មេបញ្ជាការកងទ័ពជើងទឹកអាមេរិកាំង ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) បានក្លាយជាមោទនភាពមួយសម្រាប់សហគមន៍ខ្មែរអាមេរិកាំងនៅពេលដែលលោកបានដឹកនាំនាវាពិឃាតរបស់សហរដ្ឋអាមេរិកចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីជាង៥ឆ្នាំមុន។
ប៉ុន្តែការសារភាពរបស់គាត់កាលពីខែមុនថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយនាំឱ្យបែកធ្លាយការសម្ងាត់យោធាបានធ្វើឱ្យអ្នកគាំទ្រដូចជាលោក ហេងថាល់ សាវុធ និងអ្នកដទៃទៀតស្រឡាំងកាំង។
លោក ហេង ថាល់សាវុធ ដែលជាភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកសន្តិសុខនៅសាលារដ្ឋមួយក្នុងរដ្ឋ Maine (ម៉េន) សហរដ្ឋអាមេរិក បានសម្តែងពីការសោកស្តាយដែលរឿងរ៉ាវនេះបានកើតឡើងមកលើនាយទាហានអាមេរិកាំងដើមកំណើតខ្មែរដែលលោកធ្លាប់មានមោទនភាព។ ប៉ុន្តែលោកយល់ថា ការឆ្លើយសារភាពរបស់នាយទាហានរូបនេះគឺជារឿងល្អ ព្រោះសំណាញ់ច្បាប់របស់សហរដ្ឋអាមេរិកមានលក្ខណៈល្អិតដែលគេគង់តែរកភស្តុតាងបានគ្រប់គ្រាន់។ លោកថ្លែងថា៖
«ដូច្នេះការណ៍ដែលគាត់សារភាពនេះបញ្ជាក់ឱ្យឃើញថាប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកពិតជាមានប្រសិទ្ធភាពហើយដែលយើងមិនអាចលេងសើចបានទេ»។
លោកវរនាវីទោ ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៣និងរងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយជាថ្នូរនឹងការផ្តល់ព័ត៌មានសម្ងាត់នៃចលនានាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាថ្នូរនឹងការធ្វើដំណើរហ៊ឺហានិងសេវាពេស្យាចារ។ ប៉ុន្តែលោកបានប្រកែករហូតដល់សប្តាហ៍មុននេះទើបព្រមសារភាព។
ក្នុងចំណោមសកម្មភាពខុសឆ្គងគឺលោកបានបង្វែរទិសចូលចតនៃនាវាជាច្រើនគ្រឿង រួមទាំងនាវាចម្បាំងផ្ទុកយន្តហោះ USS George Washington និង USS John C. Stennis ឱ្យទៅចូលចតនៅកំពង់ផែដែលក្រុមហ៊ុន Glenn Defense Marine Asia មានបម្រើសេវា។ ហើយគឺម្ចាស់ក្រុមហ៊ុននេះជាអ្នកផ្តល់ការសូកប៉ាន់នានា។
លោក ហ៊ាន យុទ្ធ អតីតទាហានជើងទឹកខ្មែរសម័យរបបលោកសេនាប្រមុខ លន់ នល់ និងបច្ចុប្បន្នបម្រើការខាងក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកក៏សោកស្តាយដែលមានរឿងរ៉ាវដូច្នេះប៉ុន្តែលោកមិនបន្ទោសទេ ដោយសារតែលោកយល់ថាលោក ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច មិនមានបទពិសោធន៍ច្រើនក្នុងការបដិសេធចោលនូវសំណូកដែលគេយកមកឱ្យ។
«ក្នុងស្រុកអាមេរិកនេះគឺថាអ្នកដែលធ្វើការនៅក្នុងរដ្ឋាភិបាលគេយ៉ាងម៉េចគឺត្រូវយល់អំពីក្រមសីលធម៌ គឺថាបើយើងធ្វើក្នុងរដ្ឋាភិបាលយើងត្រូវតែធ្វើយ៉ាងម៉េចកុំឱ្យពាក់ព័ន្ធនឹងពុករលួយយើងត្រូវអនុវត្តតាមច្បាប់របស់គេ។ បានន័យថាយើងធ្វើអ្វី ក៏ដោយយើងត្រូវតែដឹងយើងកុំរំលោភច្បាប់ជាពិសេសអ្នកដែលធ្វើការនៅ ក្នុងតំណែងនិងកន្លែងដែលទិញដូរ»។
លោកបន្ថែមថា មន្ត្រីរដ្ឋការរដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែទទួលការហ្វឹកហ្វឺនពីក្រមសីលធម៌និងការយល់ដឹងពីដើម្បីជៀសវាងការបៀតបៀនផ្លូវភេទជាដើម។
លោក ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច ត្រូវបានស្ត្រីអាមេរិកាំងសុំយកមកចិញ្ចឹមក្នុងឆ្នាំ១៩៧៣ មុនពេលប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបខ្មែរក្រហមហើយដំណើរវិលត្រឡប់ទៅមាតុភូមិវិញជាលើកទីមួយរបស់លោកក្នុងឆ្នាំ២០១០បាននាំឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពី បណ្តាញសារព័ត៌មានអន្តរជាតិដោយសារលោកបានដឹកនាំកងទ័ពជើងទឹកនៃនាវាពិឃាត USS Mustin ។
បន្ទាប់ពីដំណើរចូលចតក្នុងប្រទេសកម្ពុជាលោកបានឡើងមកបម្រើការជាមេបញ្ជាការរងទទួលបន្ទុកប្រតិបត្តិការលើនាវា USS Blue Ridge នៃកងនាវាចរណ៍ទី៧ ដែលមានមូលដ្ឋាននៅក្រុងយូកូសុកានៃប្រទេសជប៉ុន។ លោក ម៉ាយឃើល វណ្ណៈ ខឹម មីស៊ីវិច ត្រូវបានជ្រើសរើសត្រៀមដំឡើងឋានន្តរសក្ដិជាវរនាវីឯកផងដែរ។
លោក គុជ ច័ន្ទលី អ្នកផ្តល់ប្រឹក្សានៅសាលារៀនរដ្ឋមួយនៅក្នុងរដ្ឋ Maryland (ម៉ារីឡែន) យល់ថាវាជាការសោកស្តាយនិងអាម៉ាស់មួយដែលលោក ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច បានឡើងដល់ឋានៈខ្ពង់ខ្ពស់និងជាមោទនភាពសម្រាប់ខ្មែរអាមេរិកាំងហើយមកប្រព្រឹត្តរឿងអាស្រូវពុករលួយរហូតដល់ធ្លាយការសម្ងាត់របស់រដ្ឋ។
«សោកស្តាយត្រង់ថាគាត់ជាតំណាងឱ្យខ្មែរយើងមួយរូបតំណាងឱ្យកូនខ្មែរយើងដែលមកស្រុកអាមេរិកនេះតាំងពីតូចហើយបានត្រូវគ្រួសារអាមេរិកាំងជួយឧបត្ថម្ភគាំទ្របានចូលទៅរៀនសូត្រហើយបានចូលទៅបម្រើការងារនៅក្នុងកងទ័ពរបស់អាមេរិកាំងរហូតដល់ក្លាយជាមេបញ្ជាការគឺជាឋានៈធំណាស់ហើយខ្មែរយើងក៏មានមោទនភាពដោយសារតែខ្មែរយើងបានឡើងទៅដល់ថ្នាក់ហ្នឹង»។
លោកច័ន្ទលីក៏មានប្រវត្តិស្រដៀងនឹងលោក វណ្ណៈខឹម មីស៊ីវិច ដែរ ដោយលោកត្រូវគ្រួសារអ្នកនយោបាយអាមេរិកាំងមានទ្រព្យធនស្តុកស្តម្ភមួយដែលធ្លាប់ជាអភិបាលរដ្ឋសុំធានាពីជំរំតាមជាយដែនខ្មែរយកមកចិញ្ចឹមឱ្យបានរៀនសូត្រ។ ការនេះធ្វើឱ្យលោកមានការប្រយ័ត្នប្រយែងក្នុងការបំពេញការងារទោះបីជាលោកបានចេញមកបំពេញការងារ៣០ឆ្នាំហើយក៏ដោយ។
«នៅក្នុងអារម្មណ៍របស់ខ្ញុំគឺថាខ្ញុំមិនគ្រាន់តែការពារមុខមាត់កិត្តិយសឪពុកម្តាយខ្ញុំទេក៏ប៉ុន្តែខ្ញុំក៏ត្រូវការពារជនជាតិអាមេរិកាំងដែលគេធានាខ្ញុំមកចិញ្ចឹមដូចជាកូនគេអញ្ចឹងហើយគេឧបត្ថម្ភសព្វគ្រប់បែបយ៉ាង។ គេស្រឡាញ់ខ្ញុំ គ្រប់សព្វបែបយ៉ាងនៅស្រុកអាមេរិកនេះ។ គឺថាអ្វី ដែលខ្ញុំធ្វើខ្ញុំតែងតែគិតដល់កិត្តិយសរបស់គេជាសំណងគុណដល់គ្រួសារអាមេរិកាំងបានធានាខ្ញុំមកស្រុកអាមេរិកនេះហើយខ្ញុំមិនធ្វើយ៉ាងណាឱ្យគេបាក់មុខបាក់មាត់ដោយសារខ្ញុំនោះទេ»។
តុលាការបានកាត់ទោសអ្នកចូលរួមពាក់ព័ន្ធចំនួនពីរនាក់ហើយ គឺវរនាវីត្រី Todd Dale Malaki ឱ្យជាប់ពន្ធនាគាររយៈពេល៤០ខែពីបទផ្តល់ព័ត៌មានពីផ្លូវនាវាចរណ៍ប្តូរនឹងសេវាពេស្សាចារនិងការស្នាក់នៅសណ្ឋាគារទំនើបក្នុងប្រទេសសិង្ហបុរី ហុងកុង និងកោះតុងហ្កា។ អ្នកពាក់ព័ន្ធម្នាក់ទៀតគឺព្រឹន្ទបាលឯកDaniel Layug ។ ត្រូវបានកាត់ទោសកាលពីពីរសប្តាហ៍មុនឱ្យជាប់ពន្ធនាគារចំនួន២៧ខែពីបទសមគំនិតឱ្យមានការប្រព្រឹត្តិអំពើពុករលួយ។
រហូតមកដល់ពេលនេះមានជនជាប់ចោទជាច្រើននាក់ហើយបានសារភាពចំពោះកំហុសឆ្គងស៊ីសំណូកសូកប៉ាន់នេះ។ ក្នុងនេះគឺមានលោកឡេអូណាត ហ្វ្រង់ស៊ីស (Leonard Francis) នាយកក្រុមហ៊ុន Glenn Defense Marine Asia។
ក្រុមរដ្ឋអាជ្ញាលើកឡើងថាអាចនឹងមានការចាប់ខ្លួនមនុស្សជាច្រើនទៀតពាក់ព័ន្ធនឹងសំណុំរឿងនេះ។
លោក ហេងថាល់ សាវុធ ដែលរស់នៅក្នុងរដ្ឋ ម៉េន បានអំពាវនាវឱ្យអ្នកដែលរស់នៅសហរដ្ឋអាមេរិកជាពិសេសអ្នកដែលកំពុងបំពេញការងារជូនរដ្ឋាភិបាលអាមេរិកាំងឱ្យមានការប្រយ័ត្នប្រយែង។
«ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរអាមេរិកាំងជំនាន់ក្រោយមេត្តាកុំស្រពិចស្រពិលអ្វីឱ្យសោះ។ មេត្តាធ្វើអ្វី មួយឱ្យច្បាស់លាស់តាមធម៌ព្រះពុទ្ធគឺសច្ចធម៌ យុត្តិធម៌និងសេចក្តីទៀងត្រង់។ បើយើងធ្វើអ្វី មួយដើម្បីជាតិសាសន៍ណាក៏ដោយយើងមានភាពស្មោះត្រង់យើងនឹងបានជោគជ័យតែបើយើងមានភាពក្បត់ភាពមិនគោរពច្បាប់នោះទោះបីជានៅប្រទេសណាក៏ដោយយើងនឹងទទួលទោស១០០ភាគរយ»។
សវនាការកាត់ទោសលោក ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ខែមេសាខាងមុខនេះ៕