អង្គការសិទ្ធិមនុស្សយ៉ាងតិចជាង ១០ បានតវ៉ាប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្តល់ទិដ្ឋាការឲ្យរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ដើម្បីទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទោះបីជាលោកបានរងការចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក៏ដោយ។
លោក Prabowo មានគម្រោងជួបជាមួយរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper និងប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley នៅថ្ងៃសុក្រស្អែកនេះ។
លោក Dahnill Simanjuntak អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូនេស៊ី បានប្រាប់ VOA ផ្សាយជាភាសាឥណ្ឌូនេស៊ីថា រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Esper បានចេញការអញ្ជើញជូនលោក Prabowo។
លោក Prabowo ធ្លាប់ធ្វើជាប្រធានកងកម្លាំងពិសេស Kopassus នៃកងទ័ពឥណ្ឌូនេស៊ី ដែលបានរងការចោទប្រកាន់ពីក្រុមអង្គការសិទ្ធមនុស្សនានា និងពីគណៈកម្មការជាតិស្តីពីសិទ្ធិមនុស្សរបស់ប្រទេសឥណ្ឌូនេស៊ី ថាបានរំលោភសិទ្ធិមនុស្ស។
លោក Prabowo ត្រូវបានបដិសេធលើកទីមួយមិនឲ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ ដោយសារតែលោកបានរងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសទីម័រខាងកើត ខេត្ត West Papua និងក្នុងអំឡុងការតវ៉ាប្រឆាំងរបស់ក្រុមនិស្សិតឆ្នាំ ១៩៩៨ នៅក្នុងរដ្ឋធានីហ្សាការតា។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា៖ «ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកគ្រោងរៀបចំទទួលលោករដ្ឋមន្ត្រី Prabowo នៅក្រសួងការពារប្រទេសនៅថ្ងៃសុក្រខាងមុខ ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីបន្ថែមរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូនេស៊ី»។
អង្គការសិទ្ធិមនុស្ស Amnesty International USA កាលពីថ្ងៃអង្គារ បានផ្ញើរលិខិតជូនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដើម្បីជំទាស់ទៅនឹងដំណើរទស្សនកិច្ចរបស់លោក Prabowo នេះ ។ លិខិតនោះត្រូវបានចុះហត្ថលេខាដោយអង្គការសិទ្ធិមនុស្សជាច្រើនទៀត៕