ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ចេញ​បញ្ជា​ដាច់​ខាត​ឱ្យ​ចាប់​អ្នក​រិះគន់​ផែនទី​រដ្ឋាភិបាល


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​មុខ​តាម​រយៈទូរទស្សន៍​ជាតិ​កម្ពុជា​ នៅក្នុង​ការផ្សាយ​ពិសេស​មួយ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ០៨ ខែកញ្ញា ឆ្នាំ២០១៥។លោក​បាន​វាយ​បក​ទៅ​គណបក្ស​ជំទាស់​រឿង​បញ្ហា​ផែនទី​និង​កាបោះ​បង្គោល​ព្រំដែន។ (រូបថត៖ នៅ វណ្ណារិន/VOA )

លោក​ហ៊ុន សែន​បាន​រិៈ​គន់​ធ្ងន់​ៗ​ទៅ​លើ​ក្រុម​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​ចោទ​រដ្ឋាភិបាល​ថា​ មាន​ភាពមិន​ប្រាកដប្រជា​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ និង​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​នេះ​ ​ដែល​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​បទបញ្ជា​កាល​ពី​ថ្ងៃ​អង្គារ​ឲ្យ​ចាប់​ខ្លួន​ជន​ទាំង​ឡាយ​ណា​ដែល​និយាយ​ថា​ «​ផែន​ទី​ក្លែង​ក្លាយ​»​ និង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ធ្លាប់​តាំងចិត្ត​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​យូរ​របស់​លោក​ប្រសិន​បើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​កន្លង​មក​បង្ហាញ​ថា​ រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​ផែន​ទី​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

លោក​ហ៊ុន សែន​បាន​រិៈ​គន់​ធ្ងន់​ៗ​ទៅ​លើ​ក្រុម​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ដែល​ចោទ​រដ្ឋាភិបាល​ថា​ មាន​ភាពមិន​ប្រាកដប្រជា​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ និង​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​នេះ​ ​ដែល​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

ថ្លែង​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​មាន​ប្រសាសន៍​ថា​៖ ​

«ចាប់​ពីពេល​នេះ​តទៅ អ្នក​ណាក៏ដោយ​ ដែល​ហ៊ាន​និយាយ​ថា​ផែន​ទី​ក្លែង​ក្លាយ​ ផែន​ទីមិនត្រឹមត្រូវ​ ផែន​ទី​ចោរ​ ត្រូវ​ចាប់​ខ្លួន​បន្ទាន់​ នេះ​ជាបទបញ្ជា​ដាច់​ខាត​មួយ​ ដែល​ត្រូវ​តែ​ធ្វើ​ព្រោះ​នេះ​ជា​ការណ៍ គ្រោះ​ថា្នក់​សម្រាប់ជាតិ​»។​

លោកហ៊ុន សែន​ដែល​ស្ថិត​ក្នុង​តំណែង​នាយក​រដ្ឋ​មន្ត្រី​ជាង​៣​ទសវត្សរ៍មកនេះ​ បាន​ប្រកាស​ខ្លាំង​ៗ​ថា​ លោក​ធ្លាប់​បាន​តាំងចិត្ត​ថានឹង​ចាក​ចេញ​ពី​តំណែង​របស់​លោក​ប្រសិន​បើ​ផែន​ទី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ មិន​ដូច​គ្នា​នឹង​ផែន​ទី​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​ខ្ចី​ ជាពិសេស​គឺ​ផែន​ទី​ដែល​បារាំង​ប្រគល់ជូន​កាលពីពេល​ថ្មីៗ​នេះ។​ ​

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​បេ្ត​ជ្ញា​ចិត្ត​រួច​ហើយ​ថា​ ប្រសិន​បើ​ផែន​ទី​មក​ពី​បារាំង​ខុស​គ្នា​ជាមួយ​ផែន​ទី​ដែល​ចុះ​ហត្ថលេខា​ជាមួយ​នឹង​វៀតណាម​ ខ្ញុំព្រះករុណា​ខ្ញុំ​នឹង​ប្រកាស​លាលែង​ពី​តំណែង​ភ្លាម​ មិនធ្វើ​នាយក​រដ្ឋមន្ត្រី​តទៅ​ទៀត​ ហើយ​ក៏ស្ម័គ្រ​ចូល​ទៅ​កាន់​មន្ទីរ​ឃុំ​ឃាំង​រង់​ចាំ​តុលាការ​កាត់​ទោស​តែ​ម្តង»​។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋ​មន្ត្រី​ កើត​មាន​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​រកឃើញ​ថា​ផែន​ទី​ដែល​ខ្លួន​បាន​ប្រើ​គឺ​ដូចគ្នា​បេះ​បិទ​ទៅ​និង​ផែន​ទី​ដែល​ប្រទេស​បារាំង​ប្រគល់​ជូន​ចំនួន​២៦​ផ្ទាំង​កាល​ពី​ដើម​ខែ​កញ្ញា​នេះ។​ ​

ទោះ​បី​ជា​យ៉ាង​ណា​លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជាមជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ហៅ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​ ជា​ទម្លាប់​មួយ​ទៅ​ហើយ​ ហើយ​ថា​ សារ​គំរាម​កំហែង​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ គឺ​គ្មាន​អ្វី​ថ្មី​ទេ ​និង​គ្រាន់​តែ​បន្ថែម​មន្ទិល​សង្ស័យ​ដល់​ប្រជាពលរ​ដ្ឋ​ខ្មែរ​ដែល​បាន​តាម​ដាន​ករណី​ផែន​ទី​ដ៏​រសើប​មួយ​នេះ។​

«ជាទម្លាប់​របស់​គាត់​។​ ខ្ញុំតែង​តែ​និយាយថា​ ការណ៍​ដែល​គាត់​ព្យាយាម​បើក​ចំហរ​ ដោយ​ការ​ពន្យល់​ ហើយ​នឹង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​ គឺ​ជាជំហាន​វិជ្ជមាន​ដែល​គាត់​បាន​ធ្វើ​ ហើយ​បង្កឲ្យ​មាន​ការ​ទុក​ចិត្ត​ ពី​ប្រជា​ពលរដ្ឋ​ម្តង​បន្តិចៗ​ ប៉ុន្តែ​ការ​គំរាម​ទាំង​ឡាយ​ គឺ​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ឡើង​វិញ​ ហើយ​ជាទូទៅ​ម្នាក់​ៗ​ចេះ​តែ​ឆ្ងល់​ហេតុ​អី​បាន​គាត់​ត្រូវ​តែ​ចាំបាច់​គំរាម​បែប​ហ្នឹង​ ហើយ​ជាទូទៅ​ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្តើម​ នៅ​តែ​បន្ត​មាន​ការ​សង្ស័យ​ទាក់​ទង​រឿង​ផែន​ទី​ ឬ​មួយ​ព្រំដែន​»។

រីឯ​លោក​យ៉ែម​ បុញ្ញឬទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ពុំបាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ប្រតិកម្ម​របស់​លោក​ហ៊ុន សែន​នោះ ដោយ​លោក​បាន​ពន្យល់​ថា​៖

«ខ្ញុំគិតថា​ឯកឧត្តម​សម​ រង្ស៊ី​ លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ អាការ​បន្ធូរបន្ថយ​ភាព​តានតឹង​ កម្ពុជា​ហ្នឹង​ តាមរយៈ​កិច្ច​ព្រម​ព្រៀង​ នយោបាយ​ បន្ទាប់​មក​ទៀត​ ឯកឧត្តម​លោក​ធ្លាប់​ មាន​ប្រសាសន៍​ ពីរឿង​កិច្ច​ការ​ទាំង​អស់​នេះ​។ ដូច្នេះ​ មិនមាន​អ្វី​ជាបញ្ហា​ចោទ​ទេ​ ខ្ញុំ​សង្ឃឹម​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​យើង​ គឺត្រូវ​ការ​ចូល​រួម​របស់​ខ្មែរ​គ្រប់​រូប»។​ ​

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំខ្លួន​លោក​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម​ រង្ស៊ី​ពីបទ​«ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»។​ ការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​កាន់​សញ្ជាតិ​បារំាង​ខ្មែរ​នេះ​ គឺ​ធ្វើ​ឡើងក្រោយ​ពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ ​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា​ ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម។​ លោកត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ ​ប្រើ​ឯកសារ​ក្លែងក្លាយ។​

កាល​ពី​សប្តាហ៍​មុន​ ​សាលា​ឧទ្ធរណ៍​បាន​តម្កល់​ទុក​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ។​ ​ សកម្ម​ជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​គឺ​ស្ថិត​នៅ​ក្រោម​កំសួល​នយោបាយ​ ដែល​កំពុង​កើន​ឡើង​សារ​ជា​ថ្មី​ទាក់​ទិន​នឹង​បញ្ហា​បូរណភាព​ទឹកដី៕

XS
SM
MD
LG