ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម​កាត់ទោស​បុគ្គលិក​ធនាគារ​រាប់​សិប​នាក់​ពី​បទ​អំពើ​ពុករលួយ និង​ការ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ


បុគ្គលិក​ម្នាក់​ពិនិត្យ​មើល​ក្រដាស​ដុល្លារ​អាមេរិក​នៅ​ធនាគារ​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​ចន្ទ​នេះ បុគ្គលិក​ធនាគារ​ប្រហែល ៥០ នាក់ ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ថវិកា​ចំនួន ៦៩ លាន​ដុល្លារ​អាមេរិក។

ករណី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​ក្នុង​ការ​កម្ចាត់​អំពើ​ពុករលួយ។

ក្នុង​ចំណោម​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ គឺ​មាន​ទាំង​អតីត​ប្រធាន​ធនាគារ Ocean Bank លោក Ha Van Tham និង​អ្នក​គ្រប់គ្រង​ទូទៅ​លោក Nguyen Xuan Son ផង​ដែរ ដែល​អ្នក​ទាំង​ពីរ​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បន្លំ​លួច​ប្រាក់​ចំនួន ២ លាន ២ សែន​ដុល្លារ​អាមេរិក និង​បាន​រំលោភ​អំណាច​ដើម្បី​គេង​បន្លំ​ប្រាក់​ចំនួន ៨ លាន ៨ សែន​ដុល្លារ​ផ្សេង​ទៀត។ អ្នក​ទាំង​ពីរ​នាក់​នេះ ក៏​រង​ការ​ចោទ​ប្រកាន់​ថា​បាន​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ត្រឹមត្រូវ​ផង​ដែរ។

អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​អាច​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត។

បុគ្គលិក​ជាន់​ខ្ពស់​នៃ​ធនាគារ Ocean Bank ចំនួន ៤៤ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​អំណាច ឬ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ត្រឹមត្រូវ។ បុគ្គលិក ៥ នាក់ ដែល​មក​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​មាន​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ។

សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ប៉ុន្តែ​ចៅក្រម​បាន​ស្នើ​ប៉ូលិស​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត ហើយ​រដ្ឋអាជ្ញា​បាន​ជំរុញ​ឲ្យ​បន្ថែម​បទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​ទៅ​លើ​អតីត​មេដឹកនាំ​ធនាគារ Ocean Bank ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត។

តុលាការ​គ្រោង​នឹង​ប្រើ​ពេល​ជាង ៣ សប្ដាហ៍​ដើម្បី​ធ្វើ​ការ​លើ​ការ​កាត់​ទោស​សំណុំ​រឿង​នេះ៕

XS
SM
MD
LG