ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​រង​សម្ពាធ​ឲ្យ​បញ្ឈប់​ការ​ស្ថាបនា​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

  • Simone Orendain

រូបថតឯកសារ៖ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ហ្វីលីពីន Albert del Rosario (ឆ្វេង) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក John Kerry នៅ​មុន​កិច្ច​ប្រជុំមួយ។

ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​​រំពឹង​ថា ​នឹង​លើក​ឡើង​ពី​​សកម្មភាព​របស់​​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​​អាស៊ាន (ASEAN) ធ្វើឡើង​នៅ​ប្រទេសម៉ាឡេស៊ីក្នុង​សប្តាហ៍​នេះ។

ប្រទេស​ហ្វីលីពីន​បាន​និយាយ​ថា​ ខ្លួន​នឹង​គាំទ្រ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​វិធានការ​មួយ​ចំនួន​ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ក្នុង​អំឡុង​ពេល​វេទិកាសន្តិសុខ​ក្នុង​តំបន់​មួយ​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ពុធ​នេះ។ រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ចង់​ឱ្យ​បណ្តា​ប្រទេស​បញ្ឈប់​ការ​សាង​សង់​ដែន​កោះ​សិប្បនិម្មិត​និង​ការ​យក​សកម្មភាព​យោធា។

ប្រទេស​ហ្វីលីពីន​ត្រូវ​បានរំពឹង​ថា ​នឹង​លើក​ឡើង​ពី​បញ្ហា​នៃ​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​១០​ប្រទេស​ដែលហៅ​កាត់​ថា​អាស៊ាន ASEANក្នុង​សប្តាហ៍​នេះ​។

លោក Albert del Rosario រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសប្រទេស​ហ្វីលីពីន​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ថ្លែង​ថា​ ប្រទេស​របស់​លោក​ក៏​នឹង​គាំទ្រ​ការ​អំពាវនាវ​របស់​អាមេរិក​ក្នុង​ការ​បញ្ឈប់​ការងារ​ទាំង​អស់​នៅ​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​មាន​ជម្លោះ​និង​សកម្មភាព​យោធា​ទាំង​អស់។

លោក Del Rosario បាន​និយាយ​ថា៖ «ជា​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ការ​តាន​តឹង​ក្នុង​តំបន់ ប្រទេស​ហ្វីលីពីន ​គាំទ្រ​ទាំង​ស្រុង​ហើយ​នឹង​បង្កើន​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ឈប់​បញ្ហា​៣​គឺ ​បញ្ឈប់​ការ​ចាក់ខ្សាច់​ទន្ទ្រាន​ដី (reclamation) ការ​បញ្ឈប់​ការ​សាងសង់​ ហើយ​នឹង​បញ្ឈប់​សកម្មភាព​ដ៏​គឃ្លើន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង‍»។‍

ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោក ​និយាយ​ថា ហ្វីលីពីន ​គាំទ្រ​វិធានការ​ទាំង​នោះ ​តែ​ក្នុង​ករណី​ដែល​ប្រទេស​ភាគី​ជម្លោះ​ផ្សេង​ទៀត ​រួម​ទាំងប្រទេស​ចិន​ផង ​ធ្វើ​ដូច​គ្នា។​ហើយ ​លោក ​និយាយ​ថា ​ការណ៍​នេះ មិនមែន​មាន​ន័យ​ថា ​ការ​សាង​សង់​កោះ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ​ជា​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​សហរដ្ឋ​អាមេរិកបាន​បង្កើន​ការ​ព្រួយ​បារម្ភ​ពី​គម្រោង​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រែ​ក្លាយ​ថ្ម​ប៉ប្រះ​ទឹក​និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ នៅ​ក្នុង​ប្រជុំ​កោះ Spratlys នេះ​ឲ្យ​ទៅជា​ដែន​កោះ​សិប្បនិម្មិត។

លោក Carl Baker ជា​នាយក​កម្មវិធី​«វេទិកា​ប៉ាស៊ីហ្វិក‍»នៃ​វិទ្យាស្ថានសម្រាប់​ការ​សិក្សាពី​យុទ្ធសាស្រ្ត​និង​ការ​សិក្សា​អន្តរជាតិ ឬ CSIS ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

«នេះ​ជា​គោល​ជំហរ​របស់​អាមេរិក​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ ដែល​ថា ប្រទេស​ទាំង​អស់​គួរ​តែ​បញ្ឈប់​ការ​អភិវឌ្ឍ​តំបន់​ដែល​ពួក​គេ​កាន់កាប់​។ ប៉ុ​ន្ដែ​គ្រប់​គ្នា​ដឹង​ថា​ វា​ជា​សារតម្រង់​នៅ​ប្រទេស​ចិន‍»។

ប្រទេស​ចិន​ទទូច​ថា ​វេទិកា​អាស៊ាន​មិន​គួរ​ជា​កន្លែង​សម្រាប់​លើក​ឡើង​អំពី​ជម្លោះ​ទឹកដី​ទាំង​នេះ​ទេ។

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បាន​ទាមទារស្ទើរ​តែ​ទាំង​អស់​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល​ ខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​ វៀតណាម ​ម៉ាឡេស៊ី​ ប៊្រុ​យ​ណេ​ និង​ កោះ​តៃវ៉ាន់ ​ក៏​បាន​ទាមទារ​តំបន់​ត្រួត​ស៊ីគ្នា​ខ្លះ​ដែរ​។ ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍​ ដើម្បី​ប្តឹង​អំពី​‍«ការ​ទាមទារ​ហួសហេតុ​‍» របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​នេះ​។ ប្រទេស​ចិន​បាន​បដិសេធ​រឿងក្តីនេះ​ហើយ​មិន​បាន​ត្រូវ​ចូល​រួម​ក្នុង​រឿង​ក្តី​នេះ​។

លោក Baker រំពឹង​ថា​ ​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​ និង​មិនមាន​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ចិន​ទេ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​ចិន​បាន​សាងសង់​កោះ​នោះរួច​ទៅ​ហើយ។ លោក​បាន​ព្យាករណ៍​ថា​ ការ​ប្រឈម​មុខ​ដាក់​គ្នា​នឹង​រារាំង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោក​ វ៉ាង​ យី រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​របស់​ប្រទេស​ចិន​បាន​និយាយ​សម្រាល​ការ​ព្រួយ​បារម្ភ​លើ​ការ​សាងសង់កោះ​របស់​ក្រុង​ប៉េកាំង​ ដែល​បាន​សាង​សង់​វាល​យន្តហោះ​និង​អគារ​យ៉ាង​ឆាប់​រហ័ស​ឡើង ​ នៅ​លើអ្វី​ដែល​ធ្លាប់​ជា​ទឹក​ដុំ​ថ្ម​និង​ថ្ម​ប៉ប្រះ​ទឹក​រហូត​ដល់​ពេល​នេះ ។

«នៅ​ពេល​នេះ​ស្ថានភាព​ទូទៅ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​មាន​ភាព​នឹងន និង​ប្រទេស​ចិនប្ដេជ្ញា​យ៉ាង​មោះមុត​ធ្វើ​ការ​ជាមួយ​គ្រប់​ភាគី​ក្នុង​ការ​រក្សា​ស្ថានភាព​នេះ​ ដែល​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​នោះ​ទេ។ ហើយ​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​បង្ក​អស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ»។

លោក​វ៉ាង​បាន​ស្នើ​ឲ្យ​មាន​ការដោះស្រាយ​ជម្លោះ​ជា​សន្តិវិធី​តាមរយៈ ‍«ការ​ពិគ្រោះ​យោបល់​នឹង​ការ​ចរចា‍»​ ដែល​បាន​ស្ថិត​ក្នុងអ្វី​ដែល​លោក​បាន​ហៅ​ថា ‍«ការ​ប្តេជ្ញា​ចិត្ត​ទាំង​ប្រាំ​ចំណុច» ​របស់​ប្រទេស​ចិន​ទាក់ទង​នឹងសមុទ្រ​ដែល​មាន​ជម្លោះ​នេះ៕

ប្រែ​សម្រួល​ដោយ មាន ឥស្សរាយស

XS
SM
MD
LG