ក្រុមអ្នកគាំទ្រនៃគណបក្សប្រជាជនកម្ពុជា បានសម្រេចមិនធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក ត្រូវពួកគេយល់ថាមានទ្រង់ទ្រាយតូច និងមិនមានការវាយប្រហារខ្លាំងទៅលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្រ្តីអ្នកនាំពាក្យនៃគណបក្សគ្រប់គ្រងប្រទេស។
ការសម្រេចរំលាយការធ្វើបាតុកម្មដោយក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ធ្វើឡើង នៅស្របពេលដែលលោក ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាមេរិក និងអាស៊ានរយៈពេល២ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងត្រូវបញ្ចប់ទៅនៅថ្ងៃអង្គារនេះ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA ថា ការរំសាយការធ្វើបាតុកម្មរបស់ក្រុមអ្នកគាំទ្រនៃគណបក្សប្រជាជន ត្រូវបានសម្រេចដោយក្រុមអ្នកគាំទ្រនោះដោយផ្ទាល់ ហើយថាគណបក្សប្រជាជនកម្ពុជាពុំបានស្នើឲ្យក្រុមអ្នកគាំទ្រគណបក្សខ្លួនរំសាយការធ្វើបាតុកម្មនោះទេ។ លោកបញ្ជាក់ថា ការរំសាយនេះ កើតមានបន្ទាប់ពីក្រុមអ្នកគាំទ្រនៃគណបក្សប្រជាជនកម្ពុជា មើលឃើញថា បាតុកម្មជំទាស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក គឺមានទំហំតូច និងពុំសូវមានការវាយប្រហារធ្ងន់ធ្ងរ។
«គាត់មើលសភាពការណ៍ ថានៅអាមេរិកហ្នឹង វាមិនមានការតវ៉ាប្រឆាំងខ្លាំងក្លាទេ។ អញ្ចឹងទេ គាត់សម្រេចចិត្តថា គាត់មិនបាច់ធ្វើទេ ព្រោះអាការធ្វើហ្នឹង បើតាមចិត្តគាត់ហ្នឹង គ្រាន់តែជាការឆ្លើយតបចំពោះអំពើ សកម្មភាពរបស់អ្នកគាំទ្រ គណបក្សប្រឆាំង។ អញ្ចឹងទេ គាត់មិនធ្វើវិញ ដោយសារថា គ្មានការប្រឆាំងអ្វីខ្លាំងក្លា ដូចការគ្រោងទុក ស្មានទុក»។
បាតុកម្មជំទាស់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះត្រូវបានរៀបចំកាលពីថ្ងៃច័ន្ទនៅពីមុខរមនីយដ្ឋានលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងស្វាគមន៍មេដឹកនាំប្រទេសទាំង១០នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
ក្រុមបាតុកររាប់រយនាក់បានមកទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងផ្តល់យុតិ្តធម៌ដល់ប្រទេសកម្ពុជា។ បាតុករក៏បានទាមទារឱ្យដោះលែងអ្នកនយោបាយគណបក្សមិនកាន់អំណាច ដែលមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលជាប់ពន្ធនាគារពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារព្រំដែន និងលោក មាជ សុវណ្ណារ៉ា មន្ត្រីព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែលរងការដាក់ទោសពាក់ព័ន្ធនឹងបាតុកម្មហិង្សា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
នៅមុនការធ្វើបាតុកម្មនេះ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហោះវីដេអូ ឃ្លីបមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុន ព្រមានធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ បើសិនជា អ្នកគាំទ្រនៃគណបក្សជំទាស់នេះ ដឹកនាំការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នៅទីនោះ។ នៅក្នុងវីដេអូឃ្លីបនោះ លោក សាំង សុង តំណាងក្រុមសម្ព័ន្ធយុវជនអ្នកគំាទ្រ គណបក្សប្រជាជនកម្ពុជា បាននិយាយយ៉ាងដូច្នេះថា៖
«យើងខ្ញុំត្រៀមខ្លួនជានិច្ច ហើយអាចនឹងឈានទៅដល់ធ្វើការ ធ្វើបាតុកម្ម នៅមុខគណបក្សសង្គ្រោះជាតិ បើសិនជាក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោទៅប្រជុំអាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១៥ ១៦នេះ អស់លោកធ្វើបាតុកម្មប្រឆាំងនឹងលោក គឺថា យើងខ្ញុំនឹងទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយស្នើឲ្យរដ្ឋសភាជាតិ គឺដកបក្សចង្រៃជាតិបំផ្លាញជាតិហ្នឹងចោលតែម្តង ចេញពីបញ្ជីបក្សនយោបាយ»។
បន្ទាប់ពីមានការប្រកាសយ៉ាងដូច្នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងលើទំព័រហ្វេសប៊ុក របស់លោកកាលពីព្រឹកថ្ងៃច័ន្ទថា៖ «អហិង្សាជាប្រាថ្នារបស់ខ្ញុំ»។ ការថ្លែងរបស់លោកនេះ កើតមាននៅចំពេល កិច្ចប្រជុំកំពូលអាមេរិក និងអាស៊ាន និងបាតុកម្មប្រឆាំងលោក ហ៊ុន សែនបានចាប់ផ្តើមនៅសហរដ្ឋអាមេរិក។ បណ្តាញព័ត៌មានក្នុងស្រុក ក៏បានធ្វើសេចក្តីរាយការណ៍ថា ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានដាក់ពង្រាយកម្លាំងការពារផ្ទះរបស់លោក កឹម សុខាផងដែរ។
ទាក់ទិនការប្រកាសរំសាយការធ្វើបាតុកម្មនេះ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែមានការព្រួយបារម្ភចំពោះ លទ្ធភាពនៃការផ្ទុះឡើងនូវសកម្មភាពបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកថា ព្រឹត្តិការណ៍បាតុកម្មហិង្សាដែលបង្កដោយ កុ្រមបាតុករគំាទ្រគណបក្សប្រជាជនកាលពីចុងឆ្នាំ ២០១៥ ប្រឆាំងលោក កឹម សុខា បង្កឲ្យគណបក្សសង្គ្រោះជាតិមានការព្រួយបារម្ភកាន់តែខ្លាំង។
«យើងនៅតែមានការព្រួយបារម្ភ ពីព្រោះក្រោយពីរឿងមានបាតុកម្មហិង្សា យើងនៅតែមានការព្រួយបារម្ភ។ ក៏ប៉ុន្តែ គាត់ប្រកាសធ្វើ ឬមិនធ្វើ អានោះជារឿងរបស់គាត់ហើយ។ ក៏ប៉ុន្តែសាលារាជធានីភ្នំពេញនៅតែមិនទាន់ទទួលបានការជូនដំណឹងក្នុងធ្វើបាតុកម្មនោះទេ»។
យ៉ាងណាក៏ដោយ លោកបញ្ជាក់បន្ថែមថា គណបក្សសង្គ្រោះជាតិ មានភាពកក់ក្តៅបន្តិច អំពីបញ្ហាសុវត្ថិភាព បន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការការពារដល់មេដឹកនាំ សមាជិក និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។
VOA ព្យាយាមទាក់ទងលោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ ដើម្បីសុំការអធិប្បាយបន្ថែមអំពីបញ្ហាសុវត្ថិភាពរបស់គណបក្សសង្រ្គោះជាតិ តែមិនទាន់អាចទាក់ទងបាន។
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនៅរមនីយដ្ឋាន Sunnylands ដែលមានរយៈពេលពីរថ្ងៃ គឺពីថ្ងៃច័ន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងផ្តោតជាសំខាន់លើបញ្ហាពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងការប្រឆាំងភេរវកម្ម។
នៅមុនកិច្ចប្រជុំចាប់ផ្តើម ក្រុមអង្គការសិទ្ធិមនុស្ស ក៏ដូចជាអ្នកតំណាងរាស្រ្តអាស៊ានមួយចំនួនបានទទូចឱ្យសហរដ្ឋអាមេរិកលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយនឹងមេដឹកនាំអាស៊ានទាំងនោះផងដែរ។
នៅមុនការធ្វើបាតុកម្មប្រឆាំងរូបលោកដោយប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានជួបជាមួយនឹងក្រុមអ្នកគាំទ្រខ្មែរអាមេរិកាំងប្រហែល៥០០នាក់ ដោយលោកស្នើឱ្យមានការសាមគ្គីគ្នា ហើយថា លោកមិនចង់ឃើញខ្មែរទាស់គ្នានៅស្រុកខ្មែរ ហើយនៅស្រុកអាមេរិកទៀតទេ៕