ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច នៅថ្ងៃសុក្រនេះបានបង្ហាញព្រះទ័យគាំទ្រការផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានបញ្ជាក់ជំហររបស់ព្រះអង្គថា ព្រះអង្គ មិនគាំទ្រគណបក្សប្រឆាំងនៅក្នុងការស្រាវជ្រាវរកផែនទីរបស់កម្ពុជានោះទេ។
ក្នុងសម្លៀកបំពាក់សខ្មៅ និងឈរនៅលើបរិវេណនៃកន្លែងបន់ស្រន់មួយនៅលើវត្តភ្នំដូនពេញ ព្រះអង្គម្ចាស់ វ័យ៧១ព្រះវស្សា មានបន្ទូលថា ការផ្ទៀងផ្ទាត់ផែនទីកន្លងមក បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែនទីត្រឹមត្រូវនៅក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ពីព្រោះផែនទីដែលរដ្ឋាភិបាលប្រើមានលក្ខណៈស៊ីគ្នានឹងផែនទីចំនួន១៨ផ្ទាំង ដែលអង្គការសហប្រជាជាតិឲ្យខ្ចី និងផែនទីចំនួន២៦ផ្ទាំង ដែលប្រទេសបារាំងបានប្រគល់ជូនផង។ ព្រះអង្គមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា៖
«ខ្ញុំអត់គាំទ្រសង្គ្រោះជាតិទេ។ ខ្ញុំគាំទ្រសម្តេចនាយក»។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា បក្សប្រឆាំងតែងតែចោទរដ្ឋាភិបាលក្នុងការប្រើប្រាស់ផែនទីក្លែងក្លាយ និងផែនទីចោរ ព្រះអង្គមានបន្តូលថា៖
«ខ្ញុំឲ្យឯកឧត្តម យូ ហុកគ្រី លោកអញ្ជើញទៅពិនិត្យ លោកថាវាដូចគ្នា រួចវាមិនដូចគ្នាអញ្ចឹង ហើយគាត់បានធ្វើកុបពី(ថតសម្លង)យកមកឲ្យខ្ញុំមើលទៀត មិនមែនតែឯកឧត្តមយូ ហុកគ្រី ថា«ក» ខ្ញុំថាតាម«ក»ទេ ក៏ខ្ញុំឈរមើលសិន ខ្ញុំមើលឃើញថា វាដាក់ទៅ វាដូចគ្នា ខ្សែក្រហម អាខ្សែខ្មៅ វាមិនដែលឆ្ងាយដូចអ្វីមួយ ដែលសម្តេចនាយក គាត់បង្ហាញពីយប់មិញ តំបន់ដាក់ដាំ តំបន់ដាក់ហ៊ូតនោះទេ មិនមែនអាហ្នឹងទេ មិនឆ្ងាយដល់ម្លឹងទេ គ្រាន់តែវាស៊ីគ្នា ស៊ីគ្នា ប៉ុន្តែឲ្យវាខុសគ្នាស្រឡះ អត់មានខុសស្រឡះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាកាលពីថ្ងៃអង្គារកន្លងទៅឲ្យចាប់ខ្លួនជនទាំងឡាយណា ដែលនិយាយថា «ផែនទីក្លែងក្លាយ» នៅពេលដែលលោកធ្វើបទបង្ហាញស្តីពីការផ្ទៀងផ្ទាត់ផែនទី ដែលរដ្ឋាភិបាលកម្ពុជាបានប្រើ និងផែនទីដែលអង្គការសហប្រជាជាតិឲ្យ ហើយនឹងផែនទីដែលបារាំងប្រគល់ជូនកាលពីដើមខែកញ្ញានេះ។
នៅក្នុងបទបង្ហាញនោះ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងលាឈប់ពីតំណែងបើការផ្ទៀងផ្ទាត់នោះបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានប្រើផែនទីមិនត្រឹមត្រូវ ដើម្បីកំណត់ខណ្ឌសីមាជាមួយប្រទេសវៀតណាមពិតមែននោះ។ ក៏ប៉ុន្តែលោកថា ការពិតត្រូវបានលាតត្រដាង ហើយថាក្រុមបក្សប្រឆាំងកំពុងទទួលបាបកម្ម។
«ទេវតាមានភ្នែក ទេវតាពិតជាមិនដាក់ទណ្ឌកម្ម ចំពោះអ្នកដែលបានប្រព្រឹត្តនូវអំពើល្អទេ ហើយទេវតាបានកំពុងនឹងដាក់បណ្តាសា ទៅលើពួកអ្នកដែលបានធ្វើអំពើអាក្រក់។ អ្នកខ្លះកំពុងរត់ចោលស្រុក អ្នកខ្លះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់ធ្វើជាសហនាយករដ្ឋមន្ត្រីទី១ នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងជាគូប្រជែងកម្លាំងយោធារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាសហនាយករដ្ឋមន្ត្រីទី២នាពេលនោះ។ ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមរវាងកម្លាំងទ័ពស្មោះនឹងសមេ្តចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ហ៊ុន សែន បានផ្ទុះ ឡើងនៅចំកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧។
នៅក្នុងព្រឹត្តិការណ៍វាយប្រហារគ្នានាពេលនោះ មានកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទាំងនាយឧត្តមសេនីយ៍ និងពលទាហានប្រមាណជាង២០០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់វីអូអេថាជំហរនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលទោរទន់ទៅរកបក្សកាន់អំណាចនេះ ហើយដែលធ្វើឲ្យបក្សរាជានិយមរបស់ព្រះអង្គម្ចាស់បាត់បង់អាសនៈអស់ ពីរដ្ឋសភាជាតិ ហើយថា គណបក្សហ៊ុនស៊ីនប៉ិចមិនមែនជាគូប្រជែងនយោបាយរបស់គណបក្សសង្គ្រោះជាតិនោះទេ។
«ជំហរនយោបាយរបស់គាត់ហ្នឹងហើយ ដែលធ្វើការតាំងពីឆ្នាំ១៩៩៣មក បាត់បង់កៅអីអស់រលីញចេញពីរដ្ឋសភា។ គណបក្សគាត់មិនមែនជាគូប្រជែងនឹងគណបក្សសង្គ្រោះជាតិទេ។ គណបក្សសង្គ្រោះជាតិមានគូប្រជែងតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខ»។
លោក យឹម សុវណ្ណ បានហៅប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាគណបក្សប្រឆាំងកំពុងរងនូវបណ្តាសានោះគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ។ លោកថា ប្រជាពលរដ្ឋខ្មែរនឹងធ្វើការសម្រេចចិត្តម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ២០១៨ ថាតើអ្នកត្រូវអ្នកណាខុស បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដែលក្នុងពេលនេះប្រជាពលរដ្ឋបានផ្តល់ការគាំទ្រយ៉ាងសន្ឋឹកសន្ឋាប់ដល់គណបក្សសង្គ្រោះជាតិ។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ មិនធ្វើអត្ថាធិប្បាយលើជំហរនយោបាយរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចំពោះការផ្ទៀងផ្ទាត់ផែនទីនោះទេ។ តែលោកថា គណបក្សហ៊្វុនស៊ីនប៉ិចបានក្លាយទៅជាបក្សរណបនៃគណបក្សកាន់អំណាច ដើម្បីបន្តជីវិតនយោបាយអ្នករាជានិយមតទៅទៀត។
«អ្ហានេះជាទស្សនៈនយោបាយព្រះអង្គ ប៉ុន្តែគណបក្សហ៊្វុនស៊ីប៉ិចអស់មានថាធាតុដើម អស់មានអ្ហាប្រភពដើមរបស់គណបក្ស ហើយក្លាយទៅជាគណបក្សរណប ហើយគ្រាន់តែជាឈ្នាប់មួយសម្រាប់គណបក្សប្រជាជនធ្វើជាដៃគូ ក្នុងកាលៈទេសៈណាមួយទេ ហើយវាគ្រាន់តែជាការរក្សាកេរ្តិ៍ដំណែលនៃទំនាក់ទំនងរវាងហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាជន ឬទំនាក់ទំនងរវាងហ៊្វុនស៊ីនប៉ិច និងចិនទេ និយាយការពិត»។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រដោយសម្លេងច្រើនលើសលប់នៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះបានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក៏ធ្លាប់ត្រូវបានគណបក្សហ៊្វុនស៊ីនប៉ិចធ្វើបក្សប្រហារបណ្តេញព្រះអង្គចេញពីតំណែងជាប្រធានគណបក្សកាលពីឆ្នាំ២០០៦ផងដែរ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិអតីតប្រធានរដ្ឋសភាជាតិ បានយាងមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិចវិញកាលពីដើមឆ្នាំ២០១៥។ ថ្លែងចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់មានបន្ទូលថា ព្រះអង្គនឹងប្រឹងឲ្យអស់ពីកាយពល ដើម្បីដណ្តើមយក២៦អាសនៈមកជូនគណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គវិញក្នុងពេលបោះឆ្នោតជាសាកលឆ្នាំ២០១៨ខាងមុខ៕