ប្រទេសកម្ពុជានឹងធ្វើការផ្ទៀងផ្ទាត់ផែនទីជាមួយនឹងផែនទីចម្លងដែលខ្ចីមកពីប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍ខាងមុខដើម្បីជាផ្នែកមួយដោះស្រាយការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង។
ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា នៅក្នុងពិធីប្រគល់និងផ្ទៀងផ្ទាត់ផែនទីជាផ្លូវការនោះនឹងមានការចូលរួមសង្កេតការណ៍ពីតំណាងគណបក្សប្រជាជនកម្ពុជា ចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូបហើយក៏មានតំណាងមកពីរដ្ឋសភា ព្រឹទ្ធសភានិងស្ថាប័នមួយចំនួនទៀតផងដែរ។
នេះគឺជាការផ្ទៀងផ្ទាត់ផែនទីលើកទីពីរ បន្ទាប់ពីបានធ្វើលើកទីមួយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ដែលមានការផ្ទៀងផ្ទាត់ផែនទីផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាជាមួយនឹងផែនទីរបស់អង្គការសហប្រជាជាតិ ហើយជាលទ្ធផលឃើញថា ខ្សែបន្ទាត់ព្រំដែនរវាងផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីរបស់អង្គការសហប្រជាជាតិគឺដូចគ្នា។
លោកហ្វ្រង់ស្វ័រ ហូឡង់ ប្រធានាធិបតីបារាំងបានបញ្ជាក់នៅក្នុងសារមួយផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថាប្រទេសបារាំងរក្សាជំហរមិនលម្អៀងក្នុងការដោះស្រាយព្រំដែនរវាងកម្ពុជានិងវៀតណាម។ នេះបើតាមលិខិតរបស់លោកហ្វ្រង់ស្វ័រ ហូឡង់ដែលទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានបញ្ចេញជាសាធារណៈ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រាប់ទៅប្រធានាធិបតីបារាំងថាផែនទីដែលខ្ចីមកនេះមិនមែនដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាមួយនឹងវៀតណាមទេព្រោះគ្មានការខ្វែងគំនិតគ្នាទេប៉ុន្តែគឺដើម្បីបញ្ឈប់ការញុះញង់និងកេងចំណេញនយោបាយដែលអាចឈានទៅមហន្តរាយសម្រាប់ប្រទេសកម្ពុជា។ នេះបើយោងតាមខ្លឹមសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផ្ញើជូនប្រធានាធិបតីបារាំងហើយត្រូវបានបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជាផ្សព្វផ្សាយ។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធ្លាប់បានចោទប្រកាន់ថាផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់គឺជាផែនទីក្លែងក្លាយ៕