ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពាណិជ្ជកម្ម​កើន​ឡើង​ជាមួយ​ឥណ្ឌា​អាច​ផ្ដល់​នូវ​ការ​ការពារ​ថ្មី​សម្រាប់​វៀតណាម​ក្នុង​ការ​ប្រឆាំង​នឹង​ចិន


លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (រូប​ឆ្វេង) ស្តាប់​លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។
លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (រូប​ឆ្វេង) ស្តាប់​លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

លំហូរ​នៃ​ពាណិជ្ជកម្ម​ឥណ្ឌា​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​កំពុងតែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស បាន​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ឲ្យ​បង្កើន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ទ្វីប​អាស៊ី និង​ដើម្បី​បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ​ប្រទេស​ចិន ដែល​ជា​គូ​សត្រូវ​ជា​ប្រវត្តិសាស្ត្រ​របស់​វៀតណាម។

ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ដល់​ចំនួន ២ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដែល​គិត​ត្រឹម​ខែ​មិនា​កន្លង​ទៅ​នេះ ហើយ​នឹង​បន្ត​កើន​ឡើង​រហូត​ដល់​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២០ ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Radha Krishnan អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក Radha Krishnan បាន​និយាយ​ថា៖ «មក​ទល់​នឹង​ពេល​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ឥណ្ឌា និង​វៀតណាម នៅ​ត្រឹម​ឆ្នាំ ២០២០ ខាង​មុខ គឺ​អាច​សម្រេច​បាន​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត។ ក្នុង​រយៈពេល ៣ ឬ ៤ ឆ្នាំ ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​ពី​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ឥណ្ឌា មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់»។

វៀតណាម​មាន​ដៃគូ​ពាណិជ្ជកម្ម​ជា​ច្រើន

កាល​ពី​ឆ្នាំ​មុន ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​នូវ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រទេស​វៀតណាម​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ឥណ្ឌា​បាន​បន្ថែម​ទៀត ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ទម្លាក់​ពន្ធ​លើ​ទំនិញ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ចំនួន​ពាណិជ្ជកម្ម​សរុប​ទាំង​នោះ​មិន​អាច​ផ្គូផ្គង​ជាមួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រភព​វិនិយោគ​ជា​យូរ​មក​ហើយ​របស់​ប្រទេស​វៀតណាម ដែល​មាន​ដូចជា​កោះ​តៃវ៉ាន់ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ចិន​នោះ​ទេ។ ប៉ុន្តែ ការ​រីកចម្រើន​របស់​ប្រទេស​ឥណ្ឌា និង​វៀតណាម បាន​ផ្ដល់​ឱកាស​ឲ្យ​វៀតណាម​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក ដោយ​ជួយ​កាត់​បន្ថយ​នូវ​ការ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម។

ប្រទេស​ចិន និង​វៀតណាម​មាន​គម្រោង​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១ រយ​ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មាន​ជម្លោះ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​កោះ​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​របស់​ពួកគេ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៧៤ ឆ្នាំ ១៩៨៨ និង​ឆ្នាំ ២០១៤។

លោក Frederick Burke ដែល​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ Baker McKenzie នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​និយាយ​ថា៖ «រដ្ឋាភិបាល​វៀតណាម​មិន​ចង់​ឲ្យ​មាន​ការ​វិនិយោគ​គ្មាន​តុល្យភាព ដែល​ប្រទេស​ណា​មួយ ឬ​តំបន់​ណា​មួយ​មាន​ឥទ្ធិពល​ជាង​គេ​នោះ​ទេ ដោយ​ហេតុ​ថា វា​អាច​ធ្វើ​ឲ្យ​អ្វីៗ​ផ្សេង​ទៀត​មិន​មាន​តុល្យភាព ដែល​ក្នុង​នោះ​មាន​ដូចជា គោល​នយោបាយ​ការបរទេស និង​នយោបាយ​ក្នុង​ប្រទេស​ជា​ដើម»។

លោក​បាន​បន្ថែម​ថា៖ «បើ​និយាយ​ពី​អ្នក​ដែល​គិត​អំពី​បញ្ហា​យុទ្ធសាស្ត្រ​វិញ ពួកគេ​ប្រហែល​ជា​ចង់​ឲ្យ​ឥណ្ឌា​មាន​វត្តមាន​បន្ថែម​ទៀត​នៅ​លើ​ទីផ្សារ​ពាណិជ្ជកម្ម​ពិភពលោក ដោយហេតុ​ថា​ឥណ្ឌា​ប្រហែល​ជា​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​ចិន។ ប្រទេស​នីមួយៗ​ចង់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន និង​ចង់​ធ្វើ​ជា​មិត្តភក្ដិ​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ។ នេះ​ជា​ស្ថានការណ៍​ដ៏​ប្រសើរ​បំផុត»។

វៀតណាម​មាន​ពាណិជ្ជកម្ម​រឹងមាំ និង​ជម្លោះ​ជា​បន្ត​ជាមួយ​ចិន

ប្រទេស​វៀតណាម​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​សម្រាប់​ទំនិញ​ទីផ្សារ​ដែល​មាន​តម្លៃ​ថោក​ជា​ច្រើន​ហូរហៀរ ក៏​ដូចជា​វត្ថុ​ធាតុ​ដើម​នានា សម្រាប់​ផលិតកម្ម​នាំ​ចេញ។ ប្រទេស​កុម្មុយនិស្ត​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​សង្គ្រាម​ព្រំដែន​នៅ​ក្នុង​ទសវត្សរ៍ ១៩៧០ គឺ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​បន្ទាប់ពី​វៀតណាម​ខាង​ត្បូង​បាន​បាត់បង់​ប្រជុំ​កោះ Paracel ទៅ​ឲ្យ​ចិន។ ប្រជុំ​កោះ​នោះ​ជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ឆ្នាំ ២០១៤ ការ​តំឡើង​អណ្ដូង​ខួង​យក​ប្រេង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ភាគ​ខាង​កើត​នៃ​ប្រទេស​វៀតណាម បាន​បណ្ដាល​ឲ្យ​មាន​ឧបទ្ទវហេតុ​បុក​ទូក និង​កុបកម្ម​ដ៏​ប្រល័យ​ប្រឆាំង​នឹង​ចិន​កើត​ឡើង។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ មន្ត្រី​យោធា​ចិន​មួយ​រូប​បាន​បង្រួម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​វៀតណាម ពេល​ដែល​វៀតណាម​រុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Radha Krishnan បាន​បញ្ជាក់​ថា អស់​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ការ​វិនិយោគ​ផ្នែក​កសិកម្ម ផ្នែក​សម្លៀកបំពាក់ និង​ផ្នែក​ឱសថ​នៅ​ក្នុង​ប្រទេស​វៀតណាម។ លោក​បាន​បន្ថែម​ថា បច្ចេកវិទ្យា​ជាន់​ខ្ពស់​របស់​ឥណ្ឌា​ដែល​មាន​តម្លៃ​ទាប​បាន​ជួយ​ដល់​កសិដ្ឋាន​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ក្នុង​រដូវ​ប្រាំង បាន​ជួយ​ផលិត​ស្ករ និង​ជួយ​ដល់​ដំណើរការ​ផលិត​គ្រាប់​ស្វាយ​ចន្ទី។ ក្រុមហ៊ុន Tata Power of India ដែល​ជា​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​របស់​ប្រទេស​ឥណ្ឌា មាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១ ពាន់ ៨ រយ​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ប្រទេស​វៀតណាម។

អស់​រយៈពេល ៣ ឆ្នាំ កន្លង​មក​នេះ សាខា​នៅ​បរទេស​របស់​សាជីវកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឥណ្ឌា បាន​ធ្វើ​ការ​ជាមួយ​នឹង​សាជីវកម្ម​ផលិតកម្ម​រុករក PetroVietnam ដើម្បី​ស្វែងរក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Radha Krishnan បាន​និយាយ​ថា ជនជាតិ​ឥណ្ឌា​ប្រហែល ៨ ម៉ឺន​នាក់ ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​រឿយៗ​ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេសចរ​ស្វែង​រក​ឱកាស​ធ្វើ​អាជីវកម្ម ហើយ​ជនជាតិ​វៀតណាម​ចំនួន ២ ម៉ឺន​នាក់ ពេល​ខ្លះ​ធ្វើ​ដំណើរ​ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេសចរ​ធម្មតា​ទៅ​ទស្សនា​កន្លែង​ព្រះ​ពុទ្ធ​សាសនា​នានា​ក្នុង​ប្រទេស​ឥណ្ឌា។

ឥណ្ឌា​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​នឹង​វៀតណាម

សម្រាប់​ប្រទេស​ឥណ្ឌា​ផ្ទាល់​វិញ ប្រទេស​នេះ​មាន​គោល​បំណង​ចង់​ប្រឆាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ទ្វីប​អាស៊ី។ កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ មហា​អំណាច​អាស៊ី​ទាំង​ពីរ​បាន​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​យោធា​រយៈពេល​ជាង​ពីរ​ខែ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ប៊ូតង់។ ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​តំបន់​ដែល​មាន​ជម្លោះ​នោះ ហើយ​ប្រទេស​ប៊ូតង់​បាន​អំពាវនាវ​ឲ្យ​ឥណ្ឌា​ជួយ​នៅ​ពេល​ដែល​ចិន​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​មួយ​នៅ​តំបន់​ជម្លោះ​នោះ។

បណ្ដា​ប្រទេស​នានា​ដែល​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច មិន​មែន​តែងតែ​ក្លាយជា​សម្ព័ន្ធមិត្ត​នយោបាយ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ករណី​រវាង​ប្រទេស​ឥណ្ឌា និង​វៀតណាម​វិញ ទំនាក់ទំនង​ទាំង​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយជា​សម្ព័ន្ធមិត្ត​នយោបាយ​ជាក់ជា​មិន​ខាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​នឹង​មិន​ទំនងជា​គ្រញែង​ខ្លួន​ដាក់​ប្រទេស​ឥណ្ឌា​នោះ​ទេ ដោយសារតែ​ប្រទេស​វៀតណាម​កំពុង​តែ​ព្យាយាម​បង្កើន​ទំនាក់ទំនង​ខ្លាំងក្លា​ជាង​មុន​ជាមួយ​នឹង​បណ្ដា​ប្រទេស​មាន​ឥទ្ធិពល​ផ្សេងៗ​ទៀត។

លោក Alexander Huang បាន​និយាយ​ថា៖ «វា​មិន​ចាំបាច់​ទាល់តែ​អ្នក​ជា​អ្នក​យុទ្ធសាស្ត្រ​ខ្លាំងក្លា​ណា​មួយ​នោះ​ទេ ដើម្បី​គិត​អំពី​ការ​ពង្រីក​ទីផ្សារ​របស់​អ្នក​ឲ្យ​បាន​ច្រើន​នោះ។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​ជា​អ្នក​យុទ្ធសាស្ត្រ​នោះ វា​នឹង​អាច​មាន​ឥទ្ធិពល​ខ្លះ ប៉ុន្តែ កន្លង​មក ខ្ញុំ​មិន​ដែល​ឃើញ​ករណី​ណា​មួយ​ដែល​ឈាន​ដល់​កម្រិត​មួយ​ដែល​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ជនជាតិ​ចិន​ចំពោះ​ប្រទេស​វៀតណាម​នោះ​ទេ ដោយសារតែ​សហរដ្ឋ​អាមេរិក​កំពុងតែ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម ហើយ​ជប៉ុន​ក៏​កំពុងតែ​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម​ផង​ដែរ»។

តម្រូវការ​ក្នុង​ការ​ប្រឆាំង​បាន​បន្ត​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​បន្ថែម​ទៀត

ការណ៍​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូលចិត្ត​បង្ក​សង្គ្រាម និង​ពង្រីក​ជម្លោះ​ដែនដី​នៅ​ក្នុង​សមុទ្រ​រហូត​ដល់​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ប៊ូតង់ បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នានា​ដែល​មិន​ទុក​ចិត្ត​ប្រទេស​ចិន​ខិត​កាន់តែ​ចូល​ជិត​គ្នា​បង្កើត​ជា​សម្ព័ន្ធ​ភាព​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mohan Malik ដែល​ជា​សាស្ត្រាចារ្យ​នៃ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ នៅ​ក្នុង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក។

បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន​ជា​ដើម ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​គោល​នយោបាយ​ការបរទេស​មាន​តុល្យភាព​រវាង​ប្រទេស​ចិន និង​បស្ចិម​ប្រទេស​ផង​ដែរ ដែល​ជា​រឿយៗ​គឺ​ធ្វើ​តាម​រយៈ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ។

គេ​រំពឹង​ថា ប្រទេស​ចិន​នៅតែ​រក្សា​ការ​តាមដាន​ចំពោះ​ទំនាក់ទំនង​ផ្លូវ​សមុទ្រ​របស់​ប្រទេស​ឥណ្ឌា​ជាមួយ​នឹង​ប្រទេស​វៀតណាម​ដដែល។ លោក Radha Krishnan បាន​និយាយ​ថា ក្រុមហ៊ុន​ប្រេង​របស់​ឥណ្ឌា​អាច​ធ្វើ​ការ​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​វៀតណាម។ លោក​បាន​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​នឹង​ព្យាយាម​ការពារ​ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​ក្នុង​ដែន​សមុទ្រ​វៀតណាម និង​ការ​វិនិយោគ​ផ្សេងៗ​ទៀត។

លោក Radha Krishnan បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា រឿង​នេះ​ផ្ទាល់​នឹង​មិន​ក្លាយជា​បញ្ហា​ធំ​នោះ​ទេ។ យើង​មាន​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ទាំង​ពីរ​នឹង​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​លទ្ធផល​វិជ្ជមាន។ ខ្ញុំ​គិត​ថា ការ​វិនិយោគ​បរទេស​ណា​មួយ​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​វៀតណាម​នឹង​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​ឡើយ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG