ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​Chevron​បញ្ចប់​ប្រតិបត្តិ​ការ​១២ឆ្នាំ​នៅ​កម្ពុជា


ក្រុមហ៊ុន​Chevron ​Overseas ​Petroleum​ (Cambodia) Ltd ​​បាន​ធ្វើ​ការ​​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​។
ក្រុមហ៊ុន​Chevron ​Overseas ​Petroleum​ (Cambodia) Ltd ​​បាន​ធ្វើ​ការ​​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​។

ក្រុមហ៊ុន​រុករកប្រេង​អាមេរិកាំង​ដ៏ធំ​មួយ បាន​ដក​ខ្លួន​ពី​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ដក​ខ្លួន​នេះ​នៅ​ឡើយ​ទេ។

ក្រុមហ៊ុន​Chevron ​Overseas ​Petroleum​ (Cambodia) Ltd ​ដែល​បាន​ធ្វើ​ការរុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មកហើយ​ បានសម្រេច​ដកការ​បណ្តាក់​ទុន​នៅ​កម្ពុជា ​ហើយ​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​សរុប​៣០​ភាគរយ ទៅឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ KrisEnergy Ltd ​របស់​ប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន​ Chevron និង​ក្រុម​ហ៊ុន ​KrisEnergy ​រួម​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​គឺ​Moeco Cambodia​ Co.Ltd ​និង​ក្រុមហ៊ុន​ GS Energy Corporation​បាន​ទទួល​សិទ្ធិ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុងប្លុកA ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ​ហើយ​ក្រុមហ៊ុន​អាមេរិក​Chevron ​បាន​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិកនិង​បញ្ចប់​ប្រតិ​បត្តិការ​ជាមួយ​ក្រុម​ហ៊ុន​បី​ផ្សេង​ទៀត។

លោករីឆាត ​ឡូរ៉ិន(Richard Lorentz)​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​KrisEnergy​ បាន​បញ្ជាក់​នៅ​ក្នុង​សារអេឡិក​ត្រូនិក​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុម​ហ៊ុន​KrisEnergy ​ដែល​មានភាគ​ហ៊ុន​ចំនួន​២៥​ភាគរយ​ស្រាប់​នឹង​កើន​ភាគ​ហ៊ុន​រហូត​ដល់​៥៥​ភាគ​រយ​ដោយ​មិន​ទាន់​បាន​គិត​ពី​ការបែងចែក​ភាគ​ផល​ទៅដល់​រដ្ឋា​ភិបាល។

​លោករីឆាត ​ឡូរ៉ិន ​បន្ថែម​ថា​ក្រុមហ៊ុន ​KrisEnergy ​នឹង​ក្លាយ​ជាក្រុមហ៊ុន​ប្រតិបត្តិករ​រុករក​ប្រេង​នៅ​កម្ពុជា​ក្នុង​ប្លុក​A​នេះ​គឺ​លែងជា​ក្រុមហ៊ុន ​Chevron ​ទៀត​ហើយ។

​ទោះជាយ៉ាងណា​លោក​បដិសេធពី​ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន​Chevronដោយ​សារ​បញ្ហាបែប​ណា​មួយ​ប៉ុន្តែ​លោក​ហាក់​ដូចជាបាន​បង្ហើប​ពី​ភាពមិនចុះ​សម្រុង​គ្នា​មួយ​ចំនួន​ក្នុង​ភាគហ៊ុន។ លោក​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​នឹង​បូម​ដំណក់​ប្រេង​ទី​១​នៅ​ប្លុក​Aនេះ​«ហើយ​ម្ចាស់ភាគ​ហ៊ុន​ជា​ច្រើន​ត្រូវ​ការពេញចិត្ត​ចំពោះបែបបទ​ដែលត្រូវ​ស្នើ​សុំ​ការ​អនុញ្ញត​ផលិតកម្ម​មុន​នឹងឈាន​ដល់​កិច្ច​ព្រម​ព្រៀង​និងឈាន​ដល់​កិច្ច​ចុះ​ហត្ថលេខា»។

លោក Alexander Yelland ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​Chevron ​បានឆ្លើយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារអេឡិកត្រូនិក​ថា​ក្រុមហ៊ុន​Chevron ​បាន​ព្រមព្រៀង​លក់​ភាគហ៊ុន​របស់​ខ្លួន​ឲ្យ​ទៅ​ក្រុម​ហ៊ុនKrisEnergy ​ដែល​ភាគ​ហ៊ុន​នេះ​គិត​ទាំង​លើផល​ប្រយោជន៍​នៃ​ការចូលរួម​វិនិយោគ​និង​គិត​ទាំង​ផ្នែក​ដឹក​នាំ​ប្រតិបត្តិការ​ផង​ដែរ។

លោក Alexander Yelland ​និយាយ​ដោយ​ប្រយោល​ថា​«ក្រុមហ៊ុនChevron​រីករាយ​ដោយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ប្រេង​និង​ឧស្ម័ន​របស់​ប្រទេស​កម្ពុជា​ហើយ​Chevron​មាន​មោទនភាព​ដោយ​បាន​រក​ឃើញ​ប្រេង​នៅ​ក្នុ​ងប្លុកAនេះ»។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​តំណាង​ក្រុមហ៊ុន​Chevron ​និង​ក្រុមហ៊ុន ​KrisEnergy​ បាន​ប្រគល់​ឯកសារ​ដល់​ក្រសួង​រ៉ែ​និង​ថាម​ពល​ដើម្បី​ស្នើ​សុំ​ការសម្រេច​ឯក​ភាព​លើ​ការ​ផ្ទេរ​ភាគ​ហ៊ុន​របស់​ខ្លួន។

លោកម៉េង សាក់ធារ៉ា​ រដ្ឋលេខា​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​រាជរដ្ឋា​ភិបាល​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​សម្រាប់​ពិនិត្យ​សំណុំ​ឯកសារ​ទាំងនេះ។

«គាត់​បាន​ដាក់​ឯកសារ​ហើយ ​យើង​កំពុង​ពិនិត្យ​មើល​មិន​ទាន់​បាន​សម្រេច​ទេ។​យើង​ត្រូវ​ពិនិត្យ​មើល​ក្នុង​កិច្ច​ព្រមព្រៀង​តើ​កាតព្វកិច្ច​អ្វី​ខ្លះ​ដែល​គាត់​ត្រូវ​បំពេញពាក់​ព័ន្ធ​នឹង​ការ​ផ្លាស់​ប្តូរ​សមាស​ភាព​ភាគ​ហ៊ុន។ ​លុះ​ត្រា​តែ​គាត់​បាន​បំពេញ​បែប​បទ​អ្វី​ទាំងអស់​ហ្នឹង​រួច​ហើយ​ទើប​រដ្ឋា​ភិបាល​អាច​ទទួល​ស្គាល់​ថា​គាត់​បាន​ផ្ទេរសិទ្ធិ»។

លោករីឆាត ឡូរ៉ិន ​(Richard Lorentz) ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​KrisEnergy​បាន​និយាយ​ក្រោយ​ពី​មាន​ការ​យល់​ព្រម​ពី​រាជរដ្ឋា​ភិបាល​កម្ពុជាលើការ​ផ្ទេរ​ភាគហ៊ុន​និង​តួនាទី​ជា​ប្រតិបត្តិ​ករ​ក្នុង​ប្លុក​A ​ក្រុមហ៊ុន ​KrisEnergy ​នឹង​ធ្វើ​គម្រោង​អភិវឌ្ឍន៍​រួម​ជាមួយ​ដៃ​គូ​ភាគហ៊ុន​ហើយ​នៅ​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ឬ​ក៏ការស្នើ​សុំ​ផលិត​ប្រេង​ត្រូវ​បាន​ទទួល​ស្គាល់​នោះ​ ក្រុមហ៊ុន​របស់​លោក​នឹងចាប់ផ្តើម​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​និងបំពាក់​ឧបករណ៍​ចាំបាច់​សម្រាប់​ដំណើរការ​បូម​ប្រេង។

កាលពី​ថ្ងៃច័ន្ទ​ក្រុមហ៊ុន ​KrisEnergy ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​ប្រតិបត្តិការ​ដោយ​រំពឹងថា​នឹងអាច​បូម​ប្រេង​បាន​១ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

រហូតមក​ទល់​ពេល​នេះ​មិនទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​បែបណាមួយ​សម្រាប់​សម្រួល​ដល់​ការ​បូម​ប្រេង​នៅ​ឡើយ។

មុន​ការ​លក់​ភាគហ៊ុន​របស់​ខ្លួន​ទាំងស្រុង​ក្រុមហ៊ុន Chevron ​មាន​ចំណែក​ហ៊ុន៣០​ភាគ​រយក្នុង​ការរុក​រក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុកA ​នៅដែន​សមុទ្រ​កម្ពុជា។ ក្រុមហ៊ុន ​Moeco Cambodia Co.Ltd ​មក​ពី​ប្រទេស​ជប៉ុន​កាន់​កាប់​ភាគហ៊ុន​៣០​ភាគរយ​ដែរ ​ក្រុម​ហ៊ុន​KrisEnergy ​របស់​ប្រទេស​សិង្ហ​បុរីមាន​ភាគហ៊ុន​២៥​ភាគរយ ​និង​ក្រុមហ៊ុន ​GS Energy Corporation​មាន​ភាគ​ហ៊ុន​ចំនួន​១៥​ភាគរយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG