អង្គការសិទ្ធិមនុស្សក្នុងប្រទេសអាមេរិកបានជំរុញឲ្យលោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា ដាក់រឿងសិទ្ធិមនុស្សជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន ក្នុងទីក្រុង Sunnylands រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា នៅសប្តាហ៍ ខាងមុខ។ គេរំពឹងថា មានមេដឹកនាំមកពីតំបន់អាស៊ាន១០ប្រទេសដែលមាន មួយចំនួនជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនោះ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដំណាលគ្នានៃការចេញរបាយការណ៍ របស់អង្គការ Human Rights Watch កាលពីថ្ងៃពុធ ហើយដែល VOA ទទួល បាន។
លោក John Sifton នាយកផ្នែកតស៊ូមតិនៃអង្គការ Human Rights Watch បាន និយាយក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លោកប្រធានាធិបតី អូបាម៉ា ដឹងអំពី ការរំលោភសិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។ សំណួរសួរថាតើ លោកនឹង និយាយចេញ ឬក៏ធ្វើអ្វីមួយចំពោះរឿងនោះទេ។ គ្រោះថ្នាក់នោះគឺថាកិច្ចប្រជុំ កំពូលនៅក្រុង Sunnylands នឹងផ្តល់អំណាច និងបង្កើនឥទ្ធិពលដល់មេដឹកនាំ អាស៊ានដែលទទួលខុសត្រូវចំពោះការចាប់អ្នកកាសែតដាក់គុក បង្ក្រាបបាតុកម្ម អហិង្សា និងបំផ្លាញស្ថាប័នប្រជាធិបតេយ្យបន្ទាប់ពីធ្វើរដ្ឋប្រហារ»។
លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា នឹងជួបប្រជុំជាមួយក្រុមមេដឹកនាំអាស៊ាន១០ប្រទេស ក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុង Sunnylands រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា នៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈ ដើម្បីពិភាក្សាលើបញ្ហាតំបន់ និងបញ្ហាសាកលជាច្រើន។ បាតុកម្មប្រឆាំងនឹងមេដឹកនាំអាស៊ានមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាផង អាចនឹងត្រូវគេរៀបចំធ្វើឡើងនៅដំណាលគ្នាដែលមានកិច្ចប្រជុំកំពូលនោះដែរ៕