ក្រុមតំណាងពលករខ្មែរខ្លះចង់ឃើញប្រធានាធិបតីកូរ៉េខាងត្បូងលោកម៊ូន ជេអ៊ីន (Moon Jae-in) ជួយស្រោចស្រង់ស្ថានការណ៍នយោបាយកម្ពុជា ក្នុងពេលលោកគ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែមិនាខាងមុខ។
នៅពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន Moon Jae-in គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋចំនួន៣ថ្ងៃ លើកដំបូងនៅពាក់កណ្តាលខែមិនានេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្រុមតំណាងពលករដែលមាននិន្នាការទៅរកគណបក្សប្រឆាំងខ្លះ ចង់ឃើញមេដឹកនាំកូរ៉េខាងត្បូងដើរតួនាទីជួយដល់ការស្តារឡើងវិញនូវវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កញ្ញា រស់ សុផល មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាពលការនីម្នាក់ផ្នែកកាត់ដេរក្នុងរោងចក្រមួយស្ថិតនៅភាគខាងជើង ទីក្រុងសេអ៊ូល នៅតែគិតពីប្រទេសកម្ពុជា ទោះជាមកធ្វើការបាន៤ឆ្នាំក្តី។
«ក្នុងនាមខ្ញុំជាពលការនីម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ខ្ញុំមានតែការសំណូមពរឲ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៊ូន ជេអ៊ីន ហ្នឹង ជំរុញនិងលើកទឹកចិត្តដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យគោរពលើកស្ទួយ និងឲ្យតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា»។
រាប់បញ្ចូលលើបញ្ហាគោរពលទ្ធិប្រជាធិបតេយ្យ កញ្ញា រស់ សុផល បានអះអាងថា ការគោរពសិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ សិទ្ធិប្រមូលផ្តុំ សិទ្ធិការងារ ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ សារព័ត៌មានជាដើម។
នៅពេលសួរថាតើត្រូវការស្នើសុំមន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីប្រាប់លោកប្រធានាធិបតីកូរ៉េខាងត្បូងអំពីបញ្ហាង្វីទាក់ទងនឹងកម្មករទេ កញ្ញា សុផល ដែលជាពលករម្នាក់មាននិន្នាការទៅរកគណបក្សជំទាស់ បានថ្លែងថា ប្រទេសកូរ៉េខាងត្បូងមានលក្ខខណ្ឌការងារត្រឹមត្រូវ មានការគោរពច្បាប់ទម្លាប់បានល្អ។ កញ្ញា សុផល ចង់ឃើញប្រទេស កម្ពុជាមានការគោរពសិទ្ធិមនុស្ស កម្មករ សិទ្ធិបញ្ចេញមតិ និងច្បាប់ការងារផ្សេងៗដូចនៅប្រទេសកូរ៉េ។
«អីចឹងហើយអត់មានអ្វីសំណូមពរទៅដល់រដ្ឋាភិបាលកូរ៉េទេ ហើយក៏អរគុណសម្រាប់ការជួយយកពលករ យកពលរដ្ឋខ្មែរមកធ្វើការនៅប្រទេសកូរ៉េដើម្បីជួយសម្រួលដល់ជីវភាពក្រុមគ្រួសារផងដែរ»។
លោកយ៉ង់ ស៊ីណេត កម្មករម្នាក់ផ្នែករោងចក្រផលិតគ្រឿងអាលុយមីញ៉ូមក្នុងប្រទេសកូរ៉េខាងត្បូងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងសេអ៊ូល មានស្រុកកំណើតនៅខេត្តព្រៃវែងបានថ្លែងថា៖
«ដូច្នេះស្នើសុំឲ្យលោកប្រធានាធិបតីរបស់កូរ៉េហ្នឹង ស្នើឲ្យគាត់និយាយទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហ្នឹងដើម្បីឲ្យគាត់ហ្នឹងស្តារសិទ្ធិមនុស្ស មានការគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ។ ពិតណាស់ក្នុងប្រទេសមួយ អភិវឌ្ឍន៍ទៅបានលុះត្រាតែមានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យ និងមានប្រព័ន្ធយុត្តិធម៌មួយដែលជាទីទុកចិត្ត ហើយយើងសម្លឹងទៅមើលប្រទេសកម្ពុជារបស់យើង យុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រ វាហាក់បីដូចជានៅឆ្ងាយដូចជើងមេឃ»។
លោកថា រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងលក្ខខណ្ឌការងារ សុខាភិបាល សិទ្ធិសេរីភាព កម្មករ ពលករឲ្យបានល្អ ដូចជាកូរ៉េ ដែលលោកចង់ឃើញកើតឡើងក្នុងប្រទេសកម្ពុជា។
«ព្រោះខ្ញុំបានមករស់នៅក្នុងប្រទេសកូរ៉េ កូរ៉េបានផ្តល់នូវលំហរសេរីភាព អាចយើងធ្វើអីបាន ជាសិទ្ធិនៃការសម្តែងមតិ សិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ក៏ដូចជាប្រព័ន្ធសុខាភិបាលរបស់គេក៏ល្អប្រសើរគឺថាគួរតែកម្ពុជាវិញទេ ដែលគួរយកគំរូតាមកូរ៉េ ហើយខ្ញុំមករស់នៅក្នុងប្រទេសកូរ៉េបាន៤ឆ្នាំ គឺថា ខ្ញុំមានសេចក្តីស្រេកឃ្លានមួយគឺថា ខ្ញុំចង់នាំអ្វីដែលល្អៗដូចមាននៅប្រទេសកូរ៉េហ្នឹង ចង់ឲ្យប្រទេសកម្ពុជាយើងមានដូចជាប្រទេសកូរ៉េដែរ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងការពារគោលជំហររបស់រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រឿងបញ្ហាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
«ចំពោះគោលជំហរនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅលើរឿងលទ្ធិប្រជាធិបតេយ្យ គឺយើងបានប្តេជ្ញារួចស្រេចទៅហើយ រក្សានៅការចូលរួមរបស់មហាជនតាមរយៈអំណាចរបស់គេ ក្នុងការបោះឆ្នោតដ៏ទៀងទាត់តាមច្បាប់នៃការបោះឆ្នោត ក៏ដូចជារៀបចំឲ្យមានយន្តការគ្រប់គ្រងក្នុងជម្លោះលើលទ្ធផលនៃការបោះឆ្នោតតាមរយៈគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញដែលជាយន្តការ ក្នុងការរៀបចំឆ្លើយតបពីសិទ្ធិសេរីភាពរបស់មហាជនក្នុងការជ្រើសរើសអ្នកតំណាងរបស់គេ»។
ទោះជាណា ក្រុមតំណាងពលករខ្មែរថ្លែងយ៉ាងដូច្នេះ ដោយសារសេរីភាពពលរដ្ឋសង្គមស៊ីវិល ប្រព័ន្ធយុត្តិធម៌ សេរីភាពនយោបាយ ការតវ៉ារឿងរំលោភបំពានដីធ្លីត្រូវគេបិទសិទ្ធិសេរីភាព។
ក្រុមពលករថ្លែងយោងទៅលើគណបក្សជំទាស់ ដែលត្រូវបានតុលាការរំលាយមុនការបោះឆ្នោត លោកកឹម សុខា មេដឹកនាំក្រុមជំទាស់ត្រូវចាប់ឃុំខ្លួននិងចោទប្រកាន់ទោសពីបទក្បត់ជាតិ ក្រុមមន្ត្រីគណបក្សជំទាស់មិនមានសេរីភាពធ្វើនយោបាយ ឬដកសិទ្ធិធ្វើនយោបាយដែលនាំឲ្យសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធពាណិជ្ជកម្ម EBA សម្រាប់ទំនិញនាំចូលទីផ្សារអឺរុបទាំងអស់លើកលែងតែអាវុធ ហើយនិងដំណើរការរបស់សភាសហរដ្ឋអាមេរិក ចង់ដកការអនុគ្រោះពន្ធ GSP។
ប្រសិនបើការដកប្រព័ន្ធអនុគ្រោះពន្ធទាំងពីរកើតឡើង នោះការណ៍នេះនឹងធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ និងផលប៉ះពាល់ផ្សេងៗទៀត។
ពលករខ្មែរប្រមាណ៦ម៉ឺននាក់ ដែលកំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងគឺកើតឡើង ក្រោយពីមានទំនាក់ទំនងល្អរវាងកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅសប្តាហ៍នេះ បានឲ្យដឹងថា ទស្សនកិច្ចរបស់លោក ម៊ូន ជេអ៊ីន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិនានេះគឺតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។
លោក ម៊ូន គ្រោងនឹងមានជំនួបជាច្រើនជាមួយមន្ត្រីកំពូលៗរបស់កម្ពុជា រួមទាំងចូលគាល់ព្រះមហាក្សត្រ និងជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រៅពីផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ អន្តរជាតិដែលជាកង្វល់និងផលប្រយោជន៍រួម។
លោកម៊ូន គ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងវេទិកាធុរកិច្ចមួយផងដែរ ក្រៅពីគ្រោងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន៕