ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ​ចល័ត​ចាប់​ផ្ដើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​វៀតណាម


លុយ​ដុង​វៀតណាម​នៅ​ក្នុង​ធនាគារពាណិជ្ជ​អាស៊ី​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

គោលដៅ​នេះ​គឺ​ស្រប​គ្នា​ជាមួយ​នឹង​គោលដៅ​ដទៃ​ទៀត ដូចជា​ការ​បង្កើន​ចំនួន​នៃ​ឧបករណ៍​ទូទាត់​សាច់​ប្រាក់​រហូត​ដល់ ៣ សែន គ្រឿង និង​ធ្វើ​ឲ្យ​ការ​បង់​ថ្លៃ​អគ្គិសនី​ចំនួន ៧០ ភាគរយ ធ្វើ​ឡើង​តាម​អ៊ីនធឺណិត។

សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ឆ្ងាយ​ពី​សាខា​ធនាគារ​ផ្ដល់​សេវា​សម្រាប់​អ្នក​ប្រើប្រាស់ ធនាគារ Vietin​ Bank បាន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ដោយ​មាន​កាន់​កុំព្យូទ័រ tablet នៅ​ក្នុង​ដៃ ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទៅ​ជួប​ជាមួយ​អតិថិជន​ផ្ទាល់​ដល់​ទីកន្លែង​រស់នៅ​របស់​ពួកគេ។

នេះ​ក៏​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ DongA Bank ផង​ដែរ ដែល​ធនាគារ​នេះ​បាន​ដាក់​ទូ​ដក​ប្រាក់ ATM របស់​ខ្លួន​នៅ​លើ​រថយន្ត​វ៉ែន​មួយ​គ្រឿង និង​ចត​នៅ​ជិត​រោងចក្រ​នានា ដើម្បី​ឲ្យ​កម្មករ​មាន​លទ្ធភាព​អាច​ប្រើប្រាស់​សេវា​ធនាគារ​នេះ​បាន​ងាយ​ស្រួល។

នៅ​ទូទាំង​ប្រទេស​វៀតណាម ប្រជាពលរដ្ឋ​យក​ចិត្ត​ទុកដាក់​ជាមួយ​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន «ភាព​ងាយស្រួល​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ» ដែល​នេះ​ជា​ពាក្យ​ប្រើ​ជា​សាកល​មួយ​សម្រាប់​សំដៅ​លើ​ការ​ពាំនាំ​ធនាគារ​ទៅ​កាន់​ប្រជាជន​សាមញ្ញ​ភាគ​ច្រើន ហើយ​វា​នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​វា​អាច​ធ្វើ​ឡើង​តាម​អ៊ីនធឺណិត។

រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បង្ហាញ​អំពី​គោលដៅ​ជាតិ​មួយ​ចំនួន​សម្រាប់​ឆ្នាំ ២០២០ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​កាត់​បន្ថយ​ពោរពេញ​ដោយ​មហិច្ឆតា​ចំពោះ​ភាគហ៊ុន​នៃ​ការ​ទិញ​ដូរ​ផ្អែក​លើ​ក្រដាស​ប្រាក់​ឲ្យ​នៅ​សល់ ១០ ភាគរយ ផង​ដែរ។

គោលដៅ​នេះ​គឺ​ស្រប​គ្នា​ជាមួយ​នឹង​គោលដៅ​ដទៃ​ទៀត ដូចជា​ការ​បង្កើន​ចំនួន​នៃ​ឧបករណ៍​ទូទាត់​សាច់​ប្រាក់​រហូត​ដល់ ៣ សែន គ្រឿង និង​ធ្វើ​ឲ្យ​ការ​បង់​ថ្លៃ​អគ្គិសនី​ចំនួន ៧០ ភាគរយ ធ្វើ​ឡើង​តាម​អ៊ីនធឺណិត។

ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​ទំនង​ជា​គិត​ថា គោលដៅ​ទាំង​នោះ​គឺ​ជា​គោលបំណង​ដែល​ពិបាក​សម្រេច​មួយ ហើយ​លុយ​ដុង​របស់​វៀតណាម​នឹង​នៅតែ​ជា​អាទិភាព​ដដែល។

លោក Le Anh Dung ប្រធាន​ផ្នែក​បង់​ប្រាក់​នៃ​ធនាគារ State Bank of Vietnam បាន​ទទួល​ស្គាល់​ថា៖ «ប្រជាពលរដ្ឋ​នឹង​មិន​ឈប់​ប្រើ​ក្រដាស​ប្រាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ» ទោះបីជា​លោក​កំពុង​ជំរុញ​ឲ្យ​សង្គម​វៀតណាម​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ទិញ​ដូរ​របស់របរ​ផ្សេងៗ​ក៏​ដោយ។

ប៉ុន្តែ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​កំពុងតែ​ឃើញ​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​ច្បាស់​ក្រឡែត​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទៅ​ជា​លក្ខណៈ​ឌីជីថល។

ឧទាហរណ៍​ដូចជា​សេវា​សាធារណៈ​នានា ដើម្បី​បង់​ថ្លៃ​ទឹក​ភ្លើង ប្រជាពលរដ្ឋ​វៀតណាម​ធ្លាប់​មាន​ជម្រើស​តែ​មួយ​គត់​គឺ​ការ​បង់​ជា​សាច់​ប្រាក់​ផ្ទាល់ ដោយ​ពួកគេ​អាច​ទៅ​បង់​ផ្ទាល់​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍ ឬ​ក៏​រង់ចាំ​អ្នក​ប្រមូល​លុយ​មក​យក​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ ហាង​នានា​តាំង​ពី​ហាង 7-Eleven រហូត​ដល់​ហាង Circle K បាន​កកើត​ឡើង​នៅ​ពាសពេញ​ទីក្រុង​នានា ហើយ​ហាង​ទាំង​នោះ​បាន​ប្រើ​ឧបករណ៍​គិត​លុយ​ដោយ​ប្រើ​កាត​ធនាគារ​ក្នុង​ការ​ទូទាត់​ការ​ចំណាយ​លើ​សេវា​សាធារណៈ​នានា។

គុណវិបត្តិ​នៃ​ធនាគារ​ដែល​គ្មាន​សាខា

ប៉ុន្តែ​ការ​ជំរុញ​ឲ្យ​មាន​ការ​ទូទាត់​សាច់​ប្រាក់​បែប​ទំនើប​នេះ​គឺ​មិន​មែន​ដំណើរការ​ដោយ​រលូន​ទាំង​អស់​នោះ​ទេ។ អតិថិជន​នានា​មាន​ការ​ព្រួយបារម្ភ​ថា គណនី​ធនាគារ​របស់​ពួកគេ​អាច​ត្រូវ​គេ​លួច​យក គឺ​ដូច​គ្នា​ទៅ​នឹង​វិធី​ដែល​ចោរ​អាច​លួច​លុយ​ដុង​វៀតណាម​ដែល​លាក់​ទុក​នៅ​ក្រោម​ពូក​ដេក​ដូច្នេះ​ដែរ។

កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​កម្មករ​អាច​ខ្ចី​លុយ​មុន​ទទួល​បាន​ប្រាក់​បៀតវត្សរ៍​ដើម្បី​ទិញ​ទូរស័ព្ទ​ដៃ ឬ​ក៏​ទូទឹកកក​ជា​ដើម គឺ​មាន​ហានិភ័យ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​វប្បធម៌​បំណុល និង​ហានិភ័យ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់។ មួយ​វិញ​ទៀត ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ស៊ាំ​ទៅ​នឹង​ការ​ប្រើប្រាស់​កម្មវិធី​បង់​ប្រាក់​របស់​ធនាគារ​ដែល​គ្មាន​សាខា​នានា​ដូចជា Moca, MoMo និង Payoo ជា​ដើម ដែល​ទាំង​នេះ​ជា​ជម្រើស​របស់​ប្រទេស​វៀតណាម​ជំនួស​ឲ្យ​ប្រព័ន្ធ​បង់​ប្រាក់ PayPal តាម​អ៊ីនធឺណិត។

លោក Kalidas Ghose នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន FE Credit ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ប្រើប្រាស់ បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​សន្និសីទ​ស្ដី​ពី​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Seamless នៅ​ក្នុង​ទីក្រុង​ហូជីមិញ ថា​នា​ពេល​បច្ចុប្បន្ន​នេះ ធនាគារ​ចល័ត​បាន​ចាប់ផ្ដើម​ហើយ គឺ​ក្នុង​លក្ខណៈ​ជា​ស្ថាប័ន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ប្រើប្រាស់​ទេ។

នៅ​ឯ​សន្និសីទ​នោះ លោក Le Anh Dung បាន​លើក​សរសើរ​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​ល្បីល្បាញ​នានា​នៅ​លើ​ពិភពលោក​ដូចជា​ការ​ប្រើប្រាស់​លេខ​កូដ QR របស់​ក្រុមហ៊ុន Alibaba ការ​ប្រើប្រាស់​ជម្រើស​ប្រើ​ប៊ូតុង​តែ​មួយ​ក្នុង​ការ​បង់​ប្រាក់​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Amazon និង​ការ​ទូទាត់​សាច់​ប្រាក់​ដែល «មើល​មិន​ឃើញ​ផ្ទាល់​នឹង​ភ្នែក» របស់​ក្រុមហ៊ុន Uber ជា​ដើម។ ការ​ទូទាត់​សាច់​ប្រាក់​របស់​ក្រុមហ៊ុន Uber នេះ គឺ​មាន​ន័យ​ថា​កម្មវិធី app របស់​ក្រុមហ៊ុន Uber នេះ នឹង​កាត់​យក​លុយ​ពី​អ្នក​ជិះ​រថយន្ត Uber ភ្លាមៗ​ដោយ​ខ្លួន​ឯង​បន្ទាប់​ពី​អ្នក​ជិះ​បាន​ប្រើប្រាស់​សេវា Uber នេះ​រួច​ហើយ។

អ្វី​ដែល​គំនិត​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​ទាំង ៣ ខាង​លើ​នេះ មាន​ដូច​គ្នា គឺ​ការ​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល​បំផុត​ក្នុង​ការ​បង់​ប្រាក់​របស់​ពួកគេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន Uber បាន​ផ្ដល់​ជា​ឧទាហរណ៍​ផ្សេង​មួយ​អំពី​ការណ៍​ដែល​អាជីវកម្ម​បរទេស​សម្រប​ទៅ​តាម​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​វៀតណាម​ពឹង​ផ្អែក​ការ​ចាយវាយ​តែ​ទៅ​លើ​ក្រដាស​ប្រាក់។ ប្រទេស​វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន Uber ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក​នេះ អនុញ្ញាត​ឲ្យ​អ្នក​ជិះ​រថយន្ត Uber បង់​លុយ​ជា​ក្រដាស​ប្រាក់។

ស្រដៀង​គ្នា​នេះ​ដែរ ក្រុមហ៊ុន Google ក៏​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ប្រទេស​ជា​ច្រើន​ដូចជា​វៀតណាម​ជា​ដើម ទិញ​របស់របរ​នៅ​ក្នុង​កម្មវិធី Google Play តាម​រយៈ​ឥណទាន​ទូរស័ព្ទ​របស់​ពួក​គេ​ផង​ដែរ។

ទាំង​អស់​នេះ​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយ​ដើម្បី​រក្សា​អតិថិជន​ណា​ដែល​មិន​មាន​កាត​ឥណទាន​ធនាគារ ហើយ​វិធីសាស្ត្រ​ទាំង​នេះ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ដែល​សង្គម​ឆ្លង​កាត់​ឆ្ពោះ​ទៅ​កាន់​សេដ្ឋកិច្ច​គ្មាន​ក្រដាស​ប្រាក់។

សម្រាប់​ប្រទេស​វៀតណាម ការ​ផ្លាស់ប្ដូរ​នេះ​មាន​ទិដ្ឋភាព​ផ្សេងៗ​គ្នា។

ការ​វិវត្តន៍​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​វៀតណាម

ប្រហែល​ជា​មួយ​ទសវត្សរ៍​មុន ក្រុមហ៊ុន​អាជីវកម្ម​ភាគ​ច្រើន​បាន​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ជា​ក្រដាស​ប្រាក់​ដុង។ បន្ទាប់​មក អ្នក​ធ្វើ​គោល​នយោបាយ និង​អ្នក​ធ្វើ​ការ​ធនាគារ​នានា បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រែ​ក្លាយ​ដំណើរការ​នោះ​ឲ្យ​ទៅ​ជា​ការ​បើក​ប្រាក់​ខែ​ដោយ​ផ្ទេរ​ទៅ​ឲ្យ​គណនី​របស់​បុគ្គលិក​ខ្លួន​តាម​រយៈ​ធនាគារ។

លោក Nguyen An នាយក​ប្រតិបត្តិ​រង​នៃ​ធនាគារ DongA Bank បាន​និយាយ​ថា៖ «យើង​បាន​ជួប​ប្រទះ​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​នានា ដោយសារតែ​មនុស្ស​ទូទៅ​ចង់​បាន​ប្រាក់​ខែ​របស់​ពួកគេ​ជា​ក្រដាស​ប្រាក់ និង​គិត​ថា ការ​ប្រើប្រាស់​កាត​ធនាគារ​មាន​ការ​លំបាក»។ ប៉ុន្តែ ធនាគារ DongA Bank បាន​សហការ​ជាមួយ​នឹង​និយោជក និង​មេដឹកនាំ​សហជីព​នានា ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ។

ដោយសារតែ​ចំណុច​នេះ​ហើយ​បាន​ជា​មាន​ការ​ទិញ​លក់​រាយ​តាម​អ៊ីនធឺណិត​កើត​ឡើង។ ទីផ្សារ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម​មាន​ទំហំ ៤ សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ នឹង​កើន​ឡើង​រហូត​ដល់ ៧ ពាន់ ៥ រយ​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២៥។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Temasek ដែល​ក្រុមហ៊ុន Temasek នេះ ជា​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​នៃ​ប្រទេស​សិង្ហបុរី។

មន្ត្រី​រដ្ឋាភិបាល​វៀតណាម​មាន​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​ឃើញ​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ​ងាក​មក​ទិញ​របស់របរ​តាម​អ៊ីនធឺណិត ប៉ុន្តែ​នៅតែ​មិន​ទាន់​ដូច​ក្ដី​រំពឹង​ទុក ដោយសារតែ​ប្រជាពលរដ្ឋ​វៀតណាម ៨៩ ភាគរយ​ដែល​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត នៅតែ​ប្រើ​លុយ​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Le Anh Dung ដែល​ជា​អ្នក​ចង់​ឲ្យ​អ្នក​ទិញ​ទំនិញ​ភាគ​ច្រើន​បង់​ប្រាក់​ដោយ​ប្រើ​កាត​ធនាគារ ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនួស​វិញ។

ជំហាន​បន្ទាប់​នៅ​ក្នុង​ការ​វិវត្តន៍​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​វៀតណាម គឺ​គម្រោង​ក្នុង​ការ​ធ្វើ​ឲ្យ​សេវា​សាធារណៈ​ទាំង​អស់​ទៅ​ជា​លក្ខណៈ​ឌីជីថល ដូច្នេះ​ប្រជាពលរដ្ឋ​វៀតណាម​អាច​បង់​ប្រាក់​តាម​អ៊ីនធឺណិត​បាន សម្រាប់​ការ​បង់​លើ​ថ្លៃ​មន្ទីរពេទ្យ ការ​ផាក​ពិន័យ​ចរាចរ ថ្លៃ​សាលារៀន និង​ថ្លៃ​ផ្សេងៗ​ទៀត។

បន្ទាប់ពី​នោះ​មក ប្រជាពលរដ្ឋ​វៀតណាម​រំពឹង​ថា​នឹង​មាន​ការ​ប្រើ blockchain ដែល​ជា​ប្រព័ន្ធ​បញ្ជី​និមិត្ត​បង្កើត​ឡើង​ក្រោយ​ប្រព័ន្ធ bitcoin។ អ្នកស្រី Nicole Nguyen ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Infinity Blockchain Labs រំពឹង​ថា ប្រទេស​វៀតណាម​នឹង​ស្វែងរក​កម្មវិធី​នានា​សម្រាប់​ផ្នែក​កសិកម្ម បណ្ដាញ​ឧបករណ៍​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

អ្នកស្រី​បាន​និយាយ​ថា៖ «យើង​គិត​ថា ទាំង​នេះ​គឺ​ជា​ផ្នែក​ដែល blockchain អាច​ជឿនលឿន​ទៅ​មុខ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត»។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ធនាគារ​ចល័ត​នឹង​បន្ត​ធ្វើ​ដំណើរ​ត្រាច់ចរ​តាម​ទីក្រុង​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ស្វែង​រក​អតិថិជន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG