ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​ក្រុម​ហ៊ុន​សារភាព តែ​មេ​បញ្ជាការ​យោធា​ជើង​ទឹក​ស.រ.អា.​ដើម​កំណើត​ខ្មែរ​មិន​ទទួល​កំហុស​ទេ


លោក​ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael ​Vannak ​Khem ​Misiewicz) នៅ​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ជើង​ទឹក​ស.រ.អា. ដែល​បាន​ថត​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១០។

មេ​បញ្ជាការ​យោធា​ជាន់ខ្ពស់​យោធា​ជើង​ទឹក​ស.រ.អា.​ម្នាក់​ដែល​មាន​ដើម​កំណើត​ ខ្មែរ​គឺលោក ​ម៉ៃខល ​វណ្ណៈខឹម ​មីសៀវីក​ (Michael ​Vannak ​Khem ​Misiewicz)​ មិន​ទទួល​ទោស​ទេ​ ទោះជា​លោក​ត្រូវ​នាយក​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​យោធា​ថា​ លោក​ស្ថិត​ក្នុង​បញ្ជី​មន្ត្រី​យោធា​ជើងទឹក​៧​នាក់​ដែល​ទទួល​សំណូក​ក្តី។​ ​នេះ​បើ​ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍។​

លោក​ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក ​(Michael ​Vannak ​Khem​ Misiewicz)​ ​អាយុ​ ៤៧​ឆ្នាំ ​ត្រូវ​មហា​គណៈ​វិនិច្ឆ័យ​ក្នុង​តុលាការ​ភាគខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា​បាន ចោទ​ប្រកាន់​ពីបទ​ល្មើស​ទាក់ទង​នឹង​ការ​សូក​ប៉ាន់​ចំនួន​៧​ថែម​ទៀត​ រាប់​ទាំង​ការ​ ផ្តល់​ព័ត៌មាន​សម្ងាត់របស់​រដ្ឋ​ទៅ​ឲ្យក្រុមហ៊ុន​ផ្តល់​សេវា​ផ្នែក​យោធា​ចុះ​កិច្ច​ សន្យា​ឈ្មោះ ​Glenn Defense ​Marine Asia ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបូរី ​ដែល​ត្រូវ​ចោទ​ថា ​បាន​បោក​ប្រាស់​ប្រាក់​រាប់​លាន​ដុល្លារ​ពី​យោធា​ជើងទឹក​ស.រ.អា.។​

ប្រធាន​ក្រុម​ហ៊ុន​នេះ​គឺ​លោក​ Leonard Glenn ​Francis ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​បាន​ទទួល​កំហុស​ថា លោក​បាន​ប្រព្រឹត្ត​ការ​សូក​ប៉ាន់​មន្ត្រី​យោធា​ជើង​ទឹក​ស.រ.អា.​ជា​ច្រើន​ឆ្នាំ​នូវ​ទឹក​បា្រក់​រាប់​សិប​លាន​ដុល្លារជា​លុយ​ ​ជា​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​សេវា​កម្ម​ពេស្យា​កម្ម​ជា​ដើម។ ​ហើយ​មេ​បញ្ជាការ​យោធា​ជើង​ទឹក​ម្នាក់​ទៀត​គឺ​លោក ​Daniel Dusek ​អាយុ​៤៧​ឆ្នាំ ​បាន​ទទួល​កំហុស​ទាក់ទង​នឹង​បទចោទ​ប្រកាន់​របស់​តុលាការ​ដែរ​កាលពី​ម្សិលមិញ ​ក្រោយ​ពី​មេ​បញ្ជា​ការ​ម្នាក់​ទៀត​គឺ​លោក​ហូស្សេ ​ល្វីស ​សាន់ឆេ​បាន​ទទួល​កំហុស​ស្រដៀង​គ្នា​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ តុលាការ​បាន​និយាយ​ថា៖​

«លោក​ Francis ​អាយុ​៥០​ឆ្នាំ ​ជា​ជនជាតិ​ម៉ាឡេស៊ី​ បាន​បញ្ជាក់​អត្ត​សញ្ញាណ​មន្ត្រី​យោធា​ជើងទឹក​ស.រ.អា.៧​នាក់​ ដែល​បាន​ទទួល​សំណូក​ រួម​ទាំង​លោក​ឌូសេក ​មេបញ្ជាការ ​Jose Luis Sanchez ​និង​លោក​មេបញ្ជាការ ​ម៉ៃខល វណ្ណៈខឹម មីសៀវីក ​(Michael ​Vannak​ Khem​ Misiewicz)​ មន្ត្រី​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​យោធា​ជើងទឹក​ John Beliveau ​និង​មន្ត្រី​មួយ​ចំនួន​ទៀត​ដែល​មិន​ត្រូវ​គេ​ប្រាប់​ឈ្មោះ​នៅ​ឡើយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​តុលាការ​ដដែល​បាន​បញ្ជាក់​ថា៖​ «មន្ត្រី​យោធា​ជើងទឹក​ទាំងអស់​ដែល​ត្រូវ​បានចោទ​ប្រកាន់ ​បាន​ទទួល​កំហុស​ លើក​លែង​តែ​លោក​ម៉ៃខល ​វណ្ណៈខឹម ​មីសៀវីក ​ដែល​សំណុំរឿង​របស់​លោក​កំពុង​បន្ត។​ លោក​ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក​មិន​ទទួល​កំហុស​នៅ​ឡើយ​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ សំណុំ​រឿង​លោក​ម៉ៃខល វណ្ណៈខឹម ​មីសៀវីក​នឹង​ត្រូវ​តុលាការ​ចាប់​ផ្តើម​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​លោក​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក​អាច​ប្តូរ​ចម្លើយ​របស់​លោក​ ទទួល ​ឬ​មិន​ទទួល​បទ​ចោទរបស់​តុលាការ។​

លោក​ Leonard Glenn ​Francis ​បាន​ទទួល​កំហុស​ថា ​លោក​បាន​បោក​ប្រាស់​យក​ប្រាក់យោធា​ជើង​ទឹក​ស.រ.អា.​រាប់​សិប​លាន​ដុល្លារ ​ដោយ​ឲ្យ​យោធា​ជើង​ទឹក​ស.រ.អា.​បង់​លុយ​លើស​ចំនួន​កម្រិត​ជា​ប្រចាំ​ រាប់ចាប់​ពី​សេវា​កម្ម​ប្រេង​ សេវា​កម្ម​អូស​នាវា​ សេវា​កម្ម​ដឹក​កាក​សំណល់។ ​លោក​ Francis​ បាន​ព្រម​ព្រៀង​លើ​ទឹក​ប្រាក់​៣៥​លាន​ដុល្លារ​ដែល​បាន​មក​ពី​ដំណើរ​ការ​មិន​ប្រក្រតី​នោះ ​សងលុយ​ទៅ​ដល់​យោធា​ជើង​ទឹក​ស.រ.អា.​វិញ។​

រដ្ឋ​អាជ្ជា​រង​លេស្លី ខាតវែល ​(Leslie R. Caldwell ) ​បានថ្លែង​ថា៖​ «ការ​ទទួល​កំហុស​ថ្ងៃ​នេះ​របស់​លោក ​Leonard Francis ​ក្រុមហ៊ុន​របស់​លោក​ ហើយ​នឹង​មន្ត្រី​យោធា​ជើងទឹក​គឺ​ជា​ជំហ៊ាន​ដ៏​សំខាន់​ណាស់​ក្នុងការ​បន្ត​កិច្ចការ​ ស៊ើប​អង្កេត​របស់​យើង។​ យើង​នឹង​បន្ត​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​រក​ឫស​គល់​អ្នក​ពាក់​ព័ន្ធ​ក្នុង​គម្រោងពុករលួយ​ដែល​កើត​ឡើង​ជា​យូរមក​ហើយ​ ​ទាំង​ក្នុង​និង​ទាំង​ក្រៅ។ ​ផល​ប្រយោជន៍​នៃ​យុត្តិធម៌ ​និង​សន្តិសុខជាតិ​គឺ​ជា​រឿង​សំខាន់​លើស​អ្វី​ផ្សេង​ទៀត»។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដក​ស្រង់​សម្តី​លោក​ Francis ​មក​បញ្ជាក់​ថា​ លោក​ម៉ៃខល​ វណ្ណៈខឹម​ មីសៀវីក​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់និង​ព័ត៌មាន​ពិសេស​ជាង​១០​ដង​ជា​ថ្នូរ​នឹង​លុយ​សម្រាប់ការ​ធ្វើ​ដំណើរ​ជាច្រើន​លើក​របស់​លោក។​

លោក​ ម៉ៃខល ​វណ្ណៈខឹម​ មីសៀវីក ​ឈ្មោះ​ដើម​ខឹម វណ្ណៈ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល។ ​លោក​បាន​ចាកចេញ​ពីប្រទេស​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​នៅ​ទស​វត្សរ៍​១៩៧០ ​ដោយ​ឪពុកម្តាយ​ចិញ្ចឹម​របស់​ជាមន្ត្រី​ទូត​អាមេរិកាំង​បាន​យក​មក​ស.រ.អា.​ដើម្បី​ចិញ្ជឹម​បីបាច់។​

ក្នុង​បេសក​កម្ម​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​ស.រ.អា.​និង​កម្ពុជា​ លោក​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក​ធ្លាប់​ដឹកនាំ​កប៉ាល់​ជើង​ទឹក​ស.រ.អា.​ទៅកាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១០ ​ហើយ​បាន​សម្រក់​ទឹក​ភ្នែក​ ពេលទៅ​ដល់​ស្រុក​កំណើត​ ពេល​ជួប​ជុំ​ក្រុម​គ្រួសារ​ជាលើក​ដំបូង​នោះ៕

XS
SM
MD
LG