ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុង​ហាណូយ​ប្តូរ​ជំហរ​​ចំពោះ​បាតុកម្ម​ប្រឆាំង​ចិន


មន្ត្រី​ប៉ូលិស​វៀតណាម​ម្នាក់​​​ស្រែក​តាម​​ឧគ្ឃោសនស័ព្ទ​ទៅ​កាន់​​អ្នក​​ថ្មើ​រ​ជើង​ រួម​ទាំង​អ្នក​យក​ព័ត៌មាន​ផង​ ឲ្យ​ចាកចេញ​ពី​តំបន់​ត្រូវ​បិទ​នៅ​ជិត​ស្ថានទូត​ចិន​​ក្នុង​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។
បាតុកម្មនៅ​ប្រទេស​វៀតណាម​ប្រឆាំង​នឹង​ការណ៍​ដែល​ប្រទេស​ចិន​បាន​ស្ថាបនា​អណ្តូង​ខួង​ប្រេង​នៅ​ក្នុង​ដែន​ទឹក​ទាមទារ​ដោយ​ប្រទេស​វៀតណាម​ត្រូវ​បាន​ក្រុម​ប៉ូលិស​បង្ក្រាប​កាល​ពី​ថ្ងៃ​អាទិត្យ។ វិធានការ​បង្ក្រាប​នេះ​កើត​មាន​ឡើងក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​ក្រុម​ប៉ូលិសបណ្តោយ​មិន​បង្ក្រាប​បាតុកម្ម​ប្រឆាំង​ចិន ដែល​បាតុកម្ម​ខ្លះ​ក្លាយ​ជា​ហិង្សា។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ មាន​ការ​ពង្រឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ទី​រដ្ឋធានី​ហាណូយ ហើយ​សួន​ច្បារ​មួយ​កន្លែង​ដែលបាតុករ​បាន​ប្រើ​ជា​កន្លែង​តវ៉ា​កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​គេ​បិទ។

បាតុករចំនួន​តិចតូច​ដែល​បាន​ចេញ​មក​តវ៉ា ត្រូវ​ក្រុម​ប៉ូលិស​ឡោម​ព័ទ្ធ​និង​ព្យាយាមមិន​ឲ្យ​ពួក​គេ​អាច​និយាយ​ជាមួយ​ក្រុម​អ្នក​កាសែត​បាន។ លោក ឡេ ធៀង ញិន (Le Thien Nhan) ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ជា​ទៀង​ទាត់ក្នុង​ពេល​ក​ន្លង​មក​ ក៏​មាន​វត្តមាន​នៅ​ថ្ងៃ​នេះ​ដែរ។

លោក ញិន (Nhan) ថ្លែង​ថា មិត្ត​ភក្តិ​របស់​លោក​ជា​ច្រើន​នាក់​ក៏​ចង់​ចូល​រួម​បាតុកម្ម​ថ្ងៃ​អាទិត្យ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​ប៉ូលិស​រារាំង​មិន​ឲ្យ​ចេញ​ពី​ផ្ទះ។

បាតុករ​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​ហូជីមិញ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។ នៅ​ទី​ក្រុង​ហាណូយ បាតុករ​អាយុ​២២​ឆ្នាំម្នាក់​ត្រូវ​ប៉ូលិសស្លៀក​ពាក់​ស៊ីវិល​រុញ​ច្រាន​ក្នុង​ពេល​លោក​កំពុង​និយាយ​ជាមួយវីអូអេ ហើយ​នៅ​ទី​បំផុតប៉ូលិស​បាន​ទាញ​លោក​និង​មិត្តភក្តិ​ចេញ។

ស្រ្តី​ជា​មន្ត្រី​ប៉ូលិស​មួយ​រូប​ថ្លែង​ថា​ការ​ប្រមូល​ផ្តុំ​ទាំង​នេះ​«ខុស​ច្បាប់»។

នេះ​ជា​ការ​ប្រែប្រួលគោលជំហរ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​វៀតណាម​ ដែល​ទើប​តែ​បាន​អនុញ្ញាតឲ្យ​មានបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​កាល​ពីសប្តាហ៍​មុន។ ក៏​ប៉ុន្តែ​ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ បាតុកម្ម​ទាំង​នោះ​នាំ​ឲ្យ​មាន​កុប្បកម្មកើត​ឡើង​នៅ​តំបន់​សួន​ឧស្សាហកម្ម​នៅ​ប៉ែក​ខាង​ត្បូង​និង​កណ្តាល​ប្រទេស​វៀតណាម​ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ចិន​ពីរ​នាក់​ត្រូវ​សម្លាប់​និង​មនុស្ស​ប្រមាណ​១០០​ទៀត​របួស។

អ្នក​សង្កេត​ការណ៍​ខ្លះសង្ស័យ​ថា​កុប្បកម្ម​ទាំង​នេះ​បាន​កើន​សម្ទុះ​ដោយ​សារ​កំហឹង​ទាក់ទង​នឹង​ស្ថានភាព​ការ​រស់​នៅ​មិន​ល្អ​នៅ​ក្នុងរោងចក្រ ជាជាង​អារម្មណ៍​ប្រឆាំង​នឹង​ចិន។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយកាលពី​ថ្ងៃ​សៅរ៍អំពី​បញ្ហា​កុប្បកម្ម​នេះ មន្ត្រី​វៀតណាម​ព្យាយា​ម​ធានា​ដល់​អ្នក​វិនិយោគ។ ក្រុម​មន្ត្រី​ថ្លែង​ថា​ ស្ថានភាព​មាន​ភាព​រៀបរយ​ឡើង​វិញ​ហើយ​ ហើយ​ក្រុមហ៊ុន​ដែល​រង​ការ​ប៉ះពាល់​នឹង​ត្រូវ​ទទួល​សំណង​ចំពោះ​ការ​ខាត​បង់។

ឧត្តមសេនីយ៍​ឯក ហ៊័ង កុង ទឺ (Hoang Kong Tu) ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មនុស្ស​រាប់​រយ​នាក់​ត្រូវ​ចាប់​ខ្លួន។

ក្រសួង​សន្តិសុខ​សាធារណៈ​ត្រូវគេ​រិះ​គន់​ថា​បាន​ចាត់​វិធានការ​យឺតយ៉ាវ​ពេក ប៉ុន្តែ​លោក Tu ថ្លែង​ថា វិធានការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​គឺ​«ទាន់ពេល»។ លោក​ថា រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ក្នុង​របៀប​សកម្ម​និង​រហ័ស​ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់។

ជម្លោះទាក់ទង​នឹង​ការណ៍​ដែល​ចិន​ចាប់​ខួង​ប្រេង​នេះ ហាក់​មិន​ថមថយ​ឡើយ។ វៀតណាម​និយាយ​ថា ចិន​បាន​បង្កើន​នាវា​នៅ​ក្នុង​តំបន់​សមុទ្រ​នោះ​រហូត​ដល់ចំនួន​១៣០​គ្រឿង ដោយ​រួម​មាន​នាវា​កងទ័ព​ជើង​ទឹក​ចំនួន​៤​គ្រឿងផង​ដែរ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​របស់​ចិន​បាន​រាយការណ៍​ថា ប្រទេស​ចិន​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួនចំនួន​ជាង​៣.០០០​នាក់ចេញ​ពី​ប្រទេស​វៀតណាម​នៅ​ក្រោយ​ពេល​មាន​កុប្បកម្ម​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្ត្រី ង្វៀង​ តាន យុង (Nguyen Tan Dung) បាន​ផ្ញើ​សារ​ជា​ច្រើនតាម​ទូរស័ព្ទ​ទៅអ្នកប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​រដ្ឋ​ ដោយ​អំពាវនាវ​ឲ្យ​ពួក​គេ​សម្តែង​អារម្មណ៍​ជាតិនិយម ប៉ុន្តែ​មិន​ឲ្យ​ចូល​រួមក្នុង​បាតុកម្ម​«ខុស​ច្បាប់»។ សារ​ដំបូង​ត្រូវ​បាន​ផ្ញើ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

គេ​នៅមិន​ដឹង​ច្បាស់​ថា​បាតុកម្ម​បែប​ណា​ដែល​ជា​បាតុកម្ម​«ខុស​ច្បាប់»​នោះ។ ប៉ុន្តែ​សារ​ដែលចេញ​ពី​សកម្មភាព​បង្ក្រាប​ក្រុម​ប៉ូលិសកាល​ពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ចិន​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត
XS
SM
MD
LG