អង្គការAmnesty International បានរាយការណ៍ថា យ៉ាងហោចណាស់បាតុករ១២នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។ អង្គការនេះបានឲ្យដឹងថា ការបាញ់ប្រហារលើពលរដ្ឋស៊ីវិលស្មើនឹងការសម្លាប់ដោយមិនមានការកាត់ទោសពីតុលាការ។
អ្នកស្រី Michele Bachelet ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា អ្នកស្រីមានការបារម្ភអំពីរបាយការណ៍ដែលថា កាមេរ៉ាសុវត្ថិភាព និងអំពូលភ្លើងត្រូវបានគេបិទមុនពេលមានការបាញ់ប្រហារ។ ប្រសិនបើវាជាការពិត អ្នកស្រីនិយាយថា ការវាយប្រហារដែលមិនអាចទទួលយកបានទៅលើអ្នកតវ៉ាដោយសន្ដិវិធីនេះជាបទល្មើសគិតទុកជាមុន រៀបចំទុក និងមានការជួយសម្របសម្រួល។
លោក Rupert Colville អ្នកនាំពាក្យរបស់អ្នកស្រី Michele Bachelet បានប្រាប់ VOA ថា ព័ត៌មានលម្អិតអ្វីដែលបានកើតឡើងកាលពីថ្ងៃទី២០ ខែតុលា ត្រូវតែមានការបញ្ជាក់។ លោកបាននិយាយថា សំណួរទាក់ទងនឹងអ្នកបញ្ជា អ្នករៀបចំ និងអ្នកដែលបានដឹងអំពីអ្វីដែលមើលទៅដូចជាបទល្មើសដែលត្រូវបានរៀបចំទុក នៅតែមិនទាន់មានចម្លើយ។
លោក Colville បាននិយាយក្នុងសម្តីដើមថា៖ «ចំណុចសំខាន់បំផុតគឺថា នេះជាបញ្ហាដ៏អាក្រក់ពាក់ព័ន្ធនឹងកងកម្លាំងសន្តិសុខក្នុងប្រទេសនីហ្សេរីយ៉ាដែលត្រូវដោះស្រាយ ព្រោះតែនេះគឺជាគោលបំណងនៃការតវ៉ានេះ។ វាជាការតវ៉ាអំពីកងកម្លាំងប៉ូលិសដែលបានសម្លាប់ពលរដ្ឋ រំលោភស្ត្រី ជំរិតទារប្រាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ... ឥឡូវនេះ បែរជាទាហានជាអ្នកដោះស្រាយបញ្ហានេះទៅវិញ។ ដូច្នេះ ពេលនេះ វិស័យសន្ដិសុខទាំងមូលនៅក្នុងប្រទេសនីហ្សេរីយ៉ាកំពុងមានបញ្ហាហើយ»។
លោកColville និយាយថា មានកង្វះខាតទំនុកចិត្តសម្រាប់កងកម្លាំងសន្តិសុខក្នុងចំណោមពលរដ្ឋនីហ្សេរីយ៉ា។ លោកនិយាយថា ប្រទេសនេះនឹងមានបញ្ហាដ៏ធំ រហូតទាល់តែបញ្ហានេះត្រូវបានដោះស្រាយ។
យោធានីហ្សេរីយ៉ាកាលពីមុនបានបដិសេធថា សមាជិករបស់ខ្លួនបានបាញ់ប្រហារលើជនស៊ីវិល។ នៅក្នុងបទសម្ភាសន៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ លោក Muhammad Maigari Dingyadi រដ្ឋមន្ត្រីគ្រប់គ្រងមន្ត្រីប៉ូលិសនីហ្សេរីយ៉ាបាននិយាយថា ទាហានមិនត្រូវបានណែនាំឱ្យបាញ់ប្រហារទៅលើអ្នកតវ៉ានោះទេ។ ទាហាននីហ្សេរីយ៉ាបានច្រានចោលរបាយការណ៍ដែលថា ទាហានជាអ្នកនៅពេលក្រោយការសម្លាប់នោះថាជា «ព័ត៌មានក្លែងក្លាយ»។
អ្នកស្រីឧត្តមស្នងការ Bachelet កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗ ប្រកបដោយឯករាជ្យ និងមានតម្លាភាពលើការសម្លាប់នេះ។ លោក Colville និយាយថា វាមានសារៈសំខាន់ណាស់ដែលពលរដ្ឋមើលឃើញថា ការស៊ើបអង្កេតនេះមានឯករាជ្យ និងមិនលម្អៀង។
លោកបាននិយាយក្នុងសម្តីដើមថា៖ «ច្បាស់ណាស់ ការស៊ើបអង្កេតធម្មតាដែលមិននាំឱ្យមានការចាប់ខ្លួន ឬការទទួលខុសត្រូវណាមួយនឹងមិនអាចទទួលយកបានទៀតនោះទេសម្រាប់ពលរដ្ឋនីហ្សេរីយ៉ា។ ពួកគេកំពុងផ្ញើសារនេះយ៉ាងច្បាស់នៅក្នុងការតវ៉ាតាមផ្លូវក្នុងក្រុង Lagos។ មិនត្រឹមតែនៅក្នុងក្រុង Lagos នោះទេ ប៉ុន្តែនៅក្នុងក្រុងផ្សេងៗទៀតក្នុងប្រទេសនីហ្សេរីយ៉ា។ ដូច្នេះ នេះជាអ្វីដែលពួកគេចង់បាន។ វាទាក់ទងនឹងការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្ត»។
អ្នកស្រីឧត្តមស្នងការ Bachelet កត់សម្គាល់ថា កងកម្លាំងសន្តិសុខនីហ្សេរីយ៉ាដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរមិនត្រូវបានគេដាក់ទណ្ឌកម្មអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកស្រីនិយាយថា ការណ៍នេះត្រូវតែបញ្ឈប់ ហើយអាជ្ញាធរនីហ្សេរីយ៉ាត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់នៅពេលនេះដើម្បីដោះស្រាយបញ្ហានិទណ្ឌភាព ប្រសិនបើពួកគេចង់ទទួលបានជំនឿទុកចិត្តពីពលរដ្ឋមកវិញ៕