ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​ Sunnylands ​ទាមទារ​ឱ្យ​លោក​ហ៊ុន សែន​គោរព​សិទ្ធិ​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចុច​ទស្សនា៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកទាក់ទាញការតវ៉ាយ៉ាងខ្លាំងក្លា

ពលរដ្ឋខ្មែរ​អាមេរិកាំង​រាប់រយ​នាក់​បានធ្វើ​បាតុកម្ម​នៅថ្ងៃ​ច័ន្ទនេះ ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខណៈ​ពេល​ដែល​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ ហើយនិង​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋខ្មែរ​អាមេរិកាំង​រាប់រយ​នាក់​បានធ្វើ​បាតុកម្ម​នៅថ្ងៃ​ច័ន្ទនេះ ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ខណៈ​ពេល​ដែល​លោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ ហើយនិង​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

បាតុកម្ម​នេះ​រៀបចំ​នៅ​ពី​មុខ​រមនីយដ្ឋាន​លំហែកាយ​ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ជា​ទី​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ កំពុង​ស្វាគមន៍​មេដឹកនាំ​ប្រទេស​ទាំង​១០​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន។

លោក ម៉ែន វណ្ណៈ អ្នក​ដឹកនាំ​បាតុករ ​ដែល​ទៅ​ពី​រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts) បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

​«ទីមួយ​យើង​ទាមទារ​ឱ្យ​លោក​ បារ៉ាក់ អូបាម៉ា​ ផ្តោត​ទៅលើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ​ពីព្រោះ​ជាក់​ស្តែង​យើង​មើល​ឃើញ​ថា​ គណបក្ស​ប្រជាជន​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដែល​មាន​លោក​ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​នៃ​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​‍ស្តីពី​ការ​គោរពសិទ្ធិ​មនុស្ស​ គោរព​លទ្ធិ​ប្រជាធិបតេយ្យ»។

ក្រុម​បាតុករ​បាន​កាន់​ទង់​ជាតិ​ខ្មែរ​ និង​អាមេរិកាំង និង​បដា​ដែល​សរសេរ​ថា​«កុំ​សម្លាប់​ប្រជាជន‍ កុំ​លក់​ជាតិ»​«ប្រឆាំង​ដាច់​ខាត​រដ្ឋាភិបាល​យួន​ខ្លួន​ខ្មែរ‍»​ «ហ៊ុន សែន​ជា​ឃាតករ‍» «កម្ពុជា​ត្រូវ​ការ​យុត្តិធម៌‍» និង​«កម្ពុជា​ត្រូវការ​សេរីភាព‍»​ជាដើម។

ពួកគេ​បាន​ស្រែក​ទាម​ទារ​តាម​ឧគ្ឃោសនសព្ទ​ដែល​មាន​ខ្លឹម​សារ​ថា​ «ហ៊ុន សែន ​ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស‍» «​ហ៊ុន សែន​ចុះចេញ​ទៅ‍» និង​ «ហ៊ុន សែន​បំផ្លាញ​ព្រៃឈើ​កម្ពុជា‍»​ជាដើម។

​លោក ​ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ដែល​ជា​អ្នក​រៀបចំ​បាតុកម្ម​នេះ​ បាន​បញ្ជាក់​ប្រាប់​ VOAថា៖

​«យើងចង់​ប្រាប់ [លោកហ៊ុនសែន] ​ថា​ ពលរដ្ឋខ្មែរ​យើង​ទាំងអស់​នៅ​ទីនេះ​ចង់​បាន​នូវ​សេរីភាព​សន្តិភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សំខាន់​ចង់​ឱ្យ​គាត់​អនុវត្ត​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ‍»។

លោក​បាន​បន្ថែម​ថា៖​«តើ​លោក​ ហ៊ុន សែន ​មាន​ការ​ឈឺ​ចាប់​ទេ​ ដែល​បញ្ជា​ឱ្យ​កងកម្លាំង​របស់​គាត់​ទាត់​ធាក់​ព្រះសង្ឃ ទាត់​ធាក់​ស្រ្តី​ ហើយ​រហូតទាត់​ធាក់​តំណាងរាស្រ្ត​ទៅ​ទៀត? ដូច្នេះ​គាត់​មិន​អាច​ធ្វើ​ឱ្យ​ពិភពលោក​បំភ្លេច​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​របស់​គាត់​បាន​ឡើយ‍»។

លោក​បាន​សូម​ឱ្យ​សហរដ្ឋ​អាមេរិក​សំឡឹង​ឃើញ​លើ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ផងដែរ​ដោយ​លោក​លើក​ឡើង​ថា​ មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​គឺ​ជា​អ្នក​រំលោភ​ដីធ្លី​ពលរដ្ឋ​ក្រីក្រ។​

លោក​បាន​បន្ថែម​ថា៖​«ប្រភព​សំខាន់​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានបាន​សម្រាប់​បក្ស​ពួករបស់​គាត់​គឺ​តាម​រយៈ​នៃ​ការ​ទន្ទ្រាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ‍»។

កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្រ្ត​នៅ​រមនីយដ្ឋាន​ Sunnylands ដែល​មាន​រយៈពេល​ពីរថ្ងៃ​ គឺ​ពី​ថ្ងៃ​ច័ន្ទ និងថ្ងៃ​អង្គារ​សប្តាហ៍​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តោត​ជា​សំខាន់លើ​បញ្ហា​ពាណិជ្ជកម្ម សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រឆាំង​ភេរវកម្ម។

នៅមុន​កិច្ច​ប្រជុំ​ចាប់ផ្តើម​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​អ្នក​តំណាងរាស្រ្ត​អាស៊ាន​មួយ​ចំនួន​បាន​ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ទាំង​នោះ​ផងដែរ។​

លោក​ ទូច វិបុល បាន​បន្ថែម​ទៀត​ថា៖​«ការ​រំលោភ​សិទ្ធិមនុស្ស​មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុជា​ទេ​គឺ​មាន​នៅ​ប្រទេសវៀតណាម ប្រទេស​ឡាវ​ ប្រទេស​មីញ៉ាន់ម៉ា ​ប្រទេស​ថៃ​ ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ‍»។

បាតុករ​ក៏​បាន​ទាមទារ​ឱ្យ​ដោះលែង​អ្នកនយោបាយ​គណបក្ស​មិន​កាន់​អំណាច ​ដែល​មាន​លោក​ ហុង សុខហួរ សមាជិក​ព្រឹទ្ធសភាគណបក្ស​ សម រង្ស៊ី​ ដែល​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការក្លែង​បន្លំ​ឯកសារ​ព្រំដែន និង​លោក ​មាជ សុវណ្ណារ៉ា មន្ត្រី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រងការ​ដាក់​ទោស​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

កាលពី​ថ្ងៃ​អាទិត្យ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​ខ្មែរ​អាមេរិកាំង​ប្រហែល​៥០០នាក់ ដោយ​លោក​លើកស្នើ​ឱ្យ​មាន​ការ​សាមគ្គី​គ្នា ​ហើយ​ថា​ លោក​មិន​ចង់​ឃើញ​ខ្មែរ​ទាស់​គ្នា​នៅ​ស្រុក​ខ្មែរ​ ហើយ​នៅ​ស្រុក​អាមេរិក​ទៀត​ទេ។​

រីឯ​លោក​ ផៃ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ និង​ជា​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​ VOA ​ថា​ការតវ៉ា​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ហើយលោក​គោរព​សិទ្ធិ។ ​ប៉ុន្តែ លោក​បន្ថែម​ថា ​បាតុកម្ម​នេះ​មិន​ចំណេញ​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ទេ។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ សម រង្ស៊ី​ បាន​អំពាវនាវ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ សហរដ្ឋ​អាមេរិក​កាលពី​ដើម​ខែ​កុម្ភៈ ដោយ​សុំ​ឱ្យ​សមាជិក​គណបក្ស​របស់​លោក​កុំ​ចូលរួម និង​រៀបចំ​បាតុកម្ម ហើយ​ប្រកាស​មិន​ទទួល​ស្គាល់​បាតុកម្ម​ណា​មួយ​ឡើយ។

ចំណែក​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​វិញ​ បានគំរាមថា​ នឹង​ធ្វើ​បាតុកម្ម​តបត​វិញ​រហូត​ដល់​ទាមទារ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ប្រសិន​បើ​មាន​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក។

ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ធ្វើ​បាតុកម្ម​តវ៉ា​ក៏​មាន​ក្រុម​ជនជាតិ ថៃ ឡាវ និង​វៀតណាម​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ខ្លួន​ផង​ដែរ។ ពួកគេ​តវ៉ា​ប្រឆាំង​ និង​ការ​រំលោភសិទ្ធិ​មនុស្ស។ ជាមួយ​គ្នា​នោះ ​ក៏​មាន​អ្នក​តវ៉ា​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ដែល​រដ្ឋបាល​លោក​ អូបាម៉ា ​កំពុង​ជំរុញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG