សម្រាប់សហរដ្ឋអាមេរិក ប្រទេសវៀតណាម ជាគំរូមួយបង្ហាញថាចំណងទាក់ទងសេដ្ឋកិច្ច អាចកើតចេញពីគំនរផេះនៃសង្គ្រាម ប៉ុន្តែឥឡូវនេះភាពច្របូកច្របល់នៅក្នុងឆ្នាំ២០១៦ បាននាំឲ្យមានភាពមិនច្បាស់លាស់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រទេសវៀតណាមធ្លាប់មានក្តីសង្ឃឹមថា ខ្លួននឹងទទួលបានភាពរុងរឿងដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រ TPP។ ប៉ុន្តែក្រោយពីមានការគាំងដំណើរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋាភិបាលក្រុងហាណូយត្រូវរៀបចំខ្លួនឡើងវិញ។ ជាជាងបង្ហាញនូវគោលជំហរដ៏រឹងមាំមួយ វៀតណាមហាក់ដូចជាចាត់ទុកកិច្ចព្រមព្រៀង TPP ថានៅមានដំណើរការផង និងគ្មានដំណើរការផង។
កាលពីដើមឆ្នាំនេះ វៀតណាមបានត្រៀមខ្លួនយ៉ាងពេញទំហឹង រហូតដល់ពេលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរ គឺលោកស្រី Hillary Clinton និងលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់លាស់ថាអ្នកទាំងពីរមិនចូលចិត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនោះទេ។ បន្ទាប់ពីពេលនោះមក វៀតណាមបានដកការអនុម័តទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ចេញពីរបៀបវារៈរបស់សភាវៀតណាមវិញ ដើម្បីកុំឲ្យអាម៉ាសមុខទាន់។
ក្រុមមេដឹកនាំវៀតណាម បានឈប់អួតអាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដែលមានប្រទេស១២ជាសមាជិកនោះតទៅទៀតហើយ ហើយបានងាកទៅផ្តោតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀតជំនួសវិញ៕