កំណត់និពន្ធ៖ អត្ថបទនេះជាអត្ថបទប្រែសម្រួលទាំងស្រុងជាភាសាខ្មែរដោយ VOA ពីអត្ថបទដើមរបស់ Craig Whitlock នៃសារព័ត៌មាន Washington Post។
Editor's Note: This article is a full-length Khmer-translation by VOA Khmer of the original English-language Washington Post article by Craig Whitlock.
មេបញ្ជាការកងទ័ពជើងទឹកម្នាក់ដែលត្រូវបានចោទប្រកាន់លើករណីទទួលប្រាក់សូកប៉ាន់ជាថ្នូរនឹងការចែករំលែកព័ត៌មានយោធាសម្ងាត់សំបុត្រយន្តហោះ ប្រើប្រាស់សេវាពេស្យាចារនិងសំបុត្រប្រគុំតន្រ្តីរបស់តារាចម្រៀង Lady Gaga បានទទួលកំហុស កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការចោទប្រកាន់លើករណីប្រព្រឹត្តអំពើពុករលួយរបស់តុលាការសហព័ន្ធនៅទីក្រុង San Diego។
លោកមេបញ្ជាការកងទ័ពជើងទឹក Michael (Vannak Khem) Misiewicz អាយុ ៤៨ ឆ្នាំ ដែលជានិស្សិត បញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាកងទ័ពជើងទឹកនៅទីក្រុង Annapolis រដ្ឋ Maryland បានក្លាយជាមនុស្សទី៨ដែលយល់ព្រមទទួលកំហុសនៅក្នុងករណីប្រព្រឹត្តអំពើពុករលួយដ៏ធំមួយ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់កងទ័ពជើងទឹកនិងចូលដល់ថ្នាក់មន្រ្តីជាន់ខ្ពស់។ មនុស្សជាង១០០នាក់កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតលើករណីបទឧក្រិដ្ឋ ការបំពានក្រមសីលធម៌ ឬការបំពានផ្នែករដ្ឋបាល។
លោក Misiewicz បានតវ៉ានឹងការចោទប្រកាន់ចំពោះរូបលោក បន្ទាប់ពីលោកត្រូវបានគេចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៣ ប៉ុន្តែលោកបានយល់ព្រមកែប្រែចម្លើយរបស់ខ្លួននិងបានបង្ហាញខ្លួននៅមុខចៅក្រមមួយរូបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកស្រី Wendy Gerboth និងលោក Mark Adams ដែលជាមេធាវីរបស់លោកនៅទីក្រុង San Diego បានថ្លែងនៅក្នុងលិខិតមួយថា «តាំងពីករណីនេះបានចាប់ផ្តើមមក លោកមេបញ្ជាការ Misiewicz បានយល់ព្រមទទួលខុសត្រូវដោយខ្លួនលោកផ្ទាល់។ លោកសុំអភ័យទោសយ៉ាងខ្លាំងចំពោះបញ្ហាដែលលោកបានបង្កដល់ក្រុមគ្រួសាររបស់លោក កងទ័ពជើងទឹកអាមេរិក និងប្រទេសដ៏អស្ចារ្យមួយនេះ»។
ក្រុមព្រះរាជអាជ្ញានិងក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបានចោទប្រកាន់លោក Misiewicz ថាបានដើរតួនាទីសំខាន់នៅក្នុងផែនការសូកប៉ាន់រយៈពេលវែង ដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយដែលជាប់កុងត្រាជាមួយនឹងក្រសួងការពារជាតិដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺក្រុមហ៊ុន Glenn Defense Marine Asia កេងប្រវ័ញ្ចពីកងទ័ពជើងទឹកអាមេរិកនូវទឹកប្រាក់ជាង២០លានដុល្លារ។ ក្រុមហ៊ុននេះបានជាប់កុងត្រាជាង២៥ឆ្នាំដើម្បីផ្គត់ផ្គង់សេវាដល់នាវាយោធាសារជាថ្មី ក្នុងអំឡុងពេលចុះចតនៅកំពង់ផែនៅអាស៊ី ហើយក្រុមហ៊ុននេះក៏បានសារភាពថាខ្លួនបានគិតថ្លៃខ្ពស់ហួសហេតុពីរដ្ឋាភិបាលអាមេរិកសម្រាប់សេវាកម្មរបស់ខ្លួន។
លោក Misiewicz មានដើមកំណើតនៅប្រទេសកម្ពុជានិងមានឈ្មោះដើមហៅថា Vannak Khem ប៉ុន្តែលោកត្រូវបានបុគ្គលិកស្ថានទូតអាមេរិកម្នាក់ទទួលយកទៅចិញ្ចឹមនៅពេលដែលលោកមានអាយុ៦ឆ្នាំ។
លោកបានទៅរស់នៅរដ្ឋ Illinois មុនពេលដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកកុម្មុយនិស្តខ្មែរក្រហមបន្តិច។ កាលពីខែធ្នូឆ្នាំ២០១០ ក្នុងនាមជាមេបញ្ជាការនាវាពិឃាដអមនាវាចម្បាំង លោក Misiewicz បានត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញជាលើកដំបូងបង្អស់ក្នុងរយៈពេល៣៧ឆ្នាំ នៅពេលដែលនាវានោះបានចុះចតនៅកំពង់ផែនៅខេត្តព្រះសីហនុ។
ក្នុងអំឡុងឆ្នាំ២០១១និងឆ្នាំ២០១២ លោក Misiewicz បានកាន់តំណែងដ៏សំខាន់មួយជាអនុប្រធានប្រតិបត្តិការកងនាវាចម្បាំងសហរដ្ឋអាមេរិកទី៧ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នៅក្នុងតួនាទីនោះ លោកអាចមានឥទ្ធិពលទៅការសម្រេចនានារបស់កងទ័ពជើងទឹកអំពីថាតើគួរចតនាវារបស់ខ្លួននៅកំពង់ផែមួយណា និងរយៈពេលប៉ុន្មាន ដែលតួនាទីនេះធ្វើឲ្យលោកមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុន Glenn Defense Marine Asia។
យោងតាមដីកាចោទប្រកាន់មួយលើករណីនេះ លោក Misiewicz បានទម្លាយនូវព័ត៌មានសម្ងាត់អំពីផែនការបម្លាស់ទីកន្លែងរបស់នាវាកងទ័ពជើងទឹកដល់ក្រុមហ៊ុន Glenn Defense Marine Asia ចំនួន៦លើកខុសៗគ្នា ខណៈដែលលោកបម្រើការលើនាវា USS Blue Ridge ដែលជានាវាដឹកនាំកងនាវាចម្បាំងសហរដ្ឋអាមេរិកទី៧។
បន្ថែមពីលើនោះទៀត យោងតាមលិខិតផ្លូវការមួយដែលរៀបចំដោយភ្នាក់ងារសហព័ន្ធ លោក Misiewicz ពេលខ្លះបានបញ្ជានាវាឲ្យទៅចតនៅកំពង់ផែដែលត្រួតត្រាដោយក្រុមហ៊ុន Glenn Defense Marine។
ជាឧទាហរណ៍ កាលពីខែកញ្ញាឆ្នាំ២០១១ នាវាចម្បាំង USS John C. Stennis បានពន្យារយៈពេលចតនៅកំពង់មួយនៅម៉ាឡេស៊ីដែលជារបស់ក្រុមហ៊ុន Glenn Defense Marine ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុននេះគិតថ្លៃបន្ថែមពីកងទ័ពជើងទឹកចំនួន២៥០.០០០ដុល្លារ។
លោក Misiewicz បានសរសេរនៅក្នុងអ៊ីមែលមួយទៅកាន់ប្រធានក្រុមហ៊ុននេះគឺលោក Leonard Glenn Francis មុនពេលដែលនាវា Stennisចុះចតនៅកំពង់ផែនោះបន្តិចថា «ឃើញទេ? អ្នកបានស្នើសុំ។ ខ្ញុំបានធ្វើហើយ! ហាសហា!» ។
បើតាមលិខិតថ្លែងសច្ចានេះថានៅពេលពីរបីខែបន្ទាប់មក លោក Misiewicz បានជួយប្តូរផ្លូវបើកបរនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតឈ្មោះ USS Abraham Lincoln ដើម្បីឱ្យកប៉ាល់នេះអាចចូលចតក្នុងកំពង់ផែមួយនៅប្រទេសថៃដែលត្រួតត្រាដោយក្រុមហ៊ុន Glenn Defense Marine Asia កាលពីខែមករាឆ្នាំ២០១២ដោយមិនបានទៅកាន់ប្រទេសហ្វីលីពីនទេ។
បើតាមលិខិតថ្លែងសច្ចានេះថាការណ៍ដូចគ្នាបានកើតមានឡើងជាមួយនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតឈ្មោះ USS George Washington កាលពីខែតុលាឆ្នាំ២០១២ នៅពេលវាបានលុបចោលទស្សនកិច្ចមួយក្នុងប្រទេសសិង្ហបុរីហើយបានទៅឈប់សំចតនៅឯកំពង់ផែមួយក្នុងប្រទេស Malaysia ដែលចាត់ចែងដោយក្រុមហ៊ុន Glenn Defense Maritime ដោយផ្តល់ប្រាក់១លាន៨សែនដុល្លារឱ្យក្រុមហ៊ុននេះ។
ដីកាចោទប្រកាន់ចែងថាជាថ្នូរ ពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិរបស់ក្រុមហ៊ុន Glenn Defense Marine Asia បំពេញបំណងលោក Misiewicz ដែលមានចំណុចខ្សោយដោយសារត្រូវការកាមតណ្ហា ការធ្វើដំណើរនិងវត្ថុប្រណីតៗ។
បើតាមលិខិតថ្លែងសច្ចានិងដីកាចោទប្រកាន់ថាក្រុមហ៊ុននេះបានបង់ប្រាក់ឱ្យលោក Misiewicz ចំណាយពេលវេលាជាមួយពួកស្ត្រីពេស្យាជាច្រើនដងដោយមានរួមបញ្ចូលការចំណាយពេលវេលានៅក្នុងសណ្ឋាគារប្រណីតមួយក្នុងក្រុងម៉ានិលកាលពីខែកុម្ភៈឆ្នាំ២០១១ ការចំណាយពេលវេលាមួយយប់នៅក្នុងប្រទេសជប៉ុនកាលពីខែមេសាឆ្នាំ២០១២និងពីរយប់នៅក្នុងសណ្ឋាគារមួយក្នុងប្រទេសសិង្ហបុរីកាលពីខែកញ្ញាឆ្នាំ២០១២។
បើតាមលិខិតថ្លែងសច្ចានេះថានៅពេលមួយលើកទៀត លោក Francis បានធ្វើការទាក់ទងជាមួយសេវាកម្មផ្តល់ស្ត្រីអមដំណើរមួយដើម្បីផ្តល់ស្ត្រីពេស្យាបួននាក់ឱ្យចំណាយពលវេលាយ៉ាងតិចណាស់បីថ្ងៃជាមួយលោក Misiewucz និងមេបញ្ជាការម្នាក់ទៀតនៃកងទ័ពជើងទឹកស.រ.អ.ដែលគេមិនប្រាប់ឈ្មោះនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមីនាឆ្នាំ២០១១។ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការគ្រោងជួបគ្នានោះមិនបានសម្រេចទេនៅនាទីចុងក្រោយបង្អស់នៅពេលដែលនាយទាហានទាំងនេះបានត្រូវចាត់ឱ្យទៅបំពេញបេសកកម្មជាការឆ្លើយតបគ្រាមានអាសន្នរបស់កងទ័ពជើងទឹកស.រ.អ.ដល់មហន្តរាយមហារលកសមុទ្រ tsunami ដែលបានបោកខ្លាំងលើប្រទេសជប៉ុន។
បើតាមលិខិតថ្លែងសច្ចានេះថាមួយឆ្នាំបន្ទាប់មក លោក Francis បានផ្តល់សំបុត្រឱ្យលោក Misiewicz និងនាយទាហានបួននាក់ទៀតនៃកងទ័ពជើងទឹកអាមេរិកាំងដែលគេមិនប្រាប់ឈ្មោះដែលអាចឱ្យពួកគេទៅមើលការប្រគុំតន្ត្រីកុងស៊ែមួយដោយ Lady Gaga ក្នុងប្រទេសថៃ។
ដោយផ្តល់កាដូឱ្យលោក Misiewicz ក្រុមហ៊ុនមានកុងត្រាខាងកិច្ចការពារប្រទេសនេះមិនបានភ្លេចប្រពន្ធនិងសមាជិកឯទៀតៗនៃគ្រួសារលោកទេ។
បើតាមពួករដ្ឋអាជ្ញាថា ក្រុមហ៊ុននេះបានផ្តល់សំបុត្រឱ្យលោក Misiewicz និងញាតិសន្តានបួននាក់ទៅមើលការសម្តែងរឿង Lion King នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១0 ទិញសំបុត្រយន្តហោះឱ្យម្តាយ ប្អូនប្រុស ប្រពន្ធនិងកូនបីនាក់ធ្វើដំណើរនៅខាងក្នុងទ្វីបអាស៊ីនិងពីស.រ.អ.ទៅកាន់ប្រទេសកម្ពុជា និងទិញកាបូបប្រណីតមួយឱ្យប្រពន្ធលោកនៅក្នុងប្រទេសជប៉ុនផងដែរ។
ចាប់តាំងពីពេលនោះមក ប្រពន្ធលោកបានដាក់ពាក្យលែងលោកហើយ៕
អត្ថបទដើមរបស់សារព័ត៌មាន The Washington Post ត្រង់នេះ
ប្រែសម្រួលទាំងស្រុងដោយ ឈឹម សុមេធ និង ហុង ចិន្តា