ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតវ៉ា​នៅ​វៀតណាម​អាច​ឱ្យ​អ្នក​វិនិយោគទុន​ចិន​ងាក​មក​កម្ពុជា


បាតុករ​ម្នាក់​(រូបកណ្តាល) លើកដៃ​ធ្វើ​ជា​សញ្ញា​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​ចិន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងត្បូង​ប្រទេស​វៀតណាម គឺ​ក្នុង​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
បាតុករ​ម្នាក់​(រូបកណ្តាល) លើកដៃ​ធ្វើ​ជា​សញ្ញា​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​ចិន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងត្បូង​ប្រទេស​វៀតណាម គឺ​ក្នុង​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ណា​មួយពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​វៀតណាម​និង​ចិនក៏​ដោយ ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​យល់​ថា​ជម្លោះ​រវាង​មហា​មិត្ត​ទាំង​ពីររបស់​គណបក្ស​កាន់​អំណាច​កម្ពុជា ​ជា​សម្ពាធដល់ផ្នែក​នយោបាយរបស់​កម្ពុជា។

ជម្លោះ​រវាង​ប្រទេស​វៀតណាម​និង​ចិន​ជុំ​វិញ​ដែន​អធិបតេ្យភាព​សមុទ្រ​ចិន​ខាង​ត្បូង​បាន​វិវត្តន៍​ទៅ​រក​អំពើ​ហិង្សា​កាល​ពី​សប្តាហ៍​មុន។ ក្នុង​នោះ​បាតុកម្ម​ប្រឆាំង​នឹង​ចិន​នៅ​វៀតណាម​នាំ​ឱ្យ​មាន​ការ​ដុត​រោងចក្រ​ចិន​យ៉ាង​តិច​ណាស់​១៥​រោងចក្រ ​និង​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​និង​ឃាត់​ខ្លួន។ ហើយ​មកទល់​ពេល​នេះ​មាន​ពលរដ្ឋ​ចិន​ជាង​មួយ​ពាន់​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​កម្ពុជា​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​ហាណូយ​នៅ​តែ​ដំឡើង​សាច់​ដុំ​ដាក់​គ្នា​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ទំនាស់​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជាមិន​ទាន់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​និង​បណ្តូរ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ​ចិន​និង​វៀតណាម​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

​លោក កែន រដ្ឋា បង្ហើប​ឱ្យ​ដឹង​ថា​មាន​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​ដែល​ដាក់​ទុន​នៅ​វៀតណាម​កំពុង​ពិចារណា​បង្វែរ​ទុន​របស់​ខ្លួន​មក​កម្ពុជា​វិញ​ដែល​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា។

«អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​គាត់​គ្រោង​នឹង​សិក្សា​ពី​លទ្ធភាព​វិនិយោគ​នៅ​ស្រុក​យើង​បន្ថែម ជា​ពិសេស​អ្នក​ដែល​មាន​ទុន​វិនិយោគ​រួច​ហើយ​នៅ​ប្រទេស​វៀតណាម។ អញ្ចឹង​គាត់​គ្រោង​នឹង​រៀបចំ​គណៈប្រតិភូ​របស់​គាត់​ដើម្បី​មក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ខាង​យើង»។

លោក ចេង ហុងបូ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ថ្លែង​ថា​មក​ទល់​ពេល​នេះ​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​នៅ​តែ​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ ដោយ​សារ​បារម្ភ​ពី​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន​នៅ​ប្រទេស​វៀតណាម។

«​ពួកគេ​ខ្លះ​នៅ​តែ​ស្នាក់នៅ​កម្ពុជា​នៅ​ឡើយ ហើយនៅ​ពេល​ដែល​ស្ថានការណ៍​ស្ងប់​ស្ងាត់​ពួកគេ​នឹង​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ»។

វៀតណាម​ជា​អ្នក​ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​ជួយ​ជ្រោមជ្រែង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យ​បាន​ឡើង​កាន់​អំណាច​ក្រោយ​ពី​ការ​ដួល​រលំ​របប​នេះ។

ក្រឡេក​ទៅ​មើល​ចិន​វិញ ​ចិនជាម្ចាស់​បំណុល​ផង និង​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំមួយ​ផង​របស់​កម្ពុជា។ ត្រឹម​ឆ្នាំ​២០១២ ​ចិន​ផ្តល់​កម្ចី​និង​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ ​ដែល​ធ្វើ​ឱ្យ​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ជប៉ុន ​ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស។

បើ​និយាយ​ពី​ការ​បណ្តាក់​ទុន​រក​ស៊ី​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​វិញ ​ទាំង​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​លេច​ធ្លោ​ដូច​គ្នា។

បច្ចុប្បន្ន​វៀតណាម​នៅ​តែ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​ដ៏​សំខាន់​របស់​កម្ពុជា ​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​៣០២​លាន​ដុល្លារ ​និង​បណ្តូរ​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​កម្ពុជា​ទំហំ​៣,៤៣​ពាន់ដុល្លារ ​នៅ​ឆ្នាំ​២០១៣។ ចំណែក​វិនិយោគ​ពី​ចិន​មាន​ទំហំ​៤២៧​លាន​ដុល្លារ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាង​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៣។

