លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ចប់ទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីទាក់ទាញអ្នកវិនិយោគ ដោយសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់«ស៊ីជម្រៅ»និងសម្រួលដល់បរិយាកាសវិនិយោគ។
លោកថ្លែងថា៖ «យើងធ្វើការកែទម្រង់នេះ ដើម្បីសម្រួលដល់អ្នកវិនិយោគ ទាល់យើងធ្វើការសម្រួលដល់គាត់នេះ កាត់បន្ថយចំណាយក្រៅផ្លូវការ កាត់បន្ថយចំណាយដឹកជញ្ជូន កាត់បន្ថយចំណាយខាងភ្លើង បណ្តុះបណ្តាលបងប្អូនប្រជាពលរដ្ឋយើងឲ្យមានចំណេះវិជ្ជា។ ធ្វើការហ្នឹង អាហ្នឹងអ្នកវិនិយោគគាត់នឹងយល់ ហើយ ជាការប្តេជ្ញាចិត្ត ជាឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅដើម្បីជួយសម្រួលដល់អ្នកវិនិយោគ។»
លោកទេសរដ្ឋមន្ត្រីថ្លែងដូច្នេះនៅក្នុងអំឡុងបទបង្ហាញមួយស្តីអំពីសក្តានុពលវិនិយោគនៅកម្ពុជា នៅឯវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ នៅចុងបញ្ចប់នៃបេសកកម្មពាណិជ្ជកម្មរយៈពេលមួយសប្តាហ៍ដែលរួមមានទស្សនកិច្ចនៅទីក្រុង Los Angeles និង Seattle ផងដែរ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានភ្ជាប់ឆន្ទៈនយោបាយថ្មីនេះទៅនឹងលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣។
«បើយើងចង់ឈ្នះឆ្នោតនៅក្នុងឆ្នាំ២០១៨ ហើយតម្រូវស្ថានភាពបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់នូវរបៀបវារៈកំណែទម្រង់ ហើយធ្វើកំណែទម្រង់ឲ្យបានរហ័ស បើមិនដូច្នេះទេ យើងមិនអាចដល់គោលដៅទេ។ ដូច្នេះហើយយើងច្បាស់ថាយើងត្រូវតែធ្វើកំណែទម្រង់។ បើមិនកែទម្រង់ទេ យើងនឹងមានបញ្ហានៅឆ្នាំ២០១៨។»
នៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានថយចុះសំឡេងពី៩០អាសនៈមកត្រឹម៦៨អាសនៈ។ ការស្ទង់មតិមួយរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ធ្វើឡើងនៅក្រោយការបោះឆ្នោតបង្ហាញថា ពលរដ្ឋកម្ពុជាមានទុទិដ្ឋិនិយមជាងមុនចំពោះទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មូលហេតុសំខាន់ៗ៣ដែលអ្នកត្រូវផ្តល់ឲ្យគឺ អំពើពុករលួយកើនឡើង សាច់ញាតិនិងបក្សពួកនិយម និងការខួចខាតបរិស្ថាន។
ស្របនឹងការប្រែប្រួលនយោបាយក្នុងស្រុកនេះ ប្រទេសកម្ពុជាក៏ត្រូវការអ្នកវិនិយោគបរទេសកាន់តែច្រើនដើម្បីបង្កើតការងារដល់យុវជនដែលចូលក្នុងទីផ្សារការងារប្រមាណ៣សែននាក់ក្នុងមួយឆ្នាំ ហើយដើម្បីត្រៀមខ្លួនក្នុងការចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥។
លោក Alex Feldman ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន (US-ASEAN Business Council) នៅរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា ចំណាប់អារម្មណ៍អ្នកវិនិយោគអាមេរិកចំពោះកម្ពុជាបានកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោកនៅមិនទាន់ប្រាកដថាកំណែទម្រង់នៅពេលនេះស៊ីជម្រៅដូចអ្វីដែលអ្នកវិនិយោគចង់បាននៅឡើយ។
លោកថ្លែងថា៖ «អ្វីដែលលោករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃនេះ គឺវិជ្ជមានទាំងអស់សម្រាប់ទាក់ទាញអ្នកវិនិយោគ។ យើងបានឃើញការផ្លាស់ប្តូរខ្លះ។ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះប្រហែលមិនទាន់សមល្មមដល់កម្រិតដែលអ្នកវិនិយោគនិងរដ្ឋាភិបាលអាមេរិកចង់បាននៅឡើយ។ សង្ឃឹមថាលើកនេះយើងនឹងឃើញកំណែទម្រង់ខ្លាំងថែមទៀត។ ប៉ុន្តែយើងត្រូវរង់ចាំមើលសិន។»
លោក Alex Feldman ថ្លែងថាកម្ពុជាគួរផ្តោតលើកំណែទម្រង់ទៅការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ បន្តបង្កើនជំនាញពលករខ្មែរ និងជាពិសេសបន្តប្រឆាំងនឹងអំពើពុករលួយ។
ក្នុងឆ្នាំ២០១៣កន្លងទៅនេះ ប្រទេសកម្ពុជាបានធ្លាក់ចំណាត់ថ្នាក់មកជាប្រទេសមានអំពើពុករលួយជាងគេនៅក្នុងតំបន់អាស៊ាន ហើយបានធ្លាក់ចំណាត់ថ្នាក់ខាងលក្ខណៈប្រកួតប្រជែង ខណៈដែលប្រទេសអាស៊ានដទៃទៀតបានកើតចំណាត់ថ្នាក់។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានកត់សម្គាល់ថា កម្រិតនៃកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ននេះមិនធ្លាប់មានពីមុនមកទេនៅកម្ពុជា។ លោកបានលើកឧទាហរណ៍ទាក់ទងនឹងការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ និងកំណែទម្រង់នៅក្នុងក្រសួងពាណិជ្ជកម្មរបស់លោកផ្ទាល់ដោយ បង្កើតការប្រកួតប្រជែងសមត្ថភាពបុគ្គលិក និងការធ្វើស្វ័យប្រវត្តិកម្ម (automation) នៃការចុះបញ្ជីពាណិជ្ជកម្មដែលលោកថាជួយកាត់បន្ថយការចំណាយក្រៅផ្លូវការ។
ប៉ុន្តែលោក Storm Tiv អ្នកស្រាវជ្រាវប្រចាំអាស៊ីនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថ្លែងថា ការប្រឆាំងអំពើពុករលួយអាចសម្រេចបានជាទ្រង់ទ្រាយធំលុះត្រាតែអង្គភាពប្រឆាំងអំពើពុករលួយអាចមានអំណាចធ្វើឲ្យមានតម្លាភាពទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ។
«កង្វះលទ្ធភាពការផ្សាយជាសាធារណៈអំពីទ្រព្យសម្បត្តិរបស់រដ្ឋមន្ត្រី ធ្វើឲ្យអំពើពុករលួយនៅតែជាបញ្ហា។ បើមិនផ្សាយទ្រព្យសម្បត្តិជាសាធារណៈទេនោះ កិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយនឹងមិនមានប្រសិទ្ធភាពក្នុងកំណែទម្រង់ប្រឆាំងអំពើពុករលួយទេ។»
នៅក្រោយបទបង្ហាញរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អ្នកចូលរួមមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន ដោយបន្តរង់ចាំមើលលទ្ធផលជាក់ស្តែងនៃការសន្យាកំណែទម្រង់«ស៊ីជម្រៅ»ទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
បទសម្ភាសន៍ផ្តាច់មុខរបស់វីអូអេជាមួយលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