ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថាសហរដ្ឋអាមេរិក និងសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន អាចរួមគ្នា «ជំរុញឲ្យមានសណ្ដាប់ធ្នាប់ក្នុងតំបន់មួយ ដែលប្រជាជាតិទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិដូចគ្នា»។
ថ្លែងកាលពីថ្ងៃចន្ទនៅពេលបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលសហរដ្ឋអាមេរិកទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៅទីក្រុង Rancho Mirage ក្នុងរដ្ឋកាលីហ្វ័រញ៉ានោះ លោក អូបាម៉ា មានប្រសាសន៍ថា អាស៊ានគឺជា«ស្នូល»នៃសន្តិភាពនិងវឌ្ឍនភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងអំឡុងកិច្ចប្រជុំរយៈពេល២ថ្ងៃក្នុងកិច្ចប្រជុំគ្នាជាប្រវត្តិសាស្ត្រនៅឯកន្លែងលំហែកាយ Sunnylands ដ៏គួរឲ្យគយគន់នោះ ក្រុមមេដឹកនាំទាំងនេះត្រូវបានគេរំពឹងថា នឹងប្រឹងប្រែងបង្កើតគោលការណ៍មួយចំនួន «ដែលតម្រូវឲ្យមានការគោរពបទបញ្ញត្តិនិងបែបបទអន្តរជាតិ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការដោះស្រាយជម្លោះតាមផ្លូវច្បាប់ ដោយសន្តិវិធីផងដែរ»។ នេះបើយោងតាមប្រសាសន៍របស់លោក អូបាម៉ា។
សេតវិមានមើលឃើញតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិក និងការចូលប្រឡូករបស់ប្រទេសនេះទៅក្នុងតំបន់អាស៊ាន ថាមានសារៈសំខាន់ចំពោះវឌ្ឍនភាពនៅពេលអនាគតរបស់សហរដ្ឋអាមេរិក ហើយក៏ជាការតទល់ដ៏សំខាន់ដើម្បីធ្វើឲ្យមានលំនឹងជាមួយឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះផងដែរ។
ប្រទេសជាសមាជិកអាស៊ាន រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា៕