បើ​និយាយ​ពី​ទេសចរណ៍​វិញ ​ទេសចរ​វៀតណាម​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ១​ដោយ​មានអ្នក​ទេសចរ​៨៥​ម៉ឺន​នាក់​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​២០១៣ និង​តាម​ពី​ក្រោយ​ដោយ​ចិន​៤៦​ម៉ឺន​នាក់។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ប្រាប់​វីអូអេ​ ខេមរភាសា​ថា​ជម្លោះ​រវាង​ចិន​និង​វៀតណាម​មិន​ទាន់​ប៉ះពាល់​ដល់​លំហូរ​ទេសចរ​បរទេស​មក​កម្ពុជា​នៅ​ឡើយ​ទេ។

«ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា​មិន​ទាន់​មាន​ការ​ប៉ះពាល់​ទេ ​ដោយ​សារ​គេ​មក​ភាគ​ច្រើន​តាម​អាកាស។ ហើយ​ភ្ញៀវ​ទេសចរណ៍​វៀតណាម​មក​កម្ពុជា​ក៏​អត់​ទាន់​ប៉ះពាល់​ដែរ។ ហើយ​យើង​កំពុង​តែ​តាម​ដាន​ថា​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី​បី​មក​កាន់​វៀតណាម​មាន​ការ​ថយ​ចុះ​ឬ​អត់?»

ក្នុង​ន័យ​នយោបាយ​វិញ ​ទាំង​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​ជា​មហាមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ខ្វះ​បាន​ដូច​គ្នា ​ ជា​ពិសេស​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​គណបក្ស​ប្រឆាំង​និង​សហគមន៍​អន្តរជាតិ​ចំពោះ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន។

លោក​បណ្ឌិត​ ឈាង វណ្ណារិទិ្ធ ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​លីដ​ប្រទេស​អង់គ្លេស​និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​យល់​ថា ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​ជា​សម្ពាធ​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។

«កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក​ និយាយ​ឱ្យ​ចំ​ទៅ។ ពិបាក​ដោយ​សារ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ហ្នឹង​គឺ​គាត់​ត្រូវ​ការ​ទាំង​ពីរ ទាំង​ប្រទេស​វៀតណាម​និង​ចិន​ដើម្បី​ពង្រឹង​អំណាច​នៅ​ប្រទេស​កម្ពុជា។ ​ផល​ប៉ះពាល់​ទៅ​ដល់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ។ ប្រហែល​ជា​មាន​ការ​ប្រទាញ​ប្រទង់​ច្រើន​រវាង​ក្រុម​ដែល​ស្និទ្ធ​នឹង​ក្រុង​ហាណូយ​និង​ក្រុម​ដែល​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង»។

លោក​ឈាង វណ្ណារិទ្ធិ ​អត្ថាធិប្បាយ​បន្ថែម​ថា​ក្នុង​កាលៈទេសៈ​បែប​នេះ ​រដ្ឋាភិបាល​កម្ពុជា​គួរ​រក្សា​ជំហ​អព្យាក្រឹត​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​អះអាង​ថា​កម្ពុជា​នៅ​តែ​ឈរ​នៅ​កណ្តាល​ជា​និច្ច​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។

«​ចិន​ក៏​ជា​មិត្ត​របស់​កម្ពុជា ​វៀតណាម​ក៏​ជា​មិត្ត​របស់​កម្ពុជា។ កម្ពុជា​សង្ឃឹម​ថា​បញ្ហា​នានា​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី។ យើង​អត់​កាន់​ខាង​ណា​ទេ។ យើង​រក្សា​ជំហរ​អព្យាក្រឹត»។

នា​ពេល​ថ្មី​ៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​ទៅ​ហ្នឹង​សំណើ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​របស់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​ហើយ​អះអាង​ថា​គ្មាន​ជនជាតិ​ណា​អាច​យក​ទឹក​ដី​កម្ពុជា​ទៅ​ប្រឆាំង​នឹង​ជនជាតិ​មួយ​ទៀត​បាន​ទេ។ ហើយ​នៅ​ពេល​ជម្លោះ​នេះ​កំពុង​តាន​តឹង ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កម្ពុជា​ដោយ​ស្នើ​ឱ្យ​ជួយ​រក្សា​សន្តិសុខ​ដល់​ពលរដ្ឋ​ខ្លួន។ ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ខ្លួន​បាន​ការពារ​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ខ្លួន​ មុន​ពេល​ទទួល​បាន​កំណត់​ទូត​នោះ​ទៅ​ទៀត។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ភាគី​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​និង​ជំនួយ​គ្មាន​សំណង​ជិត​១៥០​លាន​ដុល្លារ​ដល់​ភាគី​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG