ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន៖ កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​មាន​ចរិត​បំបែក​បំបាក់


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP ​ត្រូវ​បាន​ចរចា​តាំង​ពីឆ្នាំ​២០០៩ ​ក្នុង​អាណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី​​ បារ៉ាក់ អូបាម៉ា​ ប៉ុន្តែ​សភា​ស.រ.អា.​មិន​បាន​ផ្តល់​សច្ចានុម័ត​ទេ ​​ដោយ​​សារ​សមាជិក​សភា​ជា​ច្រើន​ជំទាស់​ ឬ​មាន​មន្ទិល​សង្ស័យ​លើ​កិច្ច​ព្រម​ព្រៀង​នោះ។

នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​មិនមែន​ជា​សមាជិក​របស់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិកផង​នោះ​ ​លោក​ហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា​បានចាត់​ទុក​ថា ​កិច្ច​ព្រម​ព្រៀង​នេះជា​កិច្ច​ព្រ​មព្រៀង​បង្កប់​ល្បិច​កល​នយោបាយ​ ដែល​មាន​ចរិត​បំបែក​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។​

លោកហ៊ុន​ សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដែល​លោក​យល់​ថា​ ជា​កិច្ច​ព្រម​ព្រៀង​មួយ​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP​ ​នេះ​ ​មាន​បំណង​បង្កើន​កំណើន​សេដ្ឋកិច្ច​ គំាទ្រ​ការ​បង្កើត​ និង​ការ​រក្សា​ការ​ងារ​ លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត​ ផលិតភាព​ និង​ភាព​ប្រកួត​ប្រជែង​ លើក​តម្កើង​ជីវភាព​រស់នៅ​ និង​កាត់​បន្ថយ​ភាព​ភាព​ក្រីក្រ​ជាដើម។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP ​ត្រូវ​បាន​ចរចា​តាំង​ពីឆ្នាំ​២០០៩ ​ក្នុង​អាណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ប៉ុន្តែ​សភា​ស.រ.អា.​មិន​បាន​ផ្តល់​សច្ចានុម័ត​ទេ ដោយសារ​សមាជិក​សភា​ជា​ច្រើន​ជំទាស់​ ឬ​មាន​មន្ទិល​សង្ស័យ​លើ​កិច្ច​ព្រម​ព្រៀង​នោះ។ ​កិច្ច​ព្រមព្រៀងនេះ​ត្រូវ​បាន​ទាត់​ចោល​ដោយ​រដ្ឋបាល​ថ្មី​របស់ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ថ្មី​គឺ​ ​លោក​ Donald Trump ​កាល​ពី​ខែ​មករា។​

ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​មួយ ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​ក្រុម​មន្ត្រី​របស់​លោកថា​ កិច្ច​ព្រមព្រៀង​ TPP ​មាន​ចរិត​បំបែក​សមាជិក​របស់​អាស៊ាន​ ហើយ​លោក​ចង់​ឃើញ​ការ​រលាយ​សាប​សូន្យ​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកTPP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។
បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិកTPP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។

«ខ្ញុំ​ថា​ ខ្ញុំ​ចង់​ឲ្យ​អា​ TPP ​ហ្នឹង​វាងាប់​ ព្រោះ​វាមាន​ចរិត​បំបែក។​ រឿង​អី​អាស៊ាន​១០​ យក​តែ​បួន​ អាស៊ាន​ ១០​ យក​តែ​បួន។​ ខ្ញុំ​ចង់​ឲ្យ​អា​ TPP ​វា​ងាប់​ ព្រោះ​គេ​សួរ​ពី​អនាគត​ TPP​ ក្នុង​ដៃ​ ក្នុង​ដំណាក់​កាល​ដូណាល់ត្រាំ​ បាន​ខ្ញុំ​ចង្អុល​ទៅ​ខាង​វៀតណាម​ថា​ ឯក​ឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ទោះ​បី​ឯក​ឧត្តម​ជា​សមាជិក​ TPP​ ក៏​ដោយ​ ប៉ុន្តែ​ TPP ​វា​មាន​ទាន់កើត​ឯ​ណា! អញ្ចឹង​បើ​វា​ងាប់​ទៅវិញ ឲ្យ​វា​ងាប់​ទៅ»។​

លោក​ហ៊ុន សែន​បាន​ចំអកថា កិច្ច​ព្រមព្រៀង​ TPP ​នេះបាន​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ PTT ​ដែល​លោក​ហៅ​ជា​ឃ្លា​ពេញ​ថា​ ​Political ​Trade ​Trump។​ លោក​ពន្យល់​ថា៖​

«គេនិយាយ​លេង​ទេណ៎ា​ ស្អី​ទៅ​ អាមួយ​ TPP ​អាហ្នឹង​ Trans-Pacific Parntership ​ប៉ុន្តែ​អា​ PTT​ ស្អី​ Political Trade Trump ​ នយោបាយ​ពាណិជ្ជកម្ម​របស់​ត្រាំ»។​

សហ​រដ្ឋ​អា​មេរិក​ និង​ប្រជាជាតិ​១១​ផ្សេង​ទៀត​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ TPP ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៥។ ​សមាជិក​អាស៊ាន​ចំនួន​៤ ​ដែល​ក្លាយ​ជា​សមាជិក​ TPP​ រួម​មាន​ប្រទេស​ប្រ៊ុយណេ​ ​ម៉ាឡេ​ស៊ី​ សិង្ហបុរី​ និង​វៀតណាម។​ កិច្ច​ព្រមព្រៀង​នេះ​មាន​ទំហំ​សេដ្ឋកិច្ច​ស្មើ​នឹង​៤០​ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភព​លោក។​

ប៉ុន្តែ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​បាន​ដក​ស.រ.អា.​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នេះ​ ​ខណៈ​ដែល​លោក​ចាប់​ផ្តើម​សប្តាហ៍​ទី​មួយ​របស់​លោក​នៅ​សេតវិមាន។​

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ការ​បោះ​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ TPP ​នេះ​នឹង​ធ្វើ​ឲ្យ​ស.រ.អា.​ខាត​បង់​យ៉ាង​ខ្លាំង ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ពិភពលោក ​ទាំង​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម និង​នយោបាយ។​

លោក​ឈាង វណ្ណារិទ្ធ ​អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរ​ជាតិ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក ​ឬ​ ​email ​ថា​ ស.រ.អា.​ បាន​ធ្វើ​ឲ្យ​គោល​នយោបាយ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ ខាតបង់​យ៉ាង​ធ្ងន់​ធ្ងរ​ ​បន្ទាប់​ពី​លោក​ដូណាល់ ត្រាំលុប​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិ្ជកម្ម​ TPP។​

លោក​មាន​ប្រសាសន៍​តាមសារ​អេឡិកត្រូនិក​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​គិត​ថា​ វា​ជា​យុទ្ធ​សាស្ត្រ​ដ៏មហន្តរាយ​មួយ​សម្រាប់​ស.រ.អា.​ ដែល​បាន​បំផ្លាញ​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP»។​

លោក​បាន​បន្ថែម​ថា៖​

«មុខមាត់​ និង​តួនាទី​របស់​ស.រ.អា.​ នៅ​ក្នុង​តំបន់​នឹង​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ»។​

នៅ​គ្រា​ដែល​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​បោះ​បង់​ចោល​កិច្ច​ព្រមព្រៀង​នេះ​ ប្រទេស​កុម្មុយនីស្ត​ចិន​ត្រូវ​គេ​រំពឹង​ថា​ ​នឹងចាប់​ផ្តើម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ថ្នាក់​តំបន់​របស់​ខ្លួន​ ដែល​គេ​ហៅ​ថា ​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថា្នក់​តំបន់ ​ឬកិច្ចព្រម​ព្រៀង​ RCEP​ ដែល​គ្រប​ដណ្ដប់​លើបណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ ហើយនឹង​ប្រទេស​ជប៉ុន ​ឥណ្ឌា​ និង​ប្រទេសកូរ៉េ​ ប៉ុន្តែ​ដោយ​មិន​មាន​វត្តមាន​សហ​រដ្ឋ​អាមេរិក​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG