ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ គំរាម​ថា​កម្ពុជា​នឹង​មាន​សង្គ្រាម​ជាមួយ​អ្នក​ជិត​ខាង​បើ​បក្ស​ថ្មី​កាន់​អំណាច


រូបភាពឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។
រូបភាពឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

អស់​ពី​ការ​គំរាម​ពី​ការ​បង្រ្កាប​លើ​ការ​ផ្ទុះ​ឡើង​នូវ​បដិវត្តន៍​ពណ៌ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ និង​កាន់​តែច្បាស់​ឡើង ពី​ការ​ផ្ទុះ​សង្គ្រាម ក្នុង​កាលៈទេសៈ​ដែល​បក្ស​កាន់​អំណាច​របស់​លោក​ឈប់​ដឹកនាំ​ប្រទេស​កម្ពុជា និង​ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ផែន​ទី។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន​ ចំពោះ​ការ​ជៀស​មិន​រួច​ពី​ការ​ផ្ទុះ​សង្គ្រាម កើត​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​របស់​លោក​តាម​កញ្ចក់​ទូរទស្សន៍ជាតិ​កាល​ថ្ងៃ​អង្គារ ដែល​ក្នុង​នោះ លោក​បាន​ហៅ​ការ​រុកគួន​របស់​ក្រុម​បក្ស​ជំទាស់​ទាក់​ទិន​នឹង​ការ​ប្រើប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន ថា​ការណ៍​នេះ​អាច​ជា​ចលករ​មួយនាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​ការ​រុកគួន​នេះ​នៅ​អូស​បន្លាយ​តទៅទៀត។

នៅ​ក្នុង​ការថ្លែង​រយៈពេល​ជាង​បី​ម៉ោង​ស្តី​អំពី​ការផ្ទៀង​ផ្ទាត់​ផែន​ទី​កន្លងមក លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​ៗថា សង្គ្រាម​រឹត​តែ​លេចចេញ​ជា​រូបរាង ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ឈប់​គ្រប់​គ្រង​ប្រទេស​កម្ពុជា៖

«ដូច្នេះ​ការ​ធ្វើ​បែប​នេះ បើ​ទុក​ឲ្យ​មាន​រឿង​បែបនេះ​កើត​ឡើង​ សង្គ្រាម​វា​នឹង​ផ្ទុះ ហើយ​សូម​បញ្ជាក់​ថា​ បើខុស​ពី​គណបក្ស​ប្រជា​ជន​ គណបក្ស​ដទៃ​កាន់​អំណាច​នឹង​មាន​សង្គ្រាម​ដាច់​ខាត។ ខ្ញុំ​ករុណា​អះ​អាង​ថា នឹង​មាន​សង្គ្រាម»។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​និយាយ​ចំៗ​ថា សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​នឹង​កើត​មាន​ឡើង​តែ​ម្តង ប្រសិន​បើ​បក្ស​ប្រឆាំង ឬ​បក្ស​ដទៃ​ឡើង​ក្តោប​ក្តាប់អំណាច​នៅ​ក្នុង​ប្រទេស។ លោក​បាន​ថ្លែង​ដោយ​ភ្ជាប់​ជាមួយ​នឹង​ទំនាស់ ដែល​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ជាមួយប្រទេស​ថៃ ទាក់​ទិននិង​ដី​នៅ​តំបន់​ព្រះវិហារ​យ៉ាង​ដូច្នេះ​ថា៖

«យើង​ធ្លាប់​បាន​ឃើញ​ប្រជា​ជន​ភៀស​សឹក​នៅ​តំបន់​ព្រះ​វិហារ ធ្លាប់​បាន​ឃើញ​ប្រជាជន​ភៀស​សឹក​នៅឧត្តរ​មាន​ជ័យ​ទេ? នេះ​ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ ហើយ​នេះ​ហើយ​ជា​លទ្ធផល​ ដែល​វានឹង​មក​ដល់​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​កាន់​អំណាច។ វា​នឹង​មក​ដល់​ នៅពេល​គណបក្ស​ប្រជាជន​មិន​កាន់​អំណាច​តទៅ​ទៀត​ វាច្បាស់​នឹង​មក​ដល់។ បក្ស​ដទៃ​កាន់​អំណាច​ ច្បាស់​ណាស់​ថា​សង្គ្រាម​វា​កើត។​ ខ្ញុំ​ករុណា​ និយាយ​ពេញមាត់​មាន​តែ​គណបក្ស​ប្រជាជន​មួយ​គត់​ ដែល​ធានា​ថា​គ្មាន​ជម្លោះ​ទល់​ដែន​ជាមួយ​ប្រទេស​ជិតខាង លើកលែង​តែ​ប្រទេស​ជិតខាង​លើក​ទ័ព​ចូល​ប្រទេស​កម្ពុជា»។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋ​មន្ត្រី​ទាក់​ទង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​រកឃើញ​ថា ផែន​ទី​ដែល​ខ្លួន​បាន​ប្រើ​គឺ​ដូចគ្នា​បេះ​បិទ​ទៅ​នឹង​ផែន​ទី​ដែល​ប្រទេស​បារាំង​ប្រគល់​ជូន​ចំនួន​២៦ផ្ទាំង កាល​ពី​ដើម​ខែ​កញ្ញា​នេះ។

លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ថ្លែង​ថា​ ការ​ទស្សទាយ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម គ្រាន់​តែ​ជា​ការ​បំភិត​បំភ័យ​ និង​ជា​របៀប​លេង​នយោបាយ​មួយ​ដែល​មិន​ប្រាស​ចាក​ពី​លទ្ធិប្រជាធិបតេយ្យ​ទេ។

«តាម​ពិត​នយោបាយ​ប្រជា​ធិបតេយ្យ​ រឿង​ខ្លះ​គេ​លើក​ឡើង​អញ្ចឹង ក៏​វា​មិន​ខុស​ទាំង​ស្រុង​ដែរ​ ព្រោះ​គណបក្ស​ប្រឆាំង​គាត់​អាច​បកស្រាយ​ទៅ​បញ្ជាក់​ប្រជាពលរដ្ឋ ថា​ហេតុអ្វី​បាន​គណបក្ស​គាត់​កាន់​អំណាច​ បើ​សិន​គណបក្ស​គាត់​ឈ្នះ​ឆ្នោត​ មិន​អាច​មាន​សង្គ្រាម​បាន គាត់​ត្រូវ​ជា​អ្នក​បកស្រាយ។ អញ្ចឹង​សំខាន់​គឺ​សិទ្ធិ​ក្នុង​ការ​បកស្រាយ​របស់​គូបដិបក្ស​ ឬ​មួយ​ក៏​គូ​ប្រកួត​ប្រជែង។ បើសិន​ជា​ក្នុង​ករណី​ ដែល​លោក ហ៊ុន សែន មាន​ប្រសាសន៍​អញ្ចឹង ហើយ​គណបក្ស​ប្រឆាំង​គាត់​មាន​ឱកាស​ក្នុង​ការ​បកស្រាយ​ សម្រាប់​ប្រជាពលរដ្ឋ​ យើង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ពិចារណា​ទៅ​ព្រោះ​គាត់​ជាម្ចាស់​អំណាច»។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទាក់​ទិន​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មានប្រសាសន៍​ប្រាប់​វីអូអេ​ថា៖

«សង្គ្រាម​ទាល់​តែ​អ្នក​ដែល​មាន​កាំភ្លើង​ មាន​អាវុធ​ធ្វើ​សង្គ្រាម​ បាន​វាកើត​សង្គ្រាម។ គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​អាវុធ​ទេ។ គណបក្ស​នយោបាយ​ណា​ក៏​ដោយ​ អត់មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ។ ដូច្នេះ​បើ​សិន​ជា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​គណបក្ស​សង្គ្រោះ​ឈ្នះ​ឆ្នោត​ ដឹកនាំ​រដ្ឋាភិបាល​ អ្នក​ណា​ដែល​ធ្វើ​សង្គ្រាម​ គឺ​អ្នក​នោះ​ គឺ​ធ្វើ​ខុស​ផ្ទុយ និង​រដ្ឋ​ធម្មនុញ្ញ​ ផ្ទុយ​ច្បាប់​ហើយ​អ្នក​ហ្នឹង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ប្រទេស​ជាតិ​ ហើយ​នឹង​ចំពោះ​មុខ​អន្តរជាតិ»។

លោក​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដោះ​ស្រាយ​វិវាទ​ជាមួយ​បរទេស​ដោយ​សន្តិវិធី និង​ការ​ទូត និង​ផ្អែក​លើ​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក​នាយករដ្ឋ​មន្រ្តី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​បាន​ប្រកាស​ផងដែរ​ថា​ លោក​ធ្លាប់​បាន​តាំង​ចិត្ត​ថា លាឈប់​ពី​តំណែង​ ប្រសិន​បើ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​ និង​ផែន​ទី​ដែល​ប្រគល់​ដោយ​រដ្ឋាភិបាល​បារាំង​ បង្ហាញ​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​ផែនទី​ផ្សេង​ខុស​ពី​ផែនទី​មក​ពី​ប្រទេស​បារំាង។ លោក​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជនណា​ដែល​ហ៊ាន​និយាយ​ថា ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​ជា​ផែនទី​ក្លែង​ក្លាយ។

នៅ​មុន​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​អំពី​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​បញ្ហា​ផែនទី មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថ្នាក់ស្រុក​ម្នាក់​ក្នុង​ខេត្ត​តាកែវ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​កាល​ពី​សប្តាហ៍​មុន​ថា ​បាន​ចែក​ចាយ​ខិ​ត្តប័ណ្ណ​ដែល​ចោទ​ប្រកាន់​វៀតណាម​ថា​ កំពុង​ព្យាយាម​ «លុប​បំបាត់» ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល​ពីរ​យប់​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទ​ញុះញង់​ឱ្យមាន​ការ​រើស​អើង ហើយ​បញ្ជា​ឱ្យ​គាត់​បង់ប្រាក់​ ៣លាន​រៀល (ប្រហែល​៧៣០ដុល្លារ)​ ចំពោះ​បទល្មើស​នេះ។

សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ គឺ​លោក ហុង​ សុខហួរ ក៏​កំពុង​ជាប់​ឃុំ​លើ​សំណុំ​រឿង​ព្រំដែន និង​ផែនទី​នេះ​ដែរ៕

XS
SM
MD
LG