ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងប្រកាសបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នា


រូបភាពឯកសារ៖ កងទ័ពជើងទឹកកូរ៉េខាងត្បូងដង្ហែក្បួន នៅក្នុងការហ្វឹកហាត់យោធារួមគ្នាមួយហៅថា Foal Eagle រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកក្នុងទីក្រុង Pohang កូរ៉េខាងត្បូងកាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០១៨។
រូបភាពឯកសារ៖ កងទ័ពជើងទឹកកូរ៉េខាងត្បូងដង្ហែក្បួន នៅក្នុងការហ្វឹកហាត់យោធារួមគ្នាមួយហៅថា Foal Eagle រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកក្នុងទីក្រុង Pohang កូរ៉េខាងត្បូងកាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញថា ប្រទេសទាំងពីរនឹងបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូតដើម្បី «សម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ‍»។

នៅក្នុងសេចក្ដីប្រកាសមួយ ក្រសួងការពារប្រទេសអាមេរិកបានបញ្ជាក់ថា លោក Patrick Shanahan រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារប្រទេស និងលោក Jeong Kyeong-Doo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ និងបានសម្រេចថានឹងបញ្ចប់ការធ្វើសមយុទ្ធយោធា Key Resolve និង Foal Eagle។

លោក Shanahan បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា៖ «ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong Doo និងខ្ញុំ បានឯកភាពគ្នារក្សាការត្រៀមខ្លួនបែបយោធាដ៏ខ្លាំងក្លាតាមរយៈការធ្វើសមយុទ្ធទ្រង់ទ្រាយមធ្យមដែលបង្កើតឡើងថ្មី និងកម្មវិធីកែប្រែមួយចំនួននៃការហ្វឹកហ្វឺននៅតាមសមរភូមិ។ យើងទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយដើម្បីទប់ទល់នឹងការប្រឈមនានាផ្នែកសន្តិសុខ‍»។

សេចក្ដីប្រកាសរបស់ក្រសួងការពារប្រទេសអាមេរិកបានបន្ថែមថា៖ «រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នាថា ការសម្របសម្រួលជិតស្និទ្ធរវាងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នឹងបន្តទៅមុខដើម្បីគាំទ្រដោយកិច្ចប្រឹងប្រែងផ្នែកការទូត‍»។

ការសម្រេចនេះបានធ្វើឡើង ៣ថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មានជំនួបលើកទី ២ ជាមួយគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជំនួបនេះបានបញ្ចប់ទៅដោយគ្មានសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះទេ៕

XS
SM
MD
LG