ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានថា កិច្ចប្រតិបត្តិការយោធាមួយនៅក្នុងតំបន់ Idlib នាផ្នែកពាយ័ព្យនៃប្រទេសស៊ីរី «ប្រាកដជានឹងកើតមាននៅពេលណាមួយ» ប្រសិនបើកងកម្លាំងរបស់ប្រធានាធិបតី Bashar al-Assad ខកខានមិនបានដកថយពីខាងក្រោយទីតាំងយោធាតួកគី។ ហើយការណ៍នេះនាំឲ្យមានការរិះគន់ពីរដ្ឋាភិបាលក្រុងម៉ូស្គូ។
ការវាយលុកដោយកងទ័ពរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយកងយន្តហោះចម្បាំងរុស្សីបានបណ្តាលឱ្យមានក្រុមជនភៀសខ្លួនច្រើនបំផុតក្នុងសង្គ្រាមនេះដែលមានរយៈពេល៩ឆ្នាំមកហើយ។
លោក Erdogan បាននិយាយប្រាប់សមាជិកសភានៃគណបក្ស AK គ្រប់គ្រងប្រទេសរបស់លោកកាលពីថ្ងៃទី១៩ ខែកុម្ភៈថា កិច្ចចរចាជាមួយរុស្សីដែលជាអ្នកគាំទ្រខ្លាំងជាងគេដល់របបគ្រប់គ្រង Assad មិនបានសម្រេចតាមការទាមទាររបស់រដ្ឋាភិបាលក្រុង Ankara ទេ។
ប្រធានាធិបតីតួកគីរូបនេះបាននិយាយថា ប្រទេសតួកគីដែលគាំទ្រពួកឧទ្ទាមដែលចង់ដកលោក Assad ពីអំណាច បានប្តេជ្ញាធ្វើតំបន់ Idlib ជាតំបន់មានសន្តិសុខមួយ «ទោះណាជាអស់សោហ៊ុយប៉ុន្មានក៏ដោយ» ហើយទោះណាជាតួកគីបន្តការសន្ទនាជាមួយរុស្សីក៏ដោយ។
លោក Erdogan បានថ្លែងថា «ប្រទេសតួកគីបានធ្វើការប្រុងប្រៀបរួចស្រេចហើយសម្រាប់ការអនុវត្តន៍ផែនការខ្លួននៅ Idlib ដូចដែលយើងបានធ្វើជាមួយកិច្ចប្រតិបត្តិការកាលពីពេលមុនៗដែរ។ និយាយដោយត្រង់ទៅ កិច្ចប្រតិបត្តិការនៅ Idlib ប្រាកដជានឹងមានធ្វើនៅពេលណាមួយជាមិនខាង។ តួកគីមិនបន្សល់ទុកតំបន់ Idlib ឱ្យរបបគ្រប់គ្រង Assad ទេ។ យើងកំពុងរាប់លេខបញ្ច្រាស់ យើងធ្វើការព្រមានចុងក្រោយរបស់យើងហើយ»។
ជាប្រតិកម្មនឹងសេចក្តីថ្លែងរបស់លោក Erdogan លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយប្រាប់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលក្រុងម៉ូស្គូជំទាស់យ៉ាងខ្លាំងដល់កិច្ចប្រតិបត្តិការមួយបែបនេះ ក៏ប៉ុន្តែថា ប្រទេសរុស្សីនិងរដ្ឋាភិបាលក្រុង Ankara នៅតែទាក់ទងគ្នាដើម្បីខិតខំព្យាយាមបញ្ចៀសកុំឱ្យភាពតានតឹងនៅ Idlib ធ្ងន់ធ្ងរថែមទៀត៕