ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​តួកគី​រងគ្រោះ​បន្ថែម​ទៀត​នៅ​ស៊ីរី​ តែ​រដ្ឋាភិបាល​តួកគី​នៅ​តែ​ចៀសវាង​ការ​ប្រឈម​នឹង​រុស្ស៊ី


រថក្រោះ​របស់​យោធា​តួកគី​ទៅ​ដល់​ភាគ​ខាង​កើត​នៃ​ក្រុង Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

កង​កម្លាំង​តួកគី​បាន​រងគ្រោះ​ថ្នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ខេត្ត Idlib​ ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី។​ ប៉ុន្តែ​ទោះ​ជា​រុស្ស៊ី​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​វាយ​ប្រហារ​ដែល​កំពុង​កើត​មាន​លើ​កង​កម្លាំង​តួកគី​ក៏ដោយ​ ក៏រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ចៀសវាងការ​ប្រឈម​មុខ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែលអ្នក​វិភាគ​យល់​ថា​ វា​បង្ហាញ​ពី​ឥទ្ធិពល​សេដ្ឋកិច្ច​សន្ធឹក​សន្ធាប់​របស់​ប្រទេស​រុស្ស៊ី​ទៅ​លើ​ប្រទេស​តួកគី។

ក្រុម​មន្រ្តី​បាន​និយាយ​ថា ​ក្បួន​រថយន្ត​របស់​តួកគី​នៅ​ខេត្ត​ Idlib ​រងគ្រោះកាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន។​

ក្នុង​អំឡុង​ពេល​ចុង​សប្តាហ៍ ​ ទាហាន​តួកគី​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​កើន​ឡើង​យ៉ាង​តិច​ដល់​១៨​នាក់​ចាប់​តាំង​ពី​ប្រទេស​តួកគី​បាន​បញ្ជូន​កម្លាំង​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​លុក​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​លើ​ក្រុម​ឧទ្ទាម​ចុង​ក្រោយ​នៅ​ប្រទេស​ស៊ីរី។ ​

លោក Recep Tayyip Erdogan ​ ប្រធានាធិបតី​តួកគី​ ​ដែល​ប្រឈម​មុខ​នឹង​សម្ពាធ​ក្នុងស្រុក​ប្រឆាំង​នឹងការកើន​ឡើង​ចំនួន​អ្នក​ស្លាប់​និង​របួស​នៅ​ក្នុង​ប្រទេសស៊ីរីនោះ​ បាន​ពិភាក្សា​កាល​ពី​ថ្ងៃសុក្រ​ជាមួយ​លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី។ លោក​ Erdogan ​បាន​និយាយ​ថា​កិច្ច​ពិភាក្សា​នោះ​មាន​លទ្ធផល​ល្អ ​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ការ​ស្លាប់​និង​របួស​ចុង​ក្រោយ​បង្ហាញ​ថា កិច្ច​ពិភាក្សា​អំពី​សុវត្ថិភាព​របស់កង​កម្លាំង​តួកគី​ទទួល​បាន​លទ្ធផល​តិច​តួច៕​

XS
SM
MD
LG