ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​និយាយ​ជាមួយ​មេដឹកនាំ​ពិភពលោក​ជា​ច្រើន​នៅ​ថ្ងៃ​សៅរ៍​នេះ


នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump នៅ​អគារ​ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​ កាល​ពី​ថ្ងៃទី​១៧ វិច្ឆិកា ២០១៦។
នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump នៅ​អគារ​ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​ កាល​ពី​ថ្ងៃទី​១៧ វិច្ឆិកា ២០១៦។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​ធ្វើ​ការ​សន្ទនា​តាម​ទូស័ព្ទ​ជា មួយ​ពួក​មេដឹកនាំ​ពិ​ភព​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​ចាប់​ផ្តើម​ជាមួយលោក​នាយក​រដ្ឋ​មន្រ្តី Shinzo Abe ​នៃ​ប្រទេស​ជប៉ុន ​ដែល​ជា​មេដឹកនាំ​បរទេស​លើក​ទី​១​ដែល​បាន​ជួប​លោក​ប្រធានា​ធិបតី​ត្រាំ​បន្ទាប់ពីលោកជាប់​ឆ្នោត​ជា​ប្រធា​ធិបតី។ ការ​សន្ទ​នាតាម​ទូរស័ព្ទ​របស់​អស់​លោក​បាន​កើត​មាន​ឡើង​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ដក​ខ្លួន​ចេញពី​កិច្ច​ព្រម​ព្រៀង​ដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ដែល រួមមាន​សហរដ្ឋ​អាមេរិក ​ប្រទេស​ជប៉ុន​និង​ប្រទេស​១០​ទៀត​នៅ​តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក និង​មាន​សេដ្ឋ​កិច្ច​៤០​ភាគរយ​របស់​ពិភពលោក។ លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​អាបេ​ជាអ្នកគាំទ្រ​ដ៏​ខ្លាំង​មួយ​ដល់​កិច្ច​ព្រម​ព្រៀងដៃគូ​ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក TPP នៅពេល​លោក​អូបាម៉ាប្រធានា​ធិបតី​កាន់​ដំណែង​ មុន លោកត្រាំ។

បន្ទាប់​ពីការ​សន្ទនា​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន លោក​ប្រធានា​ធិបតី​ត្រាំ​មាន​គម្រោងសន្ទនា​ជាមួយ​លោកស្រី Angela Merkelអធិការបរតី​នៃ​ប្រទេស​អាល្លឺម៉ង់​។​ កាល​ពី​ឆ្នាំ​ទៅ ​លោកស្រី Merkel ​បាន​សុំ​ឲ្យ​ពលរដ្ឋ​របស់​លោកស្រី​បង្ហាញ​នូវភាព​មេត្តា​ធម៌​ដល់​ពលរដ្ឋ​ស៊ីរី​ដោយ​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់។​ ការណ៍​នេះ​បាន​ជួប​នូវលទ្ធផល​ចម្រុះ។ ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​រារាំង​មិន​ឲ្យ​ជន​ភៀសខ្លួន​ស៊ីរី​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ពេល​កំណត់។

ប្រធានា​ធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​ជាមេដឹកនាំ​ពិភពលោក​ទី៣​នៅ​លើ​បញ្ជី​នៃ​ការ​និយាយ​តាម​ទូរស័ព្ទ​របស់​លោក​ប្រធានា​ធិបតី​ត្រាំ។ វា​នឹងក្លាយ​ជាការសន្ទនា​លើក​ដំ​បូង​របស់​ពួក​អស់​លោក​ចាប់​តាំង​ពី​លោក​ត្រាំ​បាន​ស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានា​ធិបតីមក។ ទោះ​ជាយ៉ាង​ណាក៏ដោយ ​ពួកអស់​លោក​បាន​សន្ទនា​គ្នា​បន្ទាប់​ពីជ័យ​ជម្នះ​ដ៏​ភ្ញាក់​ផ្អើល​របស់​លោកត្រាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី។ មេដឹកនាំ​ទាំង​២​បាន​និយាយ​ថា ​ពួក​អស់​លោក​ចង់​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​រវាង​ប្រទេស​ទាំង​២៕

XS
SM
MD
LG