ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​និង​អង្គការ​ភេរវកម្ម​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ដើម្បី​គ្រប់គ្រង​ខេត្ត​​ Idlib


រូបឯកសារ៖ ផ្ទះសម្បែងរងការខូចខាត បន្ទាប់ពីមានការប្រយុទ្ធគ្នានៅក្រុង Nairab ក្នុងខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ផ្ទះសម្បែងរងការខូចខាត បន្ទាប់ពីមានការប្រយុទ្ធគ្នានៅក្រុង Nairab ក្នុងខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

កង​កម្លាំង​រុស្សីនិង​ស៊ីរីបាន​បើក​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ចុង​ឆ្នាំ​មុន​ ដើម្បី​ដណ្តើម​គ្រប់​គ្រង​ឡើង​វិញ​នូវ​ខេត្ត Idlib​ និង​តំបន់​នៅ​ជុំវិញនោះ ដែល​នេះ​ជា​តំបន់​ចុង​ក្រោយ​បំផុត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​ស៊ីរី។​

​គណៈកម្មការ​ស៊ើប​សួរ​របស់​អង្គការ​សហប្រជាជាតិ​បាន​ពណ៌នា​នៅ​ក្នុង​របាយការណ៍របស់​ខ្លួនពី​ការ​ទទួលរង​ការឈឺ​ចាប់​ដែល​មិន​អាច​រៀប​រាប់​អស់ទៅ​លើកុមារ​ បុរស​ និង​ស្ត្រី​ ដែល​ជា​ជនជាតិស៊ីរី​ក្នុង​ពេល​នៃ​ប្រតិបត្តិ​ការ​យោធា​នោះ​។ របាយការណ៍នោះ​ បាន​កត់​ត្រា​ការ​វាយ​ប្រហារ​ចំនួន ​៥២​ដង​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៩ ដល់​ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ​ ដោយ​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​។​

ប្រធាន​គណៈកម្មការ​លោក​ Hanny Megally​ បាន​លើក​ឡើង​ថា​ អគារ​មន្ទីរពេទ្យ​ សាលា​រៀន ផ្សារ និង​ផ្ទះ​របស់​ពលរដ្ឋ​ បាន​ទទួល​រង​ការ​វាយ​ប្រហារ។​ លោក​បន្តទៀត​ថា​ជន​ស៊ីវិល​ត្រូវ​បាន​សម្លាប់ និងរង​របួស​ ហើយ​ហេដ្ឋារចនា​សម្ព័ន្ធ​ទទួល​រង​ការ​ខូច​ខាតនិង​ត្រូវ​បំផ្លាញ​។​ លោក​បាន​និយាយ​តាម​ប្រព័ន្ធ​វីដេអូពី​ទីក្រុង​ញូយ៉ក​មក​ថា​៖

«យើង​បាន​រក​ឃើញថា​មានការ​ប្រព្រឹត្តអំពើឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ដែល​ទំនង​ដូចជា ​ធ្វើ​ឡើង​ដោយ​កម្លាំង​ទ័ព​អាកាស​របស់​ស៊ីរី​និង​រុស្សី។​ យើង​បាន​កត់​ត្រា​នូវ​ឧបទ្ទវហេតុ​២​នៅ​ក្នុង​របាយ​ការណ៍​ ដែល​យើង​គិត​ថាជា​យន្តហោះ​ចម្បាំង​របស់​រុស្សីដែលធ្វើការ​វាយ​ប្រហារ​នោះ​។ ​ហើយ​យើង​ពន្យល់ថា ​ហេតុអ្វី​បាន​ជា​យើង​គិត​ថា ជា​ការ​វាយ​ប្រហា​រ​ពី​សំណាក់​រុស្សី ហើយ​មិន​មែនពី​សំណាក់ស៊ីរីនោះ​ទេ»។

លោក​ Megally និយាយថា​ របាយការណ៍នេះក៏​បាន​កត់​ត្រា​ផង​ដែរ​ពី​ប្រភេទ​ឯ​ទៀត​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​ប្រព្រឹត្តឡើង​ដោយកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ ក្រុម​ប្រដាប់​អាវុធ​ និង​អង្គការ​ភេរវកម្ម​ផ្សេងៗទៀត​។ ​លោក​បន្ត​ថា​ អំពើឧក្រិដ្ឋ​សង្គ្រាមនេះ​រួម​មាន​ការ​វាយ​ប្រហារ​ដោយ​មិន​រើស​មុខ​ទៅ​លើ​ជន​ស៊ីវិល ការ​ប្រើប្រាស់គ្រាប់​បែក​ចង្កោម​ ​និងការ​វាយ​ប្រហារ​ផ្សេងៗដោយ​ចេតនាទៅ​លើវត្ថុ​ដែល​ត្រូវ​ការពារ​។ លោក​ Megallyបន្ត​ថា៖​

«យើង​បាន​សន្និដ្ឋាន​ថា​ ការ​វាយ​ប្រហារ​ដោយ​កង​ទ័ព​គាំទ្រ​រដ្ឋាភិបាល​ មាន​លក្ខណៈជា​ប្រព័ន្ធ​ និងធ្វើ​ឡើង​ដើម្បីបង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋចាក​ចេញ​ពី​លំនៅដ្ឋាន ហើយ​អំពើ​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​បែប​នេះ ជា​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ប្រឆាំង​មនុស្ស​ជាតិ​។ ​ដូច្នេះ​យើង​គិតថា​ រឿងនេះ​អាច​កើត​មាន​ឡើង។​ យើង​បាន​រក​ឃើញ​ថា​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ ក្រុម​កម្លាំង​ប្រដាប់​អាវុធ​ និង​អង្គការ​ភេរវកម្ម​បាន​ចូល​លួច​ប្លន់​ ហើយ​ការណ៍​នេះ​ក៏​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ផង​ដែរ​»។​

អ្នកស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា​ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១លាន​នាក់ ដែល​៨០ភាគរយជា​ស្រ្តីនិង​កុមារ​ ត្រូវ​បាន​បង្ខំចាក​ចេញ​ពី​ផ្ទះ​សម្បែង​ និង​កំពុង​រស់​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​អាក្រក់មួយ​នៅ​ក្បែរព្រំដែន​ប្រទេស​តួកគី។​ ពួក​គេ​និយាយ​ថា​ ​អ្នក​ទាំង​នោះកំពុង​ប្រឈម​នឹង​ភាព​មិនច្បាស់លាស់​ អនាគត​ដែល​គ្មាន​ពន្លឺ ដែល​មាន​ការ​ប៉ះ​ពាល់​បន្ថែម​ទៀតដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ក្រុម​អ្នក​ស៊ើបអង្កេត​និយាយ​ថា ជន​ស៊ីវិល​ស៊ីរីត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជាទៀង​ទាត់ដើម្បី​រក្សា​ជីវិតរស់នៅ ក៏ដូច​ជា ​ជំនួយ​ក្នុង​ការ​ទប់​ទល់​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩ផង​ដែរ​។

នៅ​ពុំមាន​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ណាមួយ​ពី​រដ្ឋាភិបាល​ស៊ីរី​ទាក់ទង​នឹងរបាយ​ការណ៍​នេះ​នៅ​ឡើយ​ទេ៕​

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG