ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ដល់​អ៊ីរ៉ាក់


រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់លោក Najah al-Shammari (ខាងស្តាំ៌) ឈរគោរពភ្លេងជាតិជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់លោក Najah al-Shammari (ខាងស្តាំ៌) ឈរគោរពភ្លេងជាតិជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

លោក Esper បាន​និយាយ​ថា ការ​បន្ថែម​ទាហាន​ទាំង​នេះ​គឺ​ដើម្បី​ជួយ​ការពារ​ប្រទេស​អ៊ីរ៉ាក់ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​បះបោរ​ភេរវកម្ម​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​អ៊ីរ៉ាក់​អំពី​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ទាហាន​អាមេរិកាំង ដែល​ទើប​នឹង​បាន​ដក​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។

ទាហាន​អាមេរិកាំង ៧ រយ​នាក់ ឬ​ក៏​ច្រើន​ជាង​នេះ បាន​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ ដែល​នៅ​ទី​នោះ ទាហាន​អាមេរិកាំង​ចំនួន ៥ ពាន់​នាក់ កំពុង​ឈរ​ជើង​ស្រាប់។ លោក Esper បាន​និយាយ​ថា ការ​បន្ថែម​ទាហាន​ទាំង​នេះ​គឺ​ដើម្បី​ជួយ​ការពារ​ប្រទេស​អ៊ីរ៉ាក់ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​បះបោរ​ភេរវកម្ម​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ប៉ុន្តែរដ្ឋាភិបាល​អ៊ីរ៉ាក់​ថា ទាហាន​ទាំង​នេះ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះ​ទេ។

នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក Esper បាន​បញ្ជាក់​ថា «នៅ​ទី​បំផុត ទាហាន​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ»។

ការ​សម្រេច​ភ្លាមៗ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ការ​ដក​ទាហាន​អាមេរិកាំង​ស្ទើរតែ​ទាំង​អស់​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​កាល​ពី​ពីរ​សប្ដាហ៍​មុន បាន​ធ្វើ​ឲ្យ​ទាហាន​តួកគី និង​យុទ្ធជន​ស៊ីរី​ដែល​គាំទ្រ​ដោយ​ទួរគី​បើក​ការ​លុកលុយ​វាយ​ប្រហារ​លើ​កង​កម្លាំង Kurd។

រដ្ឋាភិបាល​តួកគី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​បាន​បញ្ចប់​ការ​វាយ​ប្រហារ​នេះ ដោយ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួកគេ​ថា យុទ្ធជន Kurd ទាំង​អស់​បាន​ដក​ចេញ​ពី​តំបន់​នោះ។ កាល​ពី​សប្ដាហ៍​មុន ប្រទេស​តួកគី​បាន​យល់ព្រម​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ៥ ថ្ងៃ បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​នឹង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence៕

XS
SM
MD
LG