពីខែ​កក្កដា ២០១៨។
រូបឯកសារ​៖ រូប​តាម​ទូរទស្សន៍​បង្ហាញពី​កន្លែង​សម្រាប់​បាញ់​សាក​ល្បង​ផ្កាយរណ Sohae របស់​កូរ៉េ​ខាង​ជើង កាល​ពីខែ​កក្កដា ២០១៨។

មាន​សញ្ញាណ​ខ្លះៗ​បង្ហាញ​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​កំពុង​រៀប​ចំ​បាញ់​គ្រាប់​មីស៊ីល​ឬ​ក៏​បង្ហោះ​យាន​ទៅ​លើ​អាកាស។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​របស់​វិទ្យុជាតិ​អាមេរិក​ឬ ​National Public Radio។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​នេះ​រាយការណ៍​ថា ការ​វិភាគ​រូប​ភាព​ពី​ផ្កាយ​រណប​ដែល​បាន​មក​ពី​មន្ទីរ​ Sanumdong ​ក្បែរទីក្រុង​ព្យុងយ៉ាង ​បាន​បង្ហាញ​ឱ្យ​ឃើញ​វត្តមាន​នៃ​រថយន្ត​ធំៗ​ ឡាន​ ទូរ​រថភ្លើង និង​ប្រដាប់​ស្ទូច​ជា​ច្រើន​គ្រឿង។

​លោក ​Jeffrey Lewis ​អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន​ Middlebury ​សម្រាប់​ការ​សិក្សា​អន្តរជាតិ ​ស្ថិត​នៅ​ក្នុង​ Monterey​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា៖ «‍បើ​គេ​ផ្គុំ​របស់​ទាំង​នោះ​បញ្ចូល​គ្នា នោះ​ពិត​ណាស់​ វា​មើល​ទៅ​ហាក់​ដូច​ជា​ពេល​ដែល​កូរ៉េ​ខាង​ជើង​កំពុង​តែ​សាង​សង់កាំជ្រួច​មួយ​ដូច្នោះ​ដែរ»។

លោក ​Lewis ​បាន​សិក្សារូប​ភាព​ទាំង​នេះ​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រុម​ហ៊ុន​ឯកជន​DigitalGlobe ​ដែល​ជា​ក្រុម​ហ៊ុន​លក់​រូប​ថត​អំពី​លំហ​អាកាស​និង​ភព​ផែន​ដី។

ការ​វិវត្ត​ចុង​ក្រោយ​នេះ​កើត​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ ​មាន​ប្រសាសន៍​ថា ​លោក​នឹង​«‍ខក​ចិត្ត​យ៉ាង​ខ្លាំង» ប្រសិន​បើ​កូរ៉េ​ខាង​ជើង​បន្ត​បាញ់​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ បន្ទាប់​ពី​ជំនួប​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន​ ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក​ ត្រាំ បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​លោក​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ Alabama ​ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​ដែល​បាន​បោក​បក់​ទៅ​លើ​រដ្ឋ​នោះ។

លោក​ប្រធានាធិបតី ​បាន​ថ្លែង​ថា ​លោក​បាន​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ក្រៃលែង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង ​ក្នុង​ពេល​លោក​កាន់​តំណែង​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG