ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​​អាមេរិក​បន្ថែម​ការ​ចោទ​ប្រកាន់​អតីត​​មេបញ្ជាការ​ជើង​ទឹក​​ស.រ.អា.​ដើម​កំណើត​ខ្មែរ

  • សុខ ខេមរា

លោក​ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael ​Vannak ​Khem ​Misiewicz) នៅ​ក្នុង​ឯកសណ្ឋាន​ជា​យោធា​ជើង​ទឹក​ស.រ.អា. ដែល​បាន​ថត​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១០។

តុលាការ​សហព័ន្ធ​អាមេរិក​មួយ​បាន​ចោទ​ប្រកាន់​បន្ថែម​លើ​មេ​បញ្ជាការ​ទាហាន​ ជើង​ទឹក​ជាន់ខ្ពស់​ស.រ.អា​.​ម្នាក់​ដែល​មាន​ដើមកំណើត​ខ្មែរ​ពីបទ​ពុករលួយ។ ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើង​ចំ​ពេល​ដែល​សហ​សេវឹក​ម្នាក់​ទៀត​ដែល​ជាប់​ចោទ​ដូចគ្នា​នេះ​ បាន​ទទួល​កំហុស។

តុលាការ​សហ​ព័ន្ធ​អាមេរិក​នៅ​ក្នុង​ទីក្រុង​សាន​ឌីយេហ្គោ​ ( San Diego)​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​បន្ថែម​បទចោទ​ប្រកាន់​លើ​មេ​បញ្ជាការ​យោធា​ជើងទឹក​ជាន់​ ខ្ពស់​ស.រ.អា​.​ម្នាក់ ​ដែល​មាន​ដើម​កំណើត​ខ្មែរ​ពី​បទ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ក្នុង​ថ្ងៃ​តែ​មួយ​ដែល​សហ​សេវឹក​របស់​លោក​ម្នាក់​ ដែល​ជាប់​ចោទ​ដូចគ្នា​នោះ បាន​ទទួល​ទោស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ដែល​វីអូអេ​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ។​

លោក​ម៉ៃខល​ វណ្ណៈខឹម​ មីសៀវីក ​(Michael ​Vannak ​Khem ​Misiewicz) ​និង​ លោក​ហូស្សេ ល្វីស សាន់ឆេ ​(Jose Luis Sanchez)​ អាយុ​៤២​ឆ្នាំ ​មេ​បញ្ជាការ​ ម្នាក់​ទៀត​ស្ថិត​នៅ​ក្នុង​បទចោទ​ប្រកាន់​ស្រដៀង​គ្នា​ថា​ បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ របស់​រដ្ឋ​ទៅ​កាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្នែក​យោធា​ចុះ​កិច្ច​សន្យា​ឈ្មោះ​ Glenn​ Defense ​Marine Asia ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សឹង្ហបូរី ​ដែល​ត្រូវ​ចោទ​ថា ​បាន​បោក​កេងបន្លំប្រាប់រាប់​លាន​ដុល្លារ​ពី​យោធា​ជើង​ទឹក​ស.រ.អា.។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​នេះ​បាន​បញ្ជាក់​តាម​ខ្លឹម​សារ​ដើម​ថា៖​

«នៅ​ថ្ងៃនេះ​ដែរ​ មេ​បញ្ជាការ​យោធា​ជើង​ទឹក​ស.រ.អា.​ ​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក​ អាយុ​៤៧​ឆ្នាំ ​ដែលត្រូវ​ចោទ​ប្រកាន់​ថា​ បាន​ផ្តល់​ព័ត៌មាន​សម្ងាត់ពី​លើក​មុន​នោះ​ ត្រូវ​ចោទ​ប្រកាន់​ដោយ​មហា​គណៈ​វិនិច្ឆ័យ​ក្នុង​តុលាការ​ភាគ​ខាង​ត្បូង​រដ្ឋកាលីហ្វ័រញ៉ា​ពី​បទល្មើស​ចំនួន​៧​ថែម​ទៀត​ទាក់ទង​នឹង​ការ​សូក​ប៉ាន់»។​

កន្លង​មក លោក​ខឹម វណ្ណៈ​មិន​បាន​ទទួល​កំហុស​ពី​ការ​ចោទ​ប្រកាន់​រាប់​បញ្ចូល​ទាំងការ​ ផ្តល់​ព័ត៌មាន​ ឯកសារ​និង​ការ​ប្រើប្រាស់​ឥទ្ធិពល​លោក​នោះ​ទេ។​ តែ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ដដែល​បាន​បញ្ជាក់​ថា ​មេបញ្ជាការ​ម្នាក់​ទៀត​ក្នុង​ក្រុម​របស់​លោក​ដែល​ជាប់​ចោទ​ពីបទ​ស្រដៀង​គ្នា​នោះ​គឺ​លោក​ហូស្សេ ល្វីស ​សាន់ឆេ​បាន​ទទួល​កំហុស ​ដោយ​សារភាព​ថា ​លោក​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​លោក​ និង​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចុះ​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល​ស.រ.អា.​នេះ​ នូវ​ព័ត៌មាន​សម្ងាត់ស្តីពី​ផ្លូវ​ចល័ត​របស់​នាវា​ទី៧​ស.រ.អា.​ក្នុង​តំបន់​អាស៊ី​ និង​ព័ត៌មាន​សម្ងាត់ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ព័ត៌មាន​ផ្ទៃ​ក្នុង​របស់​ទាហានជើង​ទឹក​ស.រ.អា​.​ ជា​ថ្នូរ​នឹង​លុយ​ ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ការ​កម្សាន្តសប្បាយ​ហើយនឹង​សេវាកម្ម​បេស្យាកម្ម​ទៀត​ផង​ ចាប់​តាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣។​ លោក​សាន់ឆែ ​ជាជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​៧​នាក់។​ ហើយ​លោក​ជាជន​ទី៥ ​ដែល​បាន​ទទួល​ទោស​កំហុស​ជាបន្ត​បន្ទាប់​ទាក់ទង​នឹង​បទ​ចោទ​របស់​តុលាការ។​

លោក​ James B. Burch ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​ការិយាល័យ​ស៊ើប​អង្កេត​ បទ​ឧក្រិដ្ឋ​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​ដែល​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ ស្ថាប័ន​២​ទៀត ​ធ្វើការ​ស៊ើប​អង្កេត​រឿង​អាស្រូវ​ដ៏​ធំ​នេះ។​ លោក​បាន​ថ្លែង​ថា​ ការ​ស៊ើប​អង្កេត​នេះ​ជា​ការ​ព្រមាន​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​លោភលន់​ និង​ធ្វើ​ឲ្យ​ខូច​ដល់​អធិបតេយ្យភាព​ស.រ.អា.។​

លោក​បាន​ថ្លែង​តាម​ប្រសាសន៍​ដើម​ថា៖​ «ជា​ថ្មី​ម្តង​ទៀត​ លទ្ធផល​ទាំង​នេះ​ ​បញ្ជូន​សារ​ឲ្យ​ដឹង​ថា​ អំពើពុករលួយ​នឹង​ត្រូវ​ស៊ើប​អង្កេត ​និង​កាត់​ទោស​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ»។

លោក​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក​ត្រូវ​គេ​ដឹង​ថា ​មក​ដល់​ពេល​នេះ​ នៅ​តែ​ជា​ជន​ គ្មាន​ទោស​នៅ​ឡើយ​ មុន​ពេល​តុលាការ​កាត់ទោស​ ដោយ​មាន​ភស្តុតាង​និង សាក្សី​នោះ។​

លោក​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក ​ឈ្មោះ​ដើម​ខឹម វណ្ណៈ​មាន​ស្រុក​កំណើត​នៅ​ ខេត្ត​កណ្តាល។​ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​នៅ​ ទស​វត្សរ៍​១៩៧០​ ដោយ​ឳពុក​ម្តាយ​ចិញ្ចឹម​របស់​លោក​ជា​មន្ត្រី​ទូត​អាមេរិកាំង​បាន​យក​មក​ស.រ.អា.​ដើម្បី​ចិញ្ចឹម​បី​បាច់។​

ក្នុង​បេសក​កម្ម​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កងទ័ព​ស.រ.អា.​និង​កម្ពុជា​ លោក​ម៉ៃខល​ វណ្ណៈខឹម ​មីសៀវីក​ធ្លាប់​ដឹកនាំ​កប៉ាល​ជើង​ទឹក​ស.រ.អា.​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០ ​ហើយ​សម្រក់​ទឹកភ្នែក​ ពេល​ទៅ​ដល់​ស្រុក​កំណើត ​ពេល​ជួបជុំ​ក្រុម​គ្រួសារ​ជា​លើក​ដំបូង​នោះ៕

XS
SM
MD
LG